លោក Andrzej Duda ប្រធានាធិបតីប៉ូឡូញ នៅថ្ងៃចន្ទ(ទី១៨ខែវិច្ឆិកា)នេះ បានសម្តែងការគាំទ្រចំពោះការសម្រេចចិត្តរបស់អាមេរិក ក្នុងការអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធដែលផលិតដោយអាមេរិក ដើម្បីវាយប្រហារទៅក្នុងទឹកដីរុស្ស៊ី ដោយលោកចាត់ទុកថា នេះជាការសម្រេចចិត្តដ៏សំខាន់មួយដែលអាចផ្លាស់ប្តូរស្ថានការណ៍នៃសង្រ្គាម។
ប្រភពពីសារព័ត៌មាន Reuters។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Duda បានលើកឡើងដូច្នេះថា «ការសម្រេចចិត្តរបស់អាមេរិកក្នុងការអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធ វាយប្រហារទៅក្នុងទឹកដីរុស្ស៊ី គឺជាការសម្រេចចិត្តដ៏សំខាន់និងចាំបាច់»។ លោកបន្តថា ការសម្រេចចិត្តនេះនឹងធ្វើឱ្យរុស្ស៊ីយល់ពីការគាំទ្រដ៏រឹងមាំរបស់លោកខាងលិចចំពោះអ៊ុយក្រែន និងបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការជួយអ៊ុយក្រែន។
ក្នុងពេលជាមួយគ្នានេះ លោក Duda ក៏បានរិះគន់អាល្លឺម៉ង់ចំពោះការមិនគាំទ្រការសម្រេចចិត្តនេះ និងចំពោះការស្វែងរកកិច្ចព្រមព្រៀងជាមួយរុស្ស៊ី។ លោកថែមទាំងបានរិះគន់ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ចំពោះការទូរស័ព្ទទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីសប្តាហ៍មុនផងដែរ។
«អាល្លឺម៉ង់អាចកំពុងស្វែងរកឱកាស…ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយចំនួនជាមួយរុស្ស៊ី ដើម្បីត្រលប់ទៅកិច្ចព្រមព្រៀងថាមពល និងដើម្បីអាចទិញធនធានថាមពលពីប្រទេសរុស្ស៊ីម្តងទៀត…រុស្ស៊ីកំពុងវាយលុកអ៊ុយក្រែនយ៉ាងព្រៃផ្សៃ ហើយមេដឹកនាំនៃពិភពសេរី…កំពុងពិភាក្សាជាមួយអ្នកឈ្លានពាន។ ខ្ញុំជឿយ៉ាងមុតមាំថាវាជា កំហុស លើ មុខមាត់ នយោបាយ អន្តរជាតិ»។ នេះជាសម្រង់សម្តីរបស់លោក Duda ដែលបានរិះគន់ អធិការបតីអាល្លឺម៉ង់។
នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ក៏បានរិះគន់លោក Scholz ផងដែរ ដោយនិយាយថា «គ្មាននរណាម្នាក់នឹងបញ្ឈប់លោក Putin ដោយការហៅទូរស័ព្ទនោះទេ»។
គួរបញ្ជាក់ថា ការរិះគន់ទាំងនេះបានបង្ហាញពីភាពខ្វែងគំនិត រវាងប្រទេសលោកខាងលិច ចំពោះវិធីសាស្រ្តក្នុងការដោះស្រាយជម្លោះអ៊ុយក្រែន-រុស្ស៊ី៕