ប្រសាសន៍សម្តេចធិបតី ក្នុងឱកាសសម្ពោធវិថីតេជោសន្តិភាពឆ្នេរអង្កោល នៅខេត្តកែប!

(កែប)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធវិថីតេជោសន្តិភាពឆ្នេរអង្កោល ប្រវែងជាង ១២គីឡូម៉ែត្រ នៅខេត្តកែប។

ក្នុងឱកាសនោះ សម្ដេចធិបតី បានចូលរួមអបអរសាទរសមិទ្ធផលថ្មីរបស់ប្រជាពលរដ្ឋនៅក្រុងកែប និងប្រជាជនទាំងអស់ សមិទ្ធផលថ្មីដែលសម្ពោធថ្ងៃនេះ ជាសរសៃឈាមតភ្ជាប់វិស័យទេសចរណ៍ និងអាចជិះកង់ពីភ្នំពេញមកខេត្តកែប តាមតំបន់ឆ្នេរសមុទ្រ។

សម្ដេចធិបតី រយៈពេលជិត ១៥ ខែនៃការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ រដ្ឋាភិបាលសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងនោះមានដូចជាសម្ពោធផ្លូវថ្មីៗ ស្ពាន ព្រែកជីកហ្វូណនតេជោ ពង្រីក និងរៀបចំប្រព័ន្ធភ័ស្តុភារកម្មនៅកំពង់ផែព្រះសីហនុជាដើម។

សម្ដេចធិបតី ប្រកាសទទួលយកគំនិតទស្សនៈដែលកើតចេញពីការវិភាគបែបវិទ្យាសាស្ត្រ ដោយមានការប្រមូលទិន្នន័យតាមបែបវិទ្យាសាស្ត្រច្បាស់លាស់ ដើម្បីបញ្ជៀសការយល់ច្រឡំ ឬភាពអយុត្តិធម៌ណាមួយទៅលើស្ថាប័ន ឬ បុគ្គលជាអ្នកទទួលខុសត្រូវលើការ ងារណាមួយ។

សម្ដេចមហាបវរធិបតី បានផ្ដាំទៅអ្នកវិភាគនៅក្រៅប្រទេស គឺលោក ជេម សុខ សូមកុំវិភាគតាមបែបស៊ីអារម្មណ៍។ សម្ដេច ជំរុញដល់លោក ជេម សុខ សូមវិភាគលើបញ្ហាណាមួយតាមបែបវិទ្យាសាស្ត្រ។
សម្ដេចធិបតីក៏បានប្រកាសអញ្ជើញលោក ជេម សុខ ឱ្យមកមើលស្ថានភាពនៅកម្ពុជាជាក់ស្ដែង និងជួបជាមួយរដ្ឋមន្ត្រី ឬថ្នាក់ដឹកនាំនៅតាមស្ថាប័ននានា ហើយអនុញ្ញាតឱ្យផ្សាយផ្ទាល់ (Live) នៅអំឡុងពេលជួបសួរនាំរដ្ឋមន្ត្រី ឬ ថ្នាក់ដឹកនាំ ដែលទទួលខុសត្រូវនៅតាមស្ថាប័នទាំងនោះផងដែរ។

សម្ដេចធិបតី បានប្រកាសថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានជួយដល់ការអភិវឌ្ឍវិស័យសំខាន់ៗជាច្រើននៅកម្ពុជា។

សម្ដេចធិបតី ការរីកចម្រើននៅកម្ពុជាជាបន្តបន្ទាប់ គឺកើតចេញពីកត្តាចម្បងទី១ គឺសុខសន្តិភាព ស្ថិរភាព ហេតុនេះយើងត្រូវតែការពារសុខសន្តិភាពឱ្យខាងតែបាន ដើម្បីសុបិនល្អទាំងអស់គ្នា។
សម្ដចធិបតី កត្តាសំខាន់ៗដែលធ្វើឲ្យខេត្តកែបមានការរីកចម្រើន គឺកត្តាសន្តិភាព តំបន់កែប កាលពីមុនគឺជាតំបន់សង្គ្រាមជាតំបន់អថេរភាព ដូច្នេះដើម្បីឲ្យយើងមានសុបិន្តល្អ យើងត្រូវការពារសន្តិភាពឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ ។

