(ភ្នំពេញ)៖ នៅថ្ងៃអង្គារ៍(ទី២៥ខែកុម្ភៈ) ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថាយោងតាមការស្រាវជ្រាវរបស់ភ្នាក់ងារត្រួតពិនិត្យឱសថនិងលទ្ធផលរបស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល នៃក្រសួងសុខាភិបាល បានរកឃើញថា ផលិតផលចំនួន០២ មុខ ឈ្មោះ ១.SUPER XL ២.AMOUR ដែលបាននិងកំពុងផ្សព្វផ្សាយលក់តាមរយៈបណ្តាញទំនាក់ទំនងសង្គម មានផ្ទុកសារធាតុ Sildenafil ដែលជាឱសថប្រើសម្រាប់វិបត្តិសរីរាង្គភេទបុរស។
ផលវិបាកនៃឱសថនេះ អាចបណ្តាលឱ្យមានផលប៉ះពាល់ដល់បេះដូង និង គ្រោះថ្នាក់ដល់អាយុជីវិតជាយថាហេតុទៀតផង។ បន្ទាប់ពីបានធ្វើការស្រាវជ្រាវ មន្ត្រីជំនាញ នៃក្រសួងសុខាភិបាល បានសហការជាមួយអង្គភាព និងអាជ្ញាធរ ពាក់ព័ន្ធ ចុះធ្វើនិយ័តកម្មនៅទីតាំងចំនួន ២ កន្លែង នៅរាជធានី ភ្នំពេញ ដោយបានកសាងសំណុំរឿងបញ្ជូនជនពាក់ព័ន្ធទៅតុលាការតាមនីតិវិធីផងដែរ។
ដើម្បីចៀសវាងការប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ឬឈានដល់ការបាត់បង់អាយុជីវិត ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ការទិញ និងប្រើប្រាស់ផលិតផល SUPER XL និង AMOUR ទាំងនេះជាបន្ទាន់។ ទន្ទឹមនេះដែរ ក្រសួងសុខាភិបាលសូមជម្រាបជូនថា រាល់ផលិតផលជំនួយផ្លូវភេទ គ្រប់ប្រភេទ ដែលកំពុងផ្សព្វផ្សាយលក់តាមប្រព័ន្ធអនឡាញ គឺពុំមានការអនុញ្ញាតឱ្យធ្វើការផ្សព្វផ្សាយពីក្រសួង សុខាភិបាលនោះទេ ហើយតាមការស្រាវជ្រាវកន្លងមកភាគច្រើន នៃផលិតផលទាំងនោះមិនមែនជាផលិតផល បំប៉នសុខភាពនោះទេ គឺជាទូទៅមានដាក់សារធាតុឱសថសម័យ ដែលអាចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព អ្នកប្រើប្រាស់ ឬឈានដល់បាត់បង់អាយុជីវិតទៀតផង។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និង ឈប់ជឿលើការផ្សព្វផ្សាយទាំងនោះទៀត។
ក្រសួងសុខាភិបាល តម្រូវឱ្យបុគ្គលដែលនៅតែបន្តចែកចាយ ឬលក់ផលិតផលទាំង០២ខាងលើ ឬផលិតផល ជំនួយផ្លូវភេទគ្មានលេខបញ្ជីកាផ្សេងទៀត ត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ផលិតផលទាំងនេះជាបន្ទាន់។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះជនណាដែលបន្តចែកចាយ ឬលក់ផលិតផល ប៉ះពាល់សុខភាពគ្មានលេខបញ្ជីកាខាងលើ ឬផលិតផលគ្មានលេខបញ្ជីកាផ្សេងទៀត ទៅតាមច្បាប់ ស្តីពីវិសោធន កម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថជាធរមាន។
ក្រសួងសុខាភិបាល សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋ អាជីវករ នឹងចូលរួមសហការអនុវត្តតាមសេចក្តី ជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាពខ្ពស់៕