Update៖ ប៉ូលិសថៃ បើកការស៉ើបអង្កេតក្រោយប្រទះឃើញសាកសពចំនួន៤១នាក់ក្នុងវត្តអារាម!

ប៉ូលិសបានឱ្យដឹងថា ទីវត្តអារាមមួយក្នុងប្រទេសថៃកំពុងស្ថិតក្រោមការស៉ើបអង្កេតបន្ទាប់ពីអាជ្ញាធររកឃើញ សាកសពមនុស្ស ៤១នាក់ ដែលត្រូវបានគេចោទប្រកាន់ថា ប្រើប្រាស់សម្រាប់ការធ្វើសមាធិ។
ប្រភពពីសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤។

មន្រ្តីប៉ូលិសជាន់ខ្ពស់ម្នាក់ប្រាប់ AFP ដោយមិនបញ្ចេញឈ្មោះថាសាកសពមនុស្សចំនួន៤១នាក់ត្រូវបានរកឃើញ នៅ វត្ត Pa Nakhon Chaibovorn ក្នុង ខេត្ត Phichit កាលពីថ្ងៃសៅរ៍កន្លងទៅ។សាកសពទាំងនោះមានភ្ជាប់ជាមួយលិខិតបញ្ជាក់មរណភាពនិងការបរិច្ចាគ។ ពេលនេះប៉ូលិស កំពុងស្រាវជ្រាវរកសាច់ញាតិដើម្បីបញ្ជាក់ថានេះជាការបរិច្ចាគដោយឆន្ទៈ និងគ្មានករណីលួចយកសាកសព។
ព្រះមេគុណខេត្ត Phichit ព្រះគ្រូ Saifon Phandito បានប្រាប់ទូរទស្សន៍ Thai PBS ថា ការប្រើប្រាស់សាកសព គឺជាផ្នែកមួយនៃ «បច្ចេកទេសសមាធិ» ដែលព្រះអង្គបង្កើតឡើង។ អ្នកមករៀនភាគច្រើនគឺជាអាចារ្យនិងព្រះសង្ឃ។ អ្នកមករៀនត្រូវសមាធិក្នុងពន្លាដែលដាក់មឈូសជាមួយនិងសពនៅក្នុងនោះ។
បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ថៃការចុះស្រាវជ្រាវនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីប៉ូលិសរកឃើញ សាកសពមនុស្ស ១២នាក់ នៅវត្តមួយផ្សេងទៀត ក្នុងខេត្ត Kamphaeng Phet ដែលនៅជាប់នឹងខេត្ត Phichit នេះកាលពីថ្ងៃពុធ។ ប៉ូលិសខេត្ត Phichit ថាកំពុងធ្វើការជាមួយអាជ្ញាធរខេត្តផ្សេងទៀតដើម្បីស៉ើបអង្កេតថាតើការអនុវត្តនេះរីកសាយភាយដល់កម្រិតណា៕

Leave a Reply

Your email address will not be published. Required fields are marked *