យន្ដហោះចម្បាំងអាមេរិក F-15 ជាច្រើនគ្រឿង បានធ្វើដំណើរទៅដល់តំបន់មជ្ឈិមបូព៌ាហើយ កាលពីព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានប្រកាសពីការដាក់ពង្រាយ កម្លាំងយោធាបន្ថែមទៅកាន់តំបន់នេះ ជាសារព្រមានទៅកាន់អ៊ីរ៉ង់។
ប្រភពពីសារព័ត៌មាន AFP។
អាមេរិកបានប្រកាសកាលពីថ្ងៃទី១ ខែវិច្ឆិកាថាខ្លួនកំពុងបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែក យន្ដហោះចម្បាំង យន្ដហោះចាក់សាំង និងប្រព័ន្ធខែលប្រឆាំងមីស៊ីល និងនាវាពិឃាដបន្ថែមទៅកាន់ តំបន់មជ្ឈិមបូព៌ា។ ប្រសិនបើអ៊ីរ៉ង់ និងបក្ខពួក ឬក្រុម proxies របស់ពួកគេ ឆ្លៀតឱកាសនេះដើម្បីវាយប្រហារលើកងទ័ពអាមេរិក ឬផលប្រយោជន៍របស់អាមេរិកនៅក្នុងតំបន់ នោះអាមេរិកនឹង ចាត់វិធានការចាំបាច់នានាដើម្បីការពារមនុស្សរបស់យើង។ នេះបើតាមអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Pat Ryder ដោយមិនបានបញ្ជាក់ពីចំនួនយន្ដហោះចម្បាំង F-15 ដែលទៅដល់មជ្ឈិមបូព៌ា នោះទេ។
គួរជម្រាបថា អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៦ ខែតុលា ដោយកំណត់គោលដៅលើទីតាំងយោធាមួយចំនួន និងបានសម្លាប់ទាហានអ៊ីរ៉ង់៤នាក់។ ការវាយប្រហារនេះអ៊ីស្រាអែលអះអាងថាជាការសងសឹកទៅលើអ៊ីរ៉ង់ សម្រាប់ការបាញ់មីស៊ីលបាលិស្ទីគលើអ៊ីស្រាអែល កាលពីថ្ងៃទី១ ខែតុលា៕