កាលពីថ្ងៃសៅរ៍(ទី២៨ខែធ្នូ) លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានទូរស័ព្ទជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev អំពីការធ្លាក់យន្តហោះ Azerbaijan Airlinesនៅប្រទេសកាហ្សាក់ស្ថាន ហើយបានធ្វើការសុំទោស និងចូលរួមរំលែកទុក្ខ។
ប្រភពពីសារព័ត៌មានAnadolu។
វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “លោកវ្ល៉ាឌីមៀ ពូទីន បានសុំទោសចំពោះឧប្បត្តិហេតុសោកនាដកម្មដែលបានកើតឡើងនៅក្នុងដែនអាកាសរុស្ស៊ី ហើយជាថ្មីម្តងទៀតបានសម្តែងការរំលែកទុក្ខយ៉ាងជ្រាលជ្រៅ និងដោយស្មោះចំពោះក្រុមគ្រួសារនៃជនរងគ្រោះ និងសូមជូនពរឱ្យអ្នករបួសឆាប់ជាសះស្បើយ”។
មុនពេលធ្លាក់យន្តហោះដឹកអ្នកដំណើរ Azerbaijani បានព្យាយាមចុះចតនៅទីក្រុង Grozny នៃសាធារណរដ្ឋ Chechen របស់រុស្ស៊ី នៅពេលដែលប្រព័ន្ធការពារដែនអាកាសរុស្ស៊ីកំពុងឆ្លើយតបយ៉ាងសកម្មចំពោះការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន។
លោក ពូទីន បានប្រាប់ លោក Aliyev ថាគណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបានផ្តួចផ្តើមសំណុំរឿងមួយនៅក្រោមមាត្រា 263 នៃក្រមព្រហ្មទណ្ឌ ដែលគ្របដណ្តប់ការរំលោភលើសុវត្ថិភាពចរាចរណ៍ផ្លូវអាកាស និងច្បាប់ប្រតិបត្តិការ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា “សកម្មភាពស៊ើបអង្កេតបឋមកំពុងដំណើរការ ដោយមានអ្នកឯកទេសខាងស៊ីវិល និងយោធាកំពុងពិគ្រោះ”។
គួរជម្រាបថា កាលពីថ្ងៃពុធ ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Azerbaijan Airlines ពីរដ្ឋធានី Baku របស់ប្រទេស Azerbaijan ទៅកាន់ Grozny បានធ្លាក់នៅជិតទីក្រុង Aktau ប្រទេសកាហ្សាក់ស្ថាន ដោយបានសម្លាប់មនុស្ស 38 នាក់ និងបន្សល់ទុកអ្នកនៅរស់រានមានជីវិត 29 នាក់ក្នុងចំណោម 67 នាក់នៅលើយន្តហោះ។
អ្នកតំណាងពីរនាក់មកពីការិយាល័យអគ្គព្រះរាជអាជ្ញារបស់ប្រទេស Azerbaijan បច្ចុប្បន្នកំពុងស្ថិតនៅក្នុងទីក្រុង Grozny សហការជាមួយមន្ត្រីរុស្ស៊ីមកពីការិយាល័យអគ្គព្រះរាជអាជ្ញា និងគណៈកម្មាធិការស៊ើបអង្កេត។
សេវាកម្មជាច្រើនមកពីប្រទេសរុស្ស៊ី អាស៊ែបៃហ្សង់ និងកាហ្សាក់ស្ថាន កំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធនៅកន្លែងធ្លាក់នៅជិត Aktau ដើម្បីគ្រប់គ្រងផលវិបាកនៃគ្រោះមហន្តរាយនេះ។
ដោយឡែក សេវាសារព័ត៌មានរបស់ប្រធានាធិបតី Azerbaijani បានបញ្ជាក់ថា លោក Putin បានទូរស័ព្ទទៅ Aliyev ដើម្បីសម្តែងការសុំទោសចំពោះឧប្បត្តិហេតុសោកនាដកម្មនេះ៕