រដ្ឋសភាផ្តល់សេចក្តីទុកចិត្តឱ្យឯកឧត្តម ប្រាក់ សុខុន ធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេស!

(ភ្នំពេញ)៖ នៅថ្ងៃពុធ(ទី២០ខែវិច្ឆិកា) រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យ ឯកឧត្តម ប្រាក់ សុខុន ធ្វើជាជារដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំសម័យប្រជុំពេញអង្គលើរបៀបវារៈចំនួន៤។ ក្នុងចំណោមរបៀបវារៈទាំង៤ មានរបៀបវារៈមួយ គឺសំណើកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ដោយស្នើផ្លាស់ប្តូរ រដ្ឋមន្រ្តី ក្រសួង ការបរទេស និងសហប្រតិការអន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន ជំនួស ឯកឧត្តម សុខ ចិន្តាសោភា។

ក្នុងសម័យប្រជុំដែលមានការចូលរួមពីសមាជិក-សមាជិកាចូលរួមសរុប១១២រូប បានសម្រេចបោះឆ្នោតដោយសំឡេង១១២/១១២សំឡេងគាំទ្រឱ្យ ឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិការអន្តរជាតិ។ ក្នុងនោះ ក៏មានវត្តមានអញ្ជើញចូលរួមពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

សូមជម្រាបថា មុនពេលរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនឯកឧត្តម ប្រាក់ សុខុន មកកាន់តំណែងជារដ្ឋមន្រ្តីក្រសួងកាបរទេសវិញ ឯកឧត្តម បានចូលកាន់តំណែងជាអនុប្រធានទី១ ព្រឹទ្ធសភា បានរយៈពេលជាង៧ខែ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ធ្លាប់កាន់តំណែងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិការអន្តរជាតិ ចាប់ពីឆ្នាំ២០១៦ រហូតដល់ដំណាច់ឆ្នាំ២០២៣ ដោយបន្សល់ទុកនូវស្នាដៃ និងផ្លែផ្កាជាច្រើនក្នុងវិស័យការទូតទាំងក្នុងតំបន់ និងអន្តរជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *