ចាប់ខ្លួន ក្រុមបងធំរហស្សនាមដើមពោធិ៍(DP)ក្រោយដេញកាប់យុវជន២នាក់!

(ភ្នំពេញ)៖ ក្រុមបងធំរហស្សនាមដើមពោធិ៍ ហៅកាត់ជាអក្សរអង់គ្លេស(DP)ដែល កន្លង មកតែងតែបង្កហិង្សាទៅលើអ្នកដទៃជាញឹកញាប់នោះស្រាប់តែនៅយប់ថ្ងៃបុណ្យអុំទូកថ្ងៃបង្ហើយបាននាំគ្នាជិះម៉ូតូច្រើនគ្រឿងដេញ កាប់ទៅលើយុវជន២នាក់ដែលកំពុងជិះម៉ូតូ ១ គ្រឿងឌុបគ្នាតាមផ្លូវពេលនោះបានធ្វើឲ្យ ជន រង គ្រោះភ័យហើយជិះម៉ូតូរត់ជ្រុលទៅបុក បង្គោលភ្លើងបណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ហើយក្រុមបងធំខាងលើនោះបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោលអស់ ។

បន្ទាប់មកកម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញសហការជាមួយ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវរហូតវេលាម៉ោងប្រមាណ៤ល្ងាចថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២៤ទើបឈានដល់ការចាប់ខ្លួនក្រុមបងធំនោះបានចំនួន១៥នាក់នៅក្នុងភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបង្ហើបប្រាប់ឲ្យដឹងថាក្រុមបងធំ ដែលតែងបង្កអសន្តិសុខប្រើហិង្សាលើ អ្នក ដទៃខាងលើនោះត្រូវឃាត់បានចំនួន១៥នាក់ក្នុងនោះស្រីម្នាក់និងដកហូតបាន ម៉ូតូ ០៨ គ្រឿង ហើយនៅពុំទាន់ត្រូវបានស្គាល់អត្តសញ្ញាណនោះទេព្រោះទើបតែឃាត់ខ្លួន បាននៅពុំទាន់បានសាកសួរនៅឡើយ ប៉ុន្តែក្រុមនេះមានរហស្សនាមថាដើមពោធិ៍ និងហៅកាត់ជាអក្សរអង់គ្លេសថា(DP)ដែលមានមេក្រុមម្នាក់ឈ្មោះហៅក្រៅថា អាម៉ាប់មានទីលំនៅជិតខ្លោងទ្វារវត្តគោកបញ្ជាន់សង្កាត់ចោមចៅទី២ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចដដែល បានប្រាប់ឲ្យដឹងបន្តទៀត ថាអំពើហិង្សាដែលបណ្ដាលឲ្យមានអ្នកស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់នោះបាន កើតឡើង កាលពីវេលាម៉ោង១១ និង៥០នាទីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ត្រូវនិងយប់ថ្ងៃបុណ្យអុំទូកបង្ហើយ ស្ថិតនៅក្នុងភូមិចំការឪឡឹកទី១សង្កាត់កាកាបទី១ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។ដោយនៅវេលាយប់នោះក្រុមបងធំដើមពោធិ៍នេះបានជិះម៉ូតូច្រើនគ្រឿង ដេញកាប់ទៅលើយុវជន២នាក់ដែលកំពុងជិះម៉ូតូម៉ាកHonda Zoomer-X ១ គ្រឿងហើយដោយភ័យពេកជនរងគ្រោះ បានជិះម៉ូតូរត់ជ្រុលទៅបុកបង្គោលភ្លើងបណ្ដាលស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់តែម្ដង។

សមត្ថកិច្ចខាងលើ បានប្រាប់បន្ថែមថាក្រោយបង្កឲ្យជនរងគ្រោះស្លាប់និងរបួសរួចក្រុមបងធំទាំងនោះបាននាំគ្នាជិះ ម៉ូតូគេចខ្លួនបាត់ស្រមោលអស់ហើយកម្លាំង នគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយកម្លាំង នគរបាល ខណ្ឌពោធិ៍សែនជ័យចុះទៅធ្វើការស្រាវជ្រាវភ្លាមៗ។ក្រោយមកក៏កំណត់បានមុខសញ្ញាក្រុមជនដៃដល់បានគឺក្រុមបងធំដើមពោធិ៍ DP)នេះទើបឈានដល់ការឡោមព័ទ្ធឃាត់ខ្លួន ជាបន្តបន្ទាប់តែម្ដងរួចបញ្ជូនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕

Leave a Reply

Your email address will not be published. Required fields are marked *