Update៖ អាមេរិក ហ្វីលីពីន ចុះកិច្ចព្រមព្រៀងក្នុងការចែករំលែកព័ត៌មានសម្ងាត់យោធា!

កាលពីថ្ងៃចន្ទ(ទី១៨ខែវិច្ឆិកា)នេះ ប្រមុខការពារជាតិនៃអាមេរិកនិងហ្វីលីពីន បានចុះកិច្ចព្រមព្រៀងមួយស្តីពីការចែករំលែកព័ត៌មាន ក៏ដូចជាបច្ចេកវិទ្យាសម្ងាត់យោធា ស្របពេលដែលសម្ព័ន្ធមិត្តទាំងពីរ កំពុងព្យាយាមធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៉ីជម្រៅខ្លាំងថែមទៀតដើម្បីទប់ទល់ឥទ្ធិពលរបស់ចិននៅក្នុងតំបន់។
ប្រភពពីសារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin បានចុះកិច្ចព្រមព្រៀងខាងលើ ជាមួយសមភាគីហ្វីលីពីន លោក Gilberto Teodoro អំឡុងកិច្ចចាប់ផ្តើមការបំពេញទស្សនកិច្ច នៅទីក្រុងម៉ានីល ដែលរួមមានទាំងជំនួបជាមួយ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos។ ប្រមុខការពារជាតិទាំងពីរ មិនបានថ្លែងការណ៍អ្វីឡើយ ក្នុងពិធីចុះកិច្ចព្រមព្រៀងនោះ ប៉ុន្តែក្រសួងការពារជាតិហ្វីលីពីន បាននិយាយថា វាគឺជាជំហានដ៏សំខាន់មួយ ដើម្បីពង្រឹងការចែករំលែកព័ត៌មាន ហើយជួយធ្វើឱ្យ សមត្ថភាពធ្វើប្រតិបត្តិការរួមគ្នា រវាងហ្វីលីពីននិងអាមេរិក កាន់តែស៉ីជម្រៅ។
គួររំលឹកថា ការចុះកិច្ចព្រមព្រៀងខាងលើ គឺចំពេលដែលរដ្ឋាភិបាលរបស់លោក Marcos បាននិងកំពុងតតាំងប្រឆាំងចិន ជុំវិញបញ្ហាជម្លោះទឹកដី នៅឯតំបន់សមុទ្រចិនខាងត្បូង ជាទីដែលទីក្រុងម៉ានីល និងប៉េកាំង បានជួបហេតុការណ៍ប្រឈមមុខ ដាក់គ្នាជាច្រើនលើក រហូតដល់ថ្នាក់បង្កឱ្យមាននាវិករងរបួស និងកប៉ាល់រងការខូចខាត ហើយស្របពេលដែលលោក ដូណាល់ ត្រាំ ត្រៀមត្រឡប់មកក្លាយជាប្រធានាធិបតីអាមេរិកសាជាថ្មី៕

Leave a Reply

Your email address will not be published. Required fields are marked *