(ត្បូងឃ្មុំ)៖ ស្ថាប័នអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នឹងធ្វើការស្រាវជ្រាវ ពាក់ព័ន្ធករណីដែលល្បីថា ការដោះលែងអ្នកផលិតកាំបិតឱ្យបានត្រឡប់ទៅផ្ទះវិញ ជាថ្នូរនឹងប្រាក់ចំនួន៥.៥០០ដុល្លារ។
-នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នៅថ្ងៃទី១២.០២.២០២៥។
ក្នុងលិខិតបំភ្លឺនោះ បានអះអាងថា កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានទទួលសំណុំរឿងពី ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ។
ដែលមានអង្គហេតុ៖ កាលពីថ្ងៃទី០៦ ខែ កុម្ភៈ ឆ្នាំ២០២៥ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ បានសហការជាមួយក្រុម HOTLANE SCAM24/7 របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងអធិការដ្ឋាននគរបាលស្រុកតំបែរ បានចុះបង្ក្រាបទីតាំងសិប្បកម្ម ធ្វើកាំបិត មួយកន្លែងនៅចំណុច ផ្ទះឈ្មោះ សា សូទី ស្ថិតនៅភូមិទួលសំបូរ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យចំនួន០២នាក់៖ ១.ឈ្មោះ សា សូទី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម ជា មេជាង, ២.ឈ្មោះ អិន ប្រុសទូច ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម ជាកូនជាង និងជាអ្នកឡាយវីដេអូ លក់ កាំបិត និងដាវ តាម FACEBOOK និងTIKTOK ហើយសមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ជាវៃវែង ចំនួន០៣ដើម, ដាវខ្លីចំនួន០៦ដើម, កាំបិតផ្គាក់ដងវែងចំនួន០៣ដើម, កាំបិតផ្គាក់ដងខ្លីចំនួន០១ដើម, កាំបិតខ្វែវ ចំនួន០២ដើម, កាំបិតប៉័ងតោចំនួន០៣ដើម, កាំបិតស្នៀតចំនួន០៧ដើម, ពូថៅចំនួន០២ដើម, ស្រោមដាវធ្វើពីឈើ ចំនួន០៤, ស្រោមកាំបិតប៉័ងតោធ្វើពីឈើ ចំនួន០១, ឧបករណ៍សម្រាប់កែច្នៃកាំបិតចំនួន០៥ និងម៉ូទ័រចំនួន០៥។
សូមជម្រាបសាធារណជនផងដែរថា ក្រោយពីតំណាងអយ្យការ ធ្វើការសាកសួរទៅលើជនសង្ស័យទាំងពីរនាក់ ដែលមានឈ្មោះ ឈ្មោះ សា សូទី ភេទប្រុស និងឈ្មោះ អិន ប្រុសខូច ភេទប្រុស តំណាងអយ្យការបានសម្រេចឱ្យជន សង្ស័យទាំងពីរនាក់បានត្រឡប់ទៅផ្ទះវិញជាបណ្តោះអាសន្ន តាមរយៈការស្នើសុំធានាកូនក្តីឱ្យបានត្រឡប់ទៅផ្ទះវិញជា បណ្តោះអាសន្នពីសំណាក់មេធាវី ហើយសំណុំរឿងតំណាងអយ្យការកំពុងស៊ើបអង្កេតបន្ត។
ក្នុងរឿងនេះអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បញ្ជាក់ថា នឹងធ្វើការស្រាវជ្រាវបន្ថែម ទៅលើពាក្យ ចចាមអារាម ដែលបានលើកឡើងថា “ដោះលែងអ្នកផលិតកាំបិតឱ្យបានត្រឡប់ទៅផ្ទះវិញ ជាថ្នូរនឹងប្រាក់ចំនួន ៥.៥០០$។
-ការចេញបំភ្លី ពីសំណាក់អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នៅពេលនេះបន្ទាប់ពីហ្វេសប៊ុក(ផែង វណ្ណៈ)បង្ហោះថា”ជាងកាំបិតរួចខ្លួនអស់៥៥០០ដុល្លារ យកលុយគេហេីយហាមគេមិនអោយនិយាយទៀត? យកល្អគួរយកលុយអោយគេវិញទៅអាណិតគ្នា🙏។
ក្រោយមកទៀតហ្វេសប៊ុក(ផែង វណ្ណៈ)ដដែលបានបង្ហោះថា
ខ្ញុំសំណូមពរទៅបុគ្គលដែលកំពុងណែនាំគ្រួសារជាងកាំបិត អោយចេញសារបដិសេធតាម ហ្វេសប៊ុកថា ជាងកាំបិតចេញមកនេះ អត់អស់លុយ៥៥០០ដុល្លារទេ ព័ត៌មានដែលលោក ផែង វណ្ណៈ ផ្សាយជាព័ត៌មានមិនពិត សូមបញ្ឈប់សកម្មភាពទៅ ។
ការពិតនៅតែជាការពិត ក្រដាស់មិនអាចខ្ចប់ភ្លេីងបានទេ ខ្ញុំផ្សាយព័ត៌មាន ខ្ញុំមានការទទួលខុសត្រូវ រឿងមិនពិតខ្ញុំមិននិយាយទេ ។
ការណែនាំរបៀបគំរាមកំហែងបំភិតបំភ័យជនទន់ខ្សោយ មិនគួរយកមកប្រេីទេ កុំអោយរឿងកាន់តែធំ បេីយេីងខុសឆ្គង សូមកែលម្អរទៅ៕
