លោក ដួង អក្ខរា ប្រធានសមាគមសហគ្រិនសារព័ត៌មានដើម្បីការអភិវឌ្ឍន៍ ចេញលិខិតសុំទោសសម្ដេចធិបតី!

(ភ្នំពេញ)៖ ក្រោយយក(វីដេអូ)នៃអំពើហិង្សាពីបរទេស ដែលគ្មានប្រភពច្បាស់លាស់ មកធ្វើការផ្សព្វផ្សាយ និងត្រូវបានឃាត់ខ្លួន ។

ពេលនេះលោក ដួង អក្ខរា ប្រធានសមាគមសហគ្រិនសារព័ត៌មានដើម្បីការអភិវឌ្ឍន៍ និងជាចាងហ្វាងសារព័ត៌មានS.A TVHD បានចេញលិខិតទទួលស្គាល់កំហុស និងសុំទោសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃក្រកម្ពុជា..។
-នេះបើយោងតាមលិខិតសុំទោស របស់លោក ដួង អក្ខរា នៅថ្ងៃទី២៣.០១.២០២៥។

-ក្នុងលិខិតនោះលោក ដួង អក្ខរា បានសុំទោស និងគោរពជូន
សម្តេចធិបតី ហ៊ុន ម៉ាណែត ថាសម្ដេចជាទីគោរពដ៏ខ្ពង់ខ្ពង់់បំផុត!
ខ្ញុំបាទឈ្មោះ ដួង អក្ខរា ជាប្រធានសមាគមសហគ្រិនសារពត៌មានដើម្បីការអភិវឌ្ឍន៍ និងជាចាងហ្វាងនៃអង្គភាពសារពត៌មាន អេស អេ ធីវី អ៊េចឌី អនឡាញ ពិតជាមានការសោកស្តាយជាពន់ពេក ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត នៅលើគណនីហ្វេកហ៊ុកផេកឈ្មោះ (គេហទំព័រ S.A TVHD ) និងគណនីតេឡាក្រាមឈ្មោះ ( S.A TVHD CHANNEL) ក្រោមចំណងជើងថា«ឧក្រិដ្ឋជនកំពុងធ្វើទារុណកម្មមនុស្សយ៉ាងព្រៃផ្សែក្នុងភូមិកន្ទុយទឹក សង្កាត់ទៀន ក្រុងភ្នំពេញ តើឲ្យសង្ឃឹមអាជ្ញាធរខណ្ឌដង្កោ គឺដូចសង្ឃឹមផ្កាយលើមេឃអីចឹង» ដោយខ្ញុំបាទបានផ្សាយព័ត៌មាន គ្មានប្រភពច្បាស់លាស់ ដែលបង្កឲ្យមានការភ័ន្តច្រឡំ ដោយទទួលបានពីជនអនាមិក ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកិត្តិយសរបស់រាជរដ្ឋាភិបាលក៏ដូចជាប្រទេសជាតិទាំងមូល។

ក្នុងពេលនេះខ្ញុំបាទ បានដឹងកំហុស ហើយសូមលំឱនកាយលើកម្រាមដៃដប់ ដើម្បីសុំទោសជាសាធារណៈ និងជាពិសេសដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះកំហុសដោយ អចេតនារបស់ខ្ញុំបាទ។
ខ្ញុំបាទសូមសន្យាថា នឹងឈប់ផ្សព្វផ្សាយនូវព័ត៌មានមិនពិត ដែលធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិ ជាពិសេសបានបង្កឲ្យមានការយល់ច្រឡំពីសាធារណៈជនទូទៅ ខ្ញុំបាទបានលុបចោលនូវវីដេអូ ដែលបានផ្សាយចេញកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅលើគណនីហ្វេកហ៊ុកផេកឈ្មោះ (គេហទំព័រ S.A TVHD ) និងគណនីតេឡាក្រាមឈ្មោះ(S.A TVHD CHANNEL) ចោលទាំងស្រុងរួចហើយ។
ខ្ញុំបាទសង្ឃឹមថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិតជាមានក្តីមេត្តាផ្តល់ភាព សណ្តោសអភ័យ និងព្រមទទួលយកនូវការសូមអភ័យទោស អំពីខ្ញុំបាទ។
សូម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ។

សូមជម្រាបថា លោក ដួង អក្ខរា ចាងហ្វាងសារព័ត៌មាន(S.A TVHD)និងលោក ឡាយ សុជាតិ ចាងហ្វាងសារព័ត៌មាន(ខេមបូឌាស្តាដេលីញូវស៍)ត្រូវសមត្ថកិច្ចនគរបាលស្នងការរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីល្ងាចទី២១.០១.២០២៥ រួចបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវីធី។
បន្ទាប់ពីពួកគាត់យក(វីដេអូ)នៃអំពើហិង្សាធ្វើទារុណកម្មពីបរទេស ដែលគ្មានប្រភពច្បាស់លាស់ មកធ្វើការផ្សព្វផ្សាយថា កើតហេតុនៅខណ្ឌដង្កោរ រាជធានីភ្នំពេញ៕

Leave a Reply

Your email address will not be published. Required fields are marked *