សម្ដេចធិបតី បានថ្លែងថា នៅប៉ុន្មានខែចុងក្រោយនេះ ដោយសារតែមានមន្ត្រី និងសកម្មជនសំខាន់ៗរបស់ក្រុមប្រឆាំងនៅក្រៅប្រទេសជាច្រើន បានសុំចុះចូលមករួមរស់ជាមួ យនឹងគណបក្សប្រជាជនកម្ពុជា យើងសង្កេតឃើញថា ក្រុមប្រឆាំងនៅក្រៅប្រទេសបានបង្កើតចលនាថ្មីៗជាបន្តបន្ទាប់ រហូតដល់មានបង្កើតជានាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលស្រមោល ដែលមានតែម្នាក់ឯងថែមទៀត។ សម្ដេចធិបតីលើកជាចម្ងល់ថា ក្រុមប្រឆាំងបង្កើតចលនាថ្មីៗនេះក្នុងគោលបំណងអ្វី ឬ មួយដើម្បីតែបោកប្រាស់ពលរដ្ឋមួយចំនួនតូច និងដើម្បីប្រមូលថវិកា បម្រើប្រយោជន៍ផ្ទាល់ខ្លួន?

សម្ដេចធិបតី ប្ដេជ្ញាការពារសុខសន្តិភាព សេចក្ដីសុខសាន្តរបស់ប្រជាពលរដ្ឋ ថែរក្សា​ថេរភាព​នយោបាយមិនឱ្យមនុស្សមួយចំនួនតូច មកបំផ្លាញសន្តិភាពនៅកម្ពុជា ធ្វើសកម្មភាពខុសច្បាប់ ហិង្សានៅក្នុងប្រទេសកម្ពុជានោះឡើយ។

សម្ដេចធិបតី ប្រទេសណាក៏មានវិធានការផ្លូវច្បាប់ចំពោះអ្នកដែលមានចេតនាបង្កចលាចល និងផ្សព្វផ្សាយព័ត៌មានមិនពិតដែរ ឧទាហរណ៍ដូចជានៅចក្រភពអង់គ្លេសជាដើម។

សម្ដេចធិបតី បានប្រកាសជាសាធារណៈថា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលគេស្គាល់ជាទូទៅថា សាលាតិចណូនោះ មិនមានការលក់ដូរទៅឱ្យនរណា ដូចការផ្សាយរបស់ VOD នោះទេ។
សម្ដេចធិបតី បញ្ជាក់បន្ថែមថា ការបង្កើតសាខាសាលាតិចណូនៅតាមបណ្ដោយមហាវិថី ឈ្នះ ឈ្នះ នោះ គឺដោយសារចំនួននិស្សិតដែលចូលសិក្សានៅសាលានោះកើនឡើងច្រើន។

សម្ដេចធិបតី កត្តាចម្បងទី២ ដែលធ្វើឱ្យកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់ នោះគឺការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។
សម្ដេចធិបតី រាជរដ្ឋាភិបាលនៅអាណត្តិទី៧ នេះ គឺជំរុញការកសាងផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទៅកាន់តំបន់នានាឱ្យបានកាន់តែច្រើន ដើម្បីពលរដ្ឋងាយនៅក្នុងការធ្វើដំណើរ និងបានឆាប់ទៅដល់គោលដៅ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងទេសចរណ៍ រៀបចំបង្កើតផលិតផលទេសចរណ៍ថ្មីៗ កញ្ចប់ទេសចរណ៍ និងបង្កើតកម្មវិធីព្រឹត្តិការណ៍ឲ្យបានច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនា នៅក្នុងតំបន់របស់ខ្លួន។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាដល់ថ្នាក់ដឹកនាំនៅតាមស្ថាប័ននានា រួមទាំងអាជ្ញាធររាជធានី ខេត្ត ត្រូវចាត់វិធានការបំភ្លឺភ្លាមៗ ក្នុងករណីកើតមាននូវបញ្ហាណាមួយទោះតូចក្ដី ធំក្ដី ពិតក្ដី ឬ មិនពិតក្ដី ដែលកើតមាននៅតាមស្ថាប័ន និងអាជ្ញាធររាជធានី ខេត្ត គឺត្រូវបំភ្លឺជូន សាធារណជនភ្លាមៗ ដើម្បីពន្លត់ករណីនោះ បញ្ចប់ករណីនោះឱ្យបានលឿន ជៀសវាងការយល់ច្រឡំ ណាមួយ ដែលបង្កផលប៉ះពាល់ដល់សាធារណជន ពិសេសទេសចរ៕

Leave a Reply

Your email address will not be published. Required fields are marked *