(តាកែវ)៖ លោក សុខ សង្ហា នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ត្រូវសាលាដំបូងខេត្តតាកែវ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ជាបណ្ដោះអាសន្ន ពីបទ”ស៊ីសំណូក និងរំលោភអំណាច”។
-នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់សាលាដំបូងខេត្តតាកែវ នៅថ្ងៃទី២០.០១.២០២៥។
ក្នុងនោះ សាលាដំបូងខេត្តតាកែវ បានបញ្ជាក់ថា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ សាលាដំបូងខេត្តតាកែវ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ០៧៩ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ដែលមានជនត្រូវចោទចំនួន ០២នាក់៖ ១.ឈ្មោះ សុខ សង្ហា ភេទ ប្រុស អាយុ ៣៨ឆ្នាំ ជានាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តតាកែវ (មានខ្លួន) ត្រូវបានចោទប្រកាន់ពីបទ ស៊ីសំណូក និងរំលោភអំណាច ប្រព្រឹត្តនៅចំណុចភូមិសាស្ត្រខេត្តតាកែវ កាលពីអំឡុងឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាម បញ្ញត្តិមាត្រា ៥៩៤ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២, មាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ២.ឈ្មោះ សុខ គា ហៅ សេង សុខគា ភេទប្រុស អាយុ ៣៦ឆ្នាំ (កំពុងជាប់ឃុំខ្លួននៅក្នុងពន្ធនាគារខេត្ត កណ្តាល) ត្រូវបានចោទប្រកាន់ពីបទ សូកប៉ាន់ ប្រព្រឹត្តនៅចំណុចភូមិសាស្ត្រខេត្តតាកែវ កាលពីអំឡុងឆ្នាំ ២០២៣ រហូតដល់ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។
បន្ទាប់ពីបានពិនិត្យទៅលើឯកសារ និងភស្តុតាងនានាដែលមាននៅក្នុងសំណុំរឿង ចៅក្រមស៊ើប សួរនៃសាលាដំបូងខេត្តតាកែវ បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នទៅលើជនត្រូវចោទឈ្មោះ សុខ សង្ហា ភេទប្រុស អាយុ ៣៨ឆ្នាំ (មានខ្លួន) នៅពន្ធនាគារខេត្តតាកែវ ដើម្បីបន្តកិច្ចស៊ើបសួរតាមនីតិវិធីច្បាប់៕