អ្នករកស៊ីគក់ជេម៉ូតូ នៅឃ្លាំងរំសេវពីរនាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីប្រើស្លាកលេខក្លែងក្លាយ!

(ភ្នំពេញ)៖ ជនសង្ស័យចំនួន២នាក់ ជាអ្នករកស៊ីគក់ជេម៉ូតូនៅម្ដុំផ្សារឃ្លាំងរំសេវ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកធ្វើការឃាត់ខ្លួន បន្ទាប់ពីព្យាយាមជិះម៉ូតូប្រដេញចាប់ម៉ូយ និងប្រើប្រាស់ស្លាកលេខម៉ូតូក្លែងក្លាយ។

តាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១០ និង៣០នាទីព្រឹក កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក កំពុងជិះល្បាតក្នុងមូលដ្ឋានក៏ប្រទះឃើញជនសង្ស័យ២នាក់ នៅចំណុចបណ្តោយផ្លូវលេខ១៦០ ក្រុមទី១៧ ភូមិ០៧ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីពេញ គួរអោយសង្ស័យក៏ឃាត់សួរនាំ និងឆែកឆេរទើបដឹងថា ម៉ូតូកំពុងជិះនេះប្រើប្រាស់ស្លាកលេខក្លែងក្លាយទើបឃាត់ខ្លួនមកកាន់អធិការដ្ឋាននរគបាលខណ្ឌទួលគោកដើម្បីសួរនាំ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន ១-ឈ្មោះ ផល សៀន ហៅ សៀន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ហៅម៉ូយលក់ម៉ូតូ និងបញ្ចាំម៉ូតូ ស្នាក់នៅផ្ទះពុំចាំលេខ ផ្លូវបេតុង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ២-ឈ្មោះ ស មុន្នី ហៅ មុន្នី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ហៅម៉ូយលក់ម៉ូតូ និងបញ្ចាំម៉ូតូ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ឃុំត្រាចទង ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ដកហូតបានម៉ូតូចំនួន២គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *