លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក កាលពីថ្ងៃអង្គារ (ទី១២ ខែវិច្ឆិកា) បាននិយាយថា រូបលោកបានសម្រេចចិត្តជ្រើសរើស លោក Mike Waltz ឱ្យកាន់តួនាទីជាទីប្រឹក្សាសន្តិសុខជាតិ ក្នុងរដ្ឋបាលរបស់លោក ក្រោយពេលស្បថចូលកាន់តំណែងជាផ្លូវការ នៅដើមឆ្នាំ២០២៥។
ប្រភពពីសារព័ត៌មាន AFP នាថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក ត្រាំ បាននិយាយថា សមាជិកសភាបក្សសាធារណរដ្ឋរូបនេះ គឺជាមេដឹកនាំមួយរូប ដែលមានការទទួលស្គាល់យ៉ាងទូលំទូលាយ ក្នុងបញ្ហាសន្តិសុខជាតិនិងជាអ្នកជំនាញម្នាក់ពាក់ព័ន្ធការគំរាមកំហែងដែលបង្កឡើងដោយ ចិន រុស្ស៉ី អ៉ីរ៉ង់ ក៏ដូចជាអំពើភេរវកម្មអន្តរជាតិ។ លោក Waltz ធ្លាប់បានអះអាងជាសាធារណៈថាចិនគឺជាការគំរាមកំហែងដ៏ធំបំផុតមួយ ចំពោះសហរដ្ឋអាមេរិក។
ជាមួយគ្នានេះដែរ លោក Waltz មានការយល់ឃើញថា គោលនយោបាយរបស់រដ្ឋបាលអាមេរិកបច្ចុប្បន្ន នៃការបន្តជួយគាំទ្រឥតឈប់ឈរដល់អ៊ុយក្រែន ក្នុងសង្រ្គាមជាមួយរុស្ស៉ី គឺចាំបាច់ត្រូវតែបញ្ចប់។
សូមជម្រាបថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក គឺជាតំណែងដ៏សំខាន់និងមានឥទ្ធិពល៕