Update៖ លោក ត្រាំ ប្រកាសថា រូបលោកនឹងបិទបញ្ចប់សង្រ្គាមនានាជុំវិញពិភពលោក!

អំឡុងសុន្ទរកថាប្រកាសជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីទី ៤៧របស់អាមេរិក បេក្ខជនបក្សសាធាណរដ្ឋគឺលោក ដូណាល់ ត្រាំ បានអះអាងថារូបលោកនឹងមិនចាប់ផ្តើមសង្រ្គាមឡើយប៉ុន្តែផ្ទុយទៅវិញរូបលោកនឹងបិទបញ្ចប់សង្រ្គាមនានា។ យោងតាមការចេញផ្សាយដោយ Sky News នៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។

លោក ដូណាល់ ត្រាំ បានលើកឡើងថា អំឡុងអាណត្តិកាន់អំណាចរយៈពេល៤ឆ្នាំដំបូង បស់លោក គឺមិនមានសង្រ្គាមអ្វីឡើយ ហើយមិនតែប៉ុណ្ណោះ ក្រុមភេរវករអន្តរជាតិ ISIS ថែមទាំងត្រូវបានកម្ទាត់ចោលទៀតផង។

លោក ត្រាំ បានបន្តថាមនុស្សមួយចំនួនបានចោទប្រកាន់ថា ប្រសិនបើជាប់ឆ្នោតជាថ្មីលោកនឹងបង្កឱ្យមានសង្រ្គាមប៉ុន្តែផ្ទុយទៅវិញរូបលោកនឹងបិទបញ្ចប់សង្រ្គាមនានា។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ធ្លាប់ធ្វើជាប្រធានាធិបតីអាមេរិកបានមួយអាណត្តិកាលពីចន្លោះឆ្នាំ២០១៧ ដល់ឆ្នាំ២០២១។ សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤នេះលោកត្រូវបានប្រព័ន្ធផ្សព្វផ្សាយអាមេរិក Fox News ប្រកាសថា ជាអ្នកទទួលជ័យជម្នះដោយផ្តួលគូប្រជែងរបស់លោកគឺ អនុប្រធានាធិបតីអាមេរិកបច្ចុប្បន្ន លោកស្រី កាម៉ាឡា ហារីស។

ការបោះឆ្នោតនៅអាមេរិកធ្វើឡើង ក្នុងបរិបទដែលពិភពលោក កំពុងប្រឈមនឹងសង្រ្គាមធំៗពីរ នោះគឺសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហាម៉ាសប៉ាឡេស្ទីន និងក្រុមហេសបូឡាលីបង់ នៅឯតំបន់មជ្ឈិមបូព៌ាព្រមទាំងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែន។នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahuនិងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គីក៏បានចូលរួមជាមួយបណ្តាមេដឹកនាំពិភពលោកជាច្រើនផ្សេងទៀតក្នុងការអបអរសាទរជ័យជម្នះ របស់លោក ត្រាំ ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *