លោក Maris Sangiampongsa រដ្ឋមន្រ្តីថៃ បាននិយាយនៅថ្ងៃសុក្រ(ទី១ខែវិច្ឆិកា)ថា ពលរដ្ឋថៃ៤នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរងរបួស នៅក្បែរក្រុង Metula ភាគខាងជើងប្រទេសអ៊ីស្រាអែល ដោយសារតែការបាញ់រ៉ុក្កែតពីប្រទេសលីបង់។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។
កាលពីឆ្នាំមុន ជនជាតិថៃ៤១នាក់ ស្ថិតក្នុងចំណោមមនុស្សប្រមាណ១,២០០នាក់ ដែលបានស្លាប់នៅពេលក្រុមហាម៉ាស បើកការវាយប្រហារទ្រង់ទ្រាយធំ ឆ្លងពីតំបន់ហ្កាហ្សា ចូលមកកាន់សហគមន៍ភាគខាងត្បូងអ៊ីស្រាអែល។ មិនតែប៉ុណ្ណោះ ជនជាតិថៃ៣០នាក់ ស្ថិតក្នុងចំណោមចំណាប់ខ្មាំងរាប់រយនាក់ ត្រូវបានក្រុមហាម៉ាស ចាប់យកទៅតំបន់ហ្កាហ្សា អំឡុងការវាយប្រហារ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ផងដែរ ហើយ៦នាក់កំពុងបន្តស្ថិតនៅទីនោះ។
អ៉ីស្រាអែលបានឆ្លើយតប ចំពោះការវាយប្រហាររបស់ក្រុមហាម៉ាស ហើយសង្រ្គាមសងសឹករបស់អ៊ីស្រាអែល បានបង្កការបំផ្លិចបំផ្លាញហិនហោច នៅដែនដីប៉ាឡេស្ទីនហ្កាហ្សា និងបានសម្លាប់មនុស្សរាប់ម៉ឺននាក់។ លើសពីនេះទៅទៀត អ៊ីស្រាអែល ក៏បានបើកការវាយប្រហារលើក្រុមហេសបូឡា នៅឯប្រទេសលីបង់ ផងដែរ។
គួរបញ្ជាក់ថា មុនជម្លោះផ្ទុះឡើង មានជនជាតិថៃសរុបប្រហែល ៣០,០០០នាក់ បម្រើការងារនៅក្នុងប្រទេសអ៊ីស្រាអែល ភាគច្រើន ក្នុងវិស័យកសិកម្ម ដែលប្រការនេះ បានធ្វើឱ្យពលរដ្ឋថៃក្លាយជាក្រុមធំមួយ ក្នុងចំណោមពលករចំណាកស្រុក នៅអ៊ីស្រាអែល៕