Update៖ អភិបាលខេត្តតាកែវ ប្រកាសថ្កោលទោសម្ចាស់គ្លីនិក”សុងហាក់ ម៉ារីណា”

(តាកែវ)៖ ក្រោយល្បីរឿងម្ចាស់”មន្ទីរសំរាកព្យាបាល និងសម្ភព សុងហាក់ ម៉ារីណា”ចាក់ថ្នាំបណ្ដាលឱ្យស្ដ្រីម្នាក់ស្លាប់ រួចដឹកសាកសពនាង រួមនិងក្មេងស្រីអាយុ៣ឆ្នាំ ទៅផ្លុងចោលនោះមក..។

ស្រាប់តែលោក វី សំណាង អភិបាលខេត្តតាកែវ ប្រកាសថ្កោលទោសចំពោះទង្វើដ៏អមនុស្ស ធម៌ ដោយមិនគោរពក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ ជាពិសេសច្បាប់ និងលិខិតបទដ្ឋាននានា នៃព្រះរាជាណា ចក្រកម្ពុជា។
លោក វី សំណាង បានលើកឡើងយ៉ាងដូច្នេះថា(បន្ទាប់ពីទទួលបានព័ត៌មានករណីមរណភាពស្ត្រីឈ្មោះ ណាំ ចន្ទ ដែលរស់នៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ រដ្ឋបាលខេត្ត និង ក្នុងនាមខ្លួនខ្ញុំផ្ទាល់ បានចាត់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ស្នងការដ្ឋាននគរបាលខេត្ត និង រដ្ឋបាលស្រុកបាទី ដើម្បីចាត់តាំងមន្ត្រីជំនាញ និង មន្ត្រីពាក់ព័ន្ធដើម្បីចុះ ពិនិត្យស្រាវជ្រាវ និង បានចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់។

ពាក់ព័ន្ធករណីនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ បានបិទគ្លីនិកឈ្មោះ សុងហាក់ ម៉ារីណា ដោយ មិនឱ្យធ្វើអាជីវកម្ម និងសកម្មភាពជាបន្តឡើយ។ ទន្ទឹមនេះ សមត្ថកិច្ចជំនាញក៏បានឃាត់ខ្លួនម្ចាស់គ្លីនិកទាំងពីរ នាក់ប្តី ប្រពន្ធ ដើម្បីយកមកសួរនាំ និង អនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។

ក្នុងនាមថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្តតាកែវ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមថ្កោលទោសចំពោះទង្វើដ៏អមនុស្ស ធម៌ ដោយមិនគោរពក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ ជាពិសេសច្បាប់ និងលិខិតបទដ្ឋាននានា នៃព្រះរាជាណា ចក្រកម្ពុជា។
ជាមួយគ្នានេះ ក៏សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមឈឺឆ្អាល ចំពោះអំពើដ៏អមនុស្សធម៌នេះ ក្នុងការពង្រឹងនិងការពារសុខភាពសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អ ប្រសើរ។

ជាថ្មីម្តងទៀត ក្នុងនាមថ្នាក់ដឹកនាំខេត្ត និង ក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និង សោកស្តាយជាទីបំផុតជាមួយគ្រួសារនៃសព និងសូមវិញ្ញាណក្ខន្ធនៃសពបានទៅកាន់សុគតិភពកុំបីឃ្លៀង ឃ្លាតឡើយ។

សូមជម្រាបថា កាលពីថ្ងៃទី១៩.១១.២០២៤ សមត្ថកិច្ចនគរបាលស្រុកបាទី ខេត្តតាកែវ បានឃាត់ខ្លួន(ប្ដីប្រពន្ធ)ម្ចាស់”មន្ទីរសម្រាកព្យាបាល និងសម្ភព សុងហាក់ ម៉ារីណា”ដែលមានទីតាំង នៅភូមិបឹងពញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។
ក្រោយព្យាបាល និងចាក់ថ្នាំស្ដ្រីជាអ្នកជំងឺម្នាក់ បណ្ដាលឱ្យប្រតិកម្មស្លាប់ រួចដឹកសាកសពនាង រួមនិងក្មួយស្រីអាយុ៣ឆ្នាំ ទៅផ្លុងចោលត្រង់ចំណុចចិញ្ចើមផ្លូវ១កន្លែង ក្នុងភូមិម្រះព្រៅ​កេីត​ ឃុំចំបក់​ ស្រុកបាទី​ ខេត្តតាកែវ និងបង្កការភ្ញាក់ផ្អើល កាលពីព្រឹកទី១៩.១១.២០២៤។
-ស្ដ្រីរងគ្រោះឈ្មោះ ណាំ ចន្ធូ អាយុ ៤១ឆ្នាំ នៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ(ស្លាប់)។
រីឯកុមារីរងគ្រោះ អាយុ៣ឆ្នាំត្រូវជាក្មួយរបស់ស្ដ្រីរងគ្រោះ។

បើតាមសេចក្ដីរាយការណ៍បានឱ្យដឹងថា ដើមចមដំបូង នៅល្ងាចទី១៨.១១.២០២៤ ឈ្មោះ ណាំ ចន្ធូ បានចូលពិគ្រោះជំងឺ នៅគ្លីនិកនៅ”មន្ទីរសម្រាកព្យាបាល និងសម្ភព សុងហាក់ ម៉ារីណា”ត្រង់ចំណុចខាងលើ..!។
ក្នុងនោះគ្រូពេទ្យ ក៏បានពិនិត្យវិនិច្ឆ័យរោគ រួចចាក់ថ្នាំ.ស្រាប់តែអ្នកជំងឺឈ្មោះ ណាំ ចន្ធូ ប្រតិកម្មធ្វើទុក្ខខ្លាំង រហូតដាច់ខ្យល់ស្លាប់តែម្ដង។
ឃើញបែបនេះ ម្ចាស់គ្លីនិក ហាក់ភ័យស្លន់ស្លោ និងបានយកម៉ូតូរបស់ជនរងគ្រោះទៅផ្លុងចោល ដោយថែមទាំងដឹកសាកសពរងគ្រោះ រួមនិងក្មេងស្រីរបស់ជនរងគ្រោះ មកផ្លុងចោល ត្រង់ចំណុចខាងលើទៀតផង។

មិនតែប៉ុណ្ណោះ ក្មេងស្រីរងគ្រោះ ហាក់បាត់បង់ស្មារតី សង្ស័យត្រូវថ្នាំសណ្ដំឱ្យវង្វេង.ទាំងដែលរូបនាង ត្រូវគេផ្លុងចោល ឱ្យដេកជាមួយសាកសពម្ដាយធំរយៈពេល១យប់ហើយនោះ!។

លុះដល់ព្រឹកទី១៩.១១.២០២៤ ទើបអ្នកហាត់ប្រាណ ប្រទះឃើញសាកសពរងគ្រោះ រួមនិងក្មេងស្រី បង្កការភ្ញាក់ផ្អើល រហូតឈានដល់ចាប់ខ្លួន(ប្ដីប្រពន្ធ)ម្ចាស់គ្លីនិកខាងលើតែម្ដងទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *