ក្រសួងហិរញ្ញវត្ថុប្រទេសចិនកាលពីថ្ងៃអង្គារ(ទី៤ខែកុម្ភៈ) បានប្រកាសយកពន្ធ១០ភាគរយ លើផលិតផលជាច្រើនរបស់សហរដ្ឋអាមេរិក ឆ្លើយតបនឹងការប្រកាសយកពន្ធរបស់លោក ត្រាំ។
ប្រភពពីសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥។
ចិន បានដាក់ការយកពន្ធ១០ភាគរយ លើប្រេងឆៅ, ផលិតផលកសិកម្ម, យានយន្តខ្នាតធំ និងរថយន្តដឹកទំនិញ និង១៥ភាគរយ លើធ្យូងថ្ម និងឧស្ម័ន (LNG) របស់សហរដ្ឋអាមេរិក។ ការយកពន្ធនេះ នឹងមានប្រសិទ្ធភាព នៅថ្ងៃទី១០ ខែកុម្ភៈខាងមុខ។
ការប្រកាសដាក់យកពន្ធរបស់ចិននេះ បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានដាក់ការយកពន្ធ១០ភាគរយ លើការនាំចូលរបស់ចិន ដែលមានប្រសិទ្ធភាពនៅថ្ងៃអង្គារនេះ, ជាការប្រឈមនឹងសង្គ្រាមពាណិជ្ជកម្មជាថ្មី រវាងមហាអំណាចសេដ្ឋកិច្ចទាំងពីររបស់ពិភពលោក ខណៈលោក ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មចិន ពីបទមិនបញ្ឈប់លំហូរគ្រឿងញៀនខុសច្បាប់។
ក្រសួងពាណិជ្ជកម្មចិន បានលើកឡើងថា ការយកពន្ធលើការនាំចូលរបស់ចិន «បានបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក»។
លោក ត្រាំ នៅថ្ងៃចន្ទ បានផ្អាកការគំរាមកំហែងរបស់លោក ស្តីពីការយកពន្ធ២៥ភាគរយ លើប្រទេសម៉ិកស៊ិក និងកាណាដា នៅនាទីចុងក្រោយ, ដោយបានព្រមព្រៀងផ្អាករយៈពេល៣០ថ្ងៃ ជាថ្នូរនឹងសម្បទាន ស្តីពីព្រំដែន និងការអនុវត្តឧក្រិដ្ឋកម្ម ជាមួយប្រទេសជិតខាងទាំងពីរ។
ប៉ុន្តែមិនមានការលើកលែងបែបនេះ សម្រាប់ប្រទេសចិនឡើយ ដោយពន្ធថ្មីនឹងចូលជាធរមាន នៅវេលាម៉ោង១២៖០១នាទីព្រឹក ថ្ងៃអង្គារ។
អ្នកនាំពាក្យមួយរូបរបស់សេតវិមាន បានលើកឡើងថា លោក ត្រាំ នឹងមិនជជែកជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង នោះទេ រហូរដល់ចុងសប្តាហ៍នេះ។
គួររំលឹកថា នៅអំឡុងអាណត្តិដំបូងរបស់លោក ក្នុងឆ្នាំ២០១៨, លោក ត្រាំ បានផ្តួចផ្តើមសង្គ្រាមពាណិជ្ជកម្ម រយៈពេល២ឆ្នាំយ៉ាងឃោរឃៅ ជាមួយនឹងប្រទេសចិន ជុំវិញអតិរេកពាណិជ្ជកម្មដ៏ធំរបស់សហរដ្ឋអាមេរិក, ជាមួយនឹងការដាក់យកពន្ធលើទំនិញ ដែលមានតម្លៃរាប់រយពាន់លានដុល្លារ ធ្វើឱ្យមានការជាប់គាំងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោក និងធ្វើឱ្យខូចសេដ្ឋកិច្ចពិភពលោក។
ដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្មនោះ ប្រទេសចិន បានយល់ព្រមក្នុងឆ្នាំ២០២០ ដោយការចំណាយបន្ថែម២០០ពាន់លានដុល្លារក្នុងមួយឆ្នាំ លើទំនិញអាមេរិក ប៉ុន្តែផែនការនេះត្រូវបានរារាំងដោយជំងឺរាតត្បាត Covid-19 ហើយឱនភាពពាណិជ្ជកម្មប្រចាំឆ្នាំរបស់ខ្លួន បានកើនឡើងដល់៣៦១ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមទិន្នន័យគយចិន បានចេញផ្សាយកាលពីខែមុន៕