កូនដំរី១ក្បាល ត្រូវបានសង្គ្រោះដោយជោគជ័យ ក្នុងដែនជម្រកសត្វព្រៃកែវសីមា!

(មណ្ឌលគិរី)៖ កូនដំរីព្រៃ១ក្បាលត្រូវបានប្រទះឃើញនៅព្រៃជិតចំការរបស់ប្រជាសហគមន៍ ដែលមានទីតាំងស្ថិតនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ តាមរយៈព័ត៌មានដែលទទួលបានពីប្រជាសហគមន៍នៅទីនោះបានឱ្យដឹងថា កូនដំរីនេះត្រូវបានប្រទះឃើញនៅដាច់ពីហ្វូងប្រហែលជិត២សប្តាហ៍មកហើយគិតត្រឹមថ្ងៃដែលត្រូវបានជួយសង្គ្រោះនាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ក្រោយទទួលបានដំណឹង ក្រុមការងារអង្គការសមាគមអភិរក្សសត្វព្រៃ WCS Cambodia បានចុះទៅពិនិត្យ និងតាមដានស្ថានភាពកូនដំរីព្រៃ១ក្បាលនេះ។ ដោយកូនដំរីមានស្ថានភាពស្គមស្គាំង និងបាក់ទឹកដោះ ក្រុមការងារអង្គការWCS បានសហការជាមួយក្រុមការងារអង្គការ WWF, WA ក្នុងការផ្តល់ចំណីទឹកដោះគោនិងអាហារគ្រប់គ្រាន់ ដើម្បីអាចអោយកូនដំរីនេះមានកម្លាំងឡើងវិញ ។
តាមរយៈការសង្កេតដោយក្រុមការងារជំនាញ កូនដំរីនេះមានអាយុប្រហែល២ឆ្នាំ និងទម្ងន់ប្រមាណ៣០០ គីឡូ ក្រាម ដែលជាវ័យដែលត្រូវទទួលបានការបំបៅ និងបណ្តើរដោយមេវា។ ប៉ុន្តែវាជាករណីដែលកម្រដែលកូនដំរីនេះត្រូវបានទុកឱ្យនៅតែឯង។ តែទោះជាយ៉ាងណាក៏ដោយ ក្រុមការងារបានបន្តរង់ចាំពិនិត្យមើលពីចម្ងាយ ក្រែងមានហ្វូងដំរីមករកកូនដំរីនេះវិញ។ ក្រោយរង់ចាំអស់រយៈពេល៤ថ្ងៃ រួចមក ក្រុមការងារពាក់ព័ន្ធបានពិភាក្សា និងសម្រេចថាមិនអាចបន្តទុកកូនដំរីនេះឱ្យនៅតែឯងដោយមិនមានមេនៅជិតបន្តទៀតបានទេ។ ហេតុដូចនេះ ក្រុមការងារស្រាវជ្រាវជីវចម្រុះនៃអង្គការសមាគមអភិរក្សសត្វព្រៃ WCS Cambodia បានទាក់ទងទៅក្រុមការងារសង្គ្រោះសត្វព្រៃនៃមជ្ឃមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដើម្បីធ្វើការសង្គ្រោះកូនដំរីនេះ និងបញ្ជូនទៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅភ្នំពេញដើម្បីបំប៉ន និងមើលថែរក្សា៕

Leave a Reply

Your email address will not be published. Required fields are marked *