កំពង់ស្ពឺ)៖ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ មានករណីប្រទះឃើញសាកសព នៅក្នុងវត្តពុទ្រារាម ស្ថិតក្នុងភូមិក្រាំងព្នៅ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពី បណ្តាលឲ្យព្រះសង្ឃព្រះនាម គាត សម្បត្តិ ហៅទូច ព្រះជន្ម៤២ព្រះវស្សា សុគតនៅខាងមុខអាស្រម។ បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណ។
ក្រោយពីទទួលបានព័ត៌មាន ដោយអនុវត្តតាម បទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងឯកឧត្តម ឧត្តមសេនីយឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាន បាននាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រហូតកំណត់បានអត្តសញ្ញាណ ជនសង្ស័យ និងអ្នកមានការជាប់ពាក់ព័ន្ធក្នុងករណីខាងលើ។
លុះនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គិតលី អនុប្រធាននាយកដ្ឋាន បានបន្តដឹកនាំសហការដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់រួមមាន៖ ទី១៖ឈ្មោះ មោគ ម៉េង ភេទប្រុស អាយុ៤០ឆ្នាំ (ជនដៃដល់), ទី២៖ឈ្មោះ ពោន ស្រីអូន ភេទស្រី អាយុ៣៥ឆ្នាំ (ប្រពន្ធជនដៃដល់) និងទី៣៖ឈ្មោះ លន់ ស្រីនាង អាយុ៣២ឆ្នាំ (ប្អូនស្រីប្រពន្ធជនដៃដល់)។ វត្ថុតាងដកហូតបានរួមមាន ព្រះពុទ្ធបដិមា (មួយចំនួន), វត្ថុសាកសិទ្ធ (មួយចំនួន) និងស្បង់ចីវរ (កន្សែងរិតក)។
ផ្អែកតាមការបំភ្លឺរបស់លោកយាយឈ្មោះ ពោន ស្រិន (ម្តាយក្មេករបស់ជនដៃដល់) ករណីឃាតកម្មបណ្តាលឲ្យព្រះសង្ឃព្រះនាម គាត សម្បត្តិ ហៅទូច សុគតគឺកូនប្រសាររបស់ខ្លួនឈ្មោះ មោគ ម៉េង ជាអ្នកធ្វើគតព្រះសង្ឃ មូលហេតុកើតឡើងពីការប្រច័ណ្ឌ។ លោកយាយបន្ដថា បន្ទាប់ពីថ្ងៃធ្វើសកម្មភាពរួច កូនប្រសាររបស់ខ្លួនបានមកផ្ទះនៅខេត្តព្រៃវែង ដោយមុខមាត់មានសភាពស្លេកស្លាំង (ដូចមិនបានដេក)។ កាលពីពេលកន្លងមកឈ្មោះ មោគ ម៉េង បាននិយាយគំរាមទៅកាន់កូនស្រីខ្លួនឈ្មោះ ពោន ស្រីអូន ថា «បើថ្ងៃណាមួយអញឃើញច្បាស់ អញនឹងសម្លាប់ដាក់ចូលមេន (បូជា)ទាំង២ហើយ»។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី៕