Update៖ ក្រុមមេដឹកនាំជាច្រើនលើពិភពលោក បានសារទរចំពោះបទឈប់បាញ់នៅហ្កាហ្សា!

ក្រុមអ្នកសម្របសម្រួលកាតាបានប្រកាសថា អ៊ីស្រាអែល និងក្រុមហាម៉ាស់ ឈានដល់កិច្ចព្រមព្រៀងបញ្ឈប់សង្គ្រាមនៅហ្កាហ្សា និងដោះដូរអ្នកទោសអ៊ីស្រាអែលសម្រាប់អ្នកទោសប៉ាឡេស្ទីនដែលឃុំខ្លួននៅក្នុងពន្ធនាគារអ៊ីស្រាអែល ហើយបទឈប់បាញ់នឹងចូលជាធរមាននៅថ្ងៃអាទិត្យទី១៩ខែមករាសប្ដាហ៍នេះ។ក្រុមមេដឹកនាំជាច្រើនលើពិភពលោកបង្ហាញការពេញចិត្តចំពោះបទឈប់បាញ់នេះ។

លោកប្រធានាធិបតី Biden បាននិយាយនៅឯសេតវិមានថា ការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សានឹងបញ្ឈប់ ហើយឆាប់ៗនេះ ចំណាប់ខ្មាំងនឹងបានវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។

ចំណែកប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោកDonald Trumpបានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមTruth Social របស់លោកថាយើងមានកិច្ចព្រមព្រៀងមួយសម្រាប់ចំណាប់ខ្មាំងនៅមជ្ឈិមបូព៌ាហើយ ។ពួកគេនឹងត្រូវបានដោះលែងក្នុងពេលឆាប់ៗនេះ។
ជាមួយគ្នានោះលោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានប្រាប់អ្នកសារព័ត៌មានថា អង្គការសហប្រជាជាតិបានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រកិច្ចព្រមព្រៀងនេះ និងបង្កើនការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយនិរន្តរភាពដល់ប្រជាជនប៉ាឡេស្ទីនរាប់មិនអស់ដែលបន្តរងទុក្ខ ។

រដ្ឋមន្ត្រីការបរទេសទួរគី បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងអង់ការ៉ាថា កិច្ចព្រមព្រៀងបទឈប់បាញ់គឺជាជំហានដ៏សំខាន់មួយសម្រាប់ស្ថិរភាពក្នុងតំបន់។កិច្ចខិតខំប្រឹងប្រែងរបស់ទួរគីសម្រាប់ដំណោះស្រាយរដ្ឋពីរចំពោះជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីននឹងបន្ត។
ប្រធានាធិបតីអេហ្ស៊ីបបានប្រកាសនៅលើបណ្ដាញសង្គមXថាលោកស្វាគមន៍កិច្ចព្រមព្រៀងបទឈប់បាញ់ហ្កាហ្សាហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្តល់ជំនួយមនុស្សធម៌យ៉ាងឆាប់រហ័សទៅកាន់តំបន់នេះ។
លោកស្រី Ursula Von der Leyen ប្រធានគណៈកម្មការសហភាពអឺរ៉ុប ស្វាគមន៍យ៉ាងកក់ក្តៅចំពោះព័ត៌មាននៃកិច្ចព្រមព្រៀងឈប់បាញ់ ហើយថាហើយចំណាប់ខ្មាំងនឹងត្រូវបានជួបជុំជាមួយមនុស្សជាទីស្រឡាញ់របស់ពួកគេវិញ រីឯជំនួយមនុស្សធម៌នឹងអាចទៅដល់ជនស៊ីវិលនៅហ្កាហ្សា៕

Leave a Reply

Your email address will not be published. Required fields are marked *