ក្មេងៗនាំគ្នាទៅលេងទឹក បណ្តាលឱ្យលង់ស្លាប់៣នាក់នៅស្រុកបសេដ្ឋ!

(កំពង់ស្ពឺ)៖ ក្មេងប្រុសចំនួន៣នាក់បានលង់ទឹកស្លាប់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ឪពុកម្ដាយនិងសមត្ថកិច្ច។ខណៈដែលជិះកង់ឌុបគ្នាទៅច្រូតស្មៅ ប៉ុន្តែបែរជានាំគ្នាទៅលេងទឹកនៅទំនប់មួយកន្លែងក្រោយភូមិ។

ករណីក្មេងលង់ទឹកបានកើតឡើង នៅម្តុំទំនប់ទឹកស្ថិតក្នុងភូមិតាតូវ ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺកាលពីល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។
មន្ត្រីនគរបាលស្រុកបសេដ្ឋបានឱ្យដឹងថា ក្មេងៗដែលស្លាប់ចំនួន៣នាក់នោះទី១-ឈ្មោះ លី ផានុអាយុ១៤ឆ្នាំទី២-ឈ្មោះ លី សុខហេងអាយុ១០ឆ្នាំទាំង២នាក់នេះជាបងប្អូនបង្កើត រស់នៅភូមិឃុំកើតហេតុ និងទី៣.ឈ្មោះ ឈឿង វាយុអាយុ១១ឆ្នាំជាបងប្អូនជីដូនមួយនឹងគ្នា រស់នៅភូមិកើតហេតុខាងលើ។
មន្រ្តីនគរបាលស្រុកបសេដ្ឋបានបញ្ជាក់ថា៖មុនពេលកើតហេតុ ក្មេងៗរងគ្រោះបាននាំគ្នាជិះកង់១គ្រឿងឌុបគ្នាទៅច្រូតស្មៅស្រែក្រោមទំនប់កើតហេតុខាងលើ។ លុះដល់ម៉ោង៥និង៣០នាទីល្ងាច ឈ្មោះ ឈិត សុភ័ក្ត្រ ភេទប្រុស អាយុ៤២ឆ្នាំ (ជាឪពុកសពក្មេង)បានចេញពីធ្វើការងាររោងចក្រមកដល់ផ្ទះពុំឃើញកូនៗក៏សង្ស័យបាននាំគ្នាដើររក។ លុះទៅដល់ចំណុចទំនប់ក៏បានឃើញកង់និងស្បែកជើងលើខ្នងទំនប់ក៏បានចុះរាវក្នុងទឹកក៏ប្រទះឃើញសពក្មេងប្រុសឈ្មោះ លី ផានុ(ជាកូនបង្កើត) រួចក៏បន្តរាវរកឃើញសពក្មេងប្រុសរងគ្រោះឈ្មោះ លី សុខហេង(កូនប្រុស) និង សពក្មេងឈ្មោះ ឈឿង (ជាក្មួយ) ។ប៉ុន្តែជាអកុសលក្មេងៗទាំង០៣នាក់បានស្លាប់ទាំងអស់។
មន្ត្រីនគរបាលបន្តថា ក្រោយពេលទទួលបានព័ត៌មានខាងលើកម្លាំងជំនាញពិនិត្យវិភាគនៅកន្លែងកើតហេតុ។ ក្រោយពេលពិនិត្យសពក្មេងប្រុសរងគ្រោះរួច បានប្រគល់សព ជូនក្រុមគ្រួសារ សាច់ញាតិ ចាត់ចែងធ្វើបុណ្យ៕

Leave a Reply

Your email address will not be published. Required fields are marked *