Update៖ អ៊ីរ៉ង់ គាំទ្រលីបង់ ក្នុងកិច្ចចរចារបទឈប់បាញ់ជាមួយអ៊ីស្រាអែល!

មន្រ្តីអ៊ីរ៉ង់ បាននិយាយថា អ៊ីរ៉ង់គាំទ្រការសម្រេចណាមួយដែលធ្វើឡើងដោយលីបង់ ក្នុងកិច្ចពិភាក្សាដើម្បីទទួលបានបទឈប់បាញ់ជាមួយអ៊ីស្រាអែល ដែលជាសញ្ញាបង្ហាញថាទីក្រុងតេហេរ៉ង់ ក៏ចង់ឃើញការបញ្ចប់សង្រ្គាមលេីក្រុមហេសបូឡា ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤។
អ្នកនយោបាយជាន់ខ្ពស់ពីររូបរបស់លីបង់ បានប្រាប់ Reuters ថាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំលីបង់ បានបង្ហាញសេចក្តីព្រាងបទឈប់បាញ់មួយទៅកាន់ប្រធានសភានៃប្រទេសលីបង់ លោក Nabih Berri ក្នុងសប្តាហ៍នេះ ហេីយលោក Berri ដែលគាំទ្រដោយក្រុមហេសបូឡា បានជួបមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ លោក Ali Larijani នៅថ្ងៃសុក្រ។ ក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងបេរូត លោក Larijani គូសបញ្ជាក់ថា  «យើងកំពុងស្វែងរកដំណោះស្រាយបញ្ហា។ យេីងគាំទ្រគ្រប់កាលៈទេសៈទាំងអស់ចំពោះរដ្ឋាភិបាលលីបង់។ អ្នកដែលរំខានគឺ អ៉ីស្រាអែលទៅវិញទេ»។
កាសែត Washington Post បានរាយការណ៍ថា លោក Netanyahu កំពុងប្រញាប់ប្រញាល់ឆ្ពោះទៅរកបទឈប់បាញ់នៅលីបង់ ក្នុងបំណងបេីកផ្លូវមួយទៅឱ្យសម្ព័ន្ធមិត្តរបស់លោក គឺប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ ជុំវិញការដោះស្រាយបញ្ហាសង្រ្គាម។ អ្នកការទូតម្នាក់បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា នៅត្រូវការពេលវេលាបន្ថែមទៀតដើម្បីទទួលបានបទឈប់បាញ់មួយ ប៉ុន្តែសង្ឃឹមថាវាអាចសម្រេចបាន៕

Leave a Reply

Your email address will not be published. Required fields are marked *