សមត្ថកិច្ចស្រុកបាទី ឃាត់ខ្លួនជនជាតិតៃវ៉ាន់ម្នាក់ក្រោយបាញ់បោះសេរីជាង៧០គ្រាប់!

(តាកែវ)៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកបាទី បានចុះទៅឃាត់ខ្លួនបុរសជនជាតិចិនតៃវ៉ាន់ម្នាក់ ក្រោយធ្វើសកម្មភាពបាញ់បោះសេរីឡើងទៅលើមេឃទាំងកណ្ដាលអធ្រាត្រប្រមាណជា ៧១គ្រាប់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋាននាំគ្នាចុះអន្តរាគមន៍នាំខ្លួនជនដៃដល់យកទៅសាកសួរនិងបន្តស្រាវជ្រាវរកប្រភពអាវុធនោះ ដេីម្បីចាត់ការតាមច្បាប់។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចវាលស្រែភូមិកណ្តាល ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។
ជនសង្ស័យ ឈ្មោះ CAI JIA YOU ជនជាតិចិនតៃវ៉ាន់អាយុ ២០ឆ្នាំ បានប្រើប្រាស់កាំភ្លើងខ្លី ម៉ាក Sig Sauer។

តាមលោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានឱ្យដឹងថា ជនជាតិចិនតៃវ៉ាន់រូបនេះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន និងកំពុងសួរនាំនៅអធិការដ្ឋាននគរបាលស្រុកបាទី។ លោកអភិបាលខេត្តរូបនេះ បានបញ្ជាក់ទៀតថា ករណីលួចបាញ់បាន។ ប៉ុន្តែគុកនៅរង់ចាំជានិច្ច ដោយគ្មានជនណាអាចប្រព្រឹត្តបទល្មើស ហើយរួចខ្លួនពីសំណាញ់ច្បាប់នោះបានឡើយ។
គួរបញ្ជាក់ថា ចំពោះមូលហេតុ នៃការបាញ់បោះសេរីនេះ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ។ បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធីហើយបន្តការស្រសវជ្រាវរកប្រភាពកាំភ្លងនោះ៕

Leave a Reply

Your email address will not be published. Required fields are marked *