ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ស្នើឲ្យក្រុមគ្រួសារនីមួយៗ គោរពច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយគ្រោះថ្នាក់!

(កំពង់ចាម)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានសំណូមពរដល់ក្រុមគ្រួសារនីមួយៗត្រូវជួយដាស់តឿនសមាជិករបស់ខ្លួនទៅវិញទៅមកឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ ពិសេសមុនធ្វើដំណើរចាកចេញពីលំនៅដ្ឋាន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ដរបស់រដ្ឋាភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន យល់ឃើញថា ករណីគ្រោះថ្នាក់ចរារណ៍ គឺជាករណីដែលអាចបង្ការបានប្រសិនបើបុគ្គលម្នាក់ៗ មានស្មារតីចូលរួមគោរពច្បាប់ ព្រោះនេះមិនមែនជាហេតុការណ៍ប្រធានស័ក្ដិ ឬកម្មពារដែលមិនអាចជៀសមិនផុតនោះឡើយ។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានថ្លែងយ៉ាងដូច្នេះថា «មុនចេញពីផ្ទះត្រូវជួយដាស់តឿនគ្នា ប្រយ័ត្នប្រយែងគ្រោះថ្នាក់ចរាចរណ៍ កុំបើកលឿនពេក ពាក់ខ្សែក្រវាត់ ពាក់មួកសុវត្ថិភាព។ ខ្ញុំចង់បានមួយម៉ាត់នៅក្នុងគ្រួសារមួយៗ មុនចេញដំណើរទៅណាមកណា។ បើមានការរំលឹកបែបនេះ ខ្ញុំជឿជាក់ថាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ ព្រោះគ្រោះថ្នាក់ចរាចរណ៍នេះ មិនមែនប្រធានស័ក្ដិ ឬកម្មពារជៀសមិនរួចឡើយ»។

ក្នុងន័យនេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូន, ស្នងការនគរបាលខេត្ត និងគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម ត្រូវលើកគោលការណ៍មួយជាក់លាក់ ផែនការសកម្មភាពជាក់ស្ដែងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវបង្កើនការផ្សព្វផ្សាយអប់រំនៅតាមសាលារៀន តាមវត្តអារាមជាដើម ដើម្បីបញ្ជ្រាបការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក។

លោកសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី ក៏បានសម្ដែងនូវការសោកស្ដាយ និងអណោចអធម៌ជាពក់ពេកចំពោះក្រុមគ្រួសារដែលជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រហូតបាត់បង់សមាជិកគ្រួសារ ដូច្នេះករណីគ្រោះថ្នាក់ចរាចរណ៍គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែខិតខំរួមគ្នាដើម្បីបង្ការ ទប់ស្កាត់កុំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ គឺផ្ដើមចេញពីបុគ្គលម្នាក់ៗ។ លោកថា «យើងស្រលាញ់ជីវិត ស្រលាញ់ទ្រព្យសម្បត្តិ ស្រលាញ់ធនធាន ត្រូវតែរួមគ្នាការពារ»។

សូមជម្រាបថា ផ្អែកតាមតួលេខដែលបង្ហាញដោយក្រសួងសាធារណការ និងដឹកជញ្ជូន ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២៤ មានចំនួន២,៨៤៤លើក ដែលបានបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន១,៥០៩នាក់។ ចំនួននេះបានថយចុះ១៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ជាមធ្យមគ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស៤នាក់ក្នុងមួយថ្ងៃ ហើយគ្រោះថ្នាក់ភាគច្រើនដោយសារកត្តាល្បឿន និងការមិនគោរពសិទ្ធិ៕

Leave a Reply

Your email address will not be published. Required fields are marked *