Update៖ មេដឹកនាំអ៊ីរ៉ង់ និយាយាថាគួរតែផ្តន្ទាទោសប្រហារជីវិតលើមេដឹកនាំអ៊ីស្រាអែលតែម្តងទៅ!

កាលពីថ្ងៃចន្ទ (ទី២៥ ខែវិច្ឆិកា) មេដឹកនាំកំពូលប្រទេសអ៊ីរ៉ង់លោក Ayatollah Ali Khamenei ដែលជាខ្នងបង្អែក របស់ក្រុមហាម៉ាសប៉ាឡេស្ទីន និងក្រុមហេសបូឡាលីបង់ ដែលកំពុងស្ថិតក្នុងសង្រ្គាមជាមួយអ៊ីស្រាអែល នៅឯតំបន់ហ្កាហ្សានិងប្រទេសលីបង់នោះ បាននិយាយថាគួរតែមានការផ្តន្ទាទោសប្រហារជីវិតតែម្តងលើមេដឹកនាំអ៊ីស្រាអែលមិនមែនត្រឹមដីកាចាប់ខ្លួនឡើយ។

ប្រភពពីព័ត៌មាន Reuters។

លោក Ali Khamenei បានលើកឡើងដូចខាងលើក្នុងការអត្ថាធិប្បាយមួយពាក់ព័ន្ធការសម្រេចចិត្តរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដែលបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនប្រឆាំងនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu និងអតីតរដ្ឋមន្រ្តីការពារជាតិរបស់លោក គឺលោក Yoav Gallant ព្រមទាំងមេដឹកនាំហាម៉ាសម្នាក់ គឺលោក Ibrahim Al-Masri។ ដោយសំដៅលើមេដឹកនាំអ៉ីស្រាអែល លោក Ali Khamenei បាននិយាយដូច្នេះថាពួកគេបានចេញដីកាចាប់ខ្លួន ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ទេ។ ការផ្តន្ទាទោសប្រហារជីវិតតែម្តង ទើបស័ក្តិសម សម្រាប់មេដឹកនាំឧក្រិដ្ឋជនទាំងនេះ។
គួរបញ្ជាក់ថា ការសម្រេចចិត្តចេញដីកាចាប់ខ្លួន របស់តុលាការព្រហ្មទណ្ឌអន្តរជាតិ បានទទួលរងការរិះគន់ធ្ងន់ៗពីអ៊ីស្រាអែល ខណៈប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា បានបង្ហាញក្តីសង្ឃឹមថាវាអាចនឹងជួយបញ្ចប់អំពើហិង្សា ហើយនាំខ្លួនជនដែល ប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម ទៅទទួលទោសតាមផ្លូវច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *