លោក Duterte អតីតប្រធានាធិបតីហ្វីលីពីន ត្រូវបានចាប់ខ្លួនពីបទឧក្រិដ្ឋកម្ម!

វិមានរបស់ប្រធានាធិបតីហ្វីលីពីន បានឱ្យដឹងនៅថ្ងៃទី១១ ខែមីនានេះថាលោក Rodrigo Duterte អតីតប្រធានាធិបតីហ្វីលីពីន។

ត្រូវបានចាប់ខ្លួនពីបទ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ក្រោយពេលរូបលោកបានធ្វើដំណើរមកដល់អាកាសយានដ្ឋានក្នុងទីក្រុងម៉ានីលវិញ។
ប្រភពពីសារព័ត៌មាន AFP។

ការចាប់ខ្លួនលោក Rodrigo Duterte កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយអតីតប្រធានាធិបតីរូបលោក។
បាននិយាយក្នុងទីក្រុងហុងកុងថា រូបលោកត្រៀមរួចជាស្រេច សម្រាប់លទ្ធភាពនៃការចាប់ខ្លួនរូបលោក ចំពេលមានសេចក្តីរាយការណ៍ថា តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC គ្រោងនឹងចេញដីកា ជុំវិញសង្រ្គាមបង្រ្កាបគ្រឿងញៀនរបស់លោក ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។

សេចក្ដីថ្លែងការណ៍របស់វិមានប្រធានាធិបតីហ្វីលីពីន បានគូសបញ្ជាក់ដូច្នេះថា នៅព្រឹកនេះ ថ្ងៃអង្គារ ទី១១ ខែមីនា ប៉ូលិស Interpol Manila ទទួលបានសេចក្ដីចម្លងនៃដីកាចាប់ខ្លួន ពី ICCហើយខណៈពេលនេះ លោក (Duterte) កំពុងស្ថិតក្រោមការឃុំខ្លួនដោយអាជ្ញាធរ។

ក្នុងព្រឹត្តិការណ៍ជួបជុំជាមួយពលករហ្វីលីពីនរាប់ពាន់នាក់ នៅហុងកុង កាលពីថ្ងៃចន្ទ លោក Duterte សង្ឃឹមថា នឹងអាចបង្កើនការគាំទ្រ សម្រាប់បេក្ខភាពសមាជិកព្រឹទ្ធសភា របស់លោក នៅក្នុងការបោះឆ្នោតពាក់កណ្តាល ដែលនឹងមកដល់​នៅប្រទេសហ្វីលីពីន។

ដោយលើកហេតុផលការពារសង្រ្គាមបង្រ្កាបគ្រឿងញៀនរបស់លោក លោក Duterte បាននិយាយដូច្នេះថា ហេតុអ្វីបានជាខ្ញុំធ្វើវា តើសម្រាប់ខ្លួនខ្ញុំផ្ទាល់ សម្រាប់គ្រួសារខ្ញុំឬ គឺសម្រាប់អ្នកទាំងអស់គ្នា និងក្មេងៗជំនាន់ក្រោយ ហើយសម្រាប់ប្រទេសជាតិយើង។

ប្រសិនបើដីកាចាប់ខ្លួនជាការពិត បើនេះពិតជាវាសនាក្នុងឆាកជីវិតរបស់ខ្ញុំ គឺមិនអីនោះទេ ខ្ញុំនឹងទទួលយកវា។
ពួកគេអាចចាប់ខ្ញុំ អាចដាក់គុកខ្ញុំ តើអ្វីទៅជាទោសកំហុសរបស់ខ្ញុំ? ខ្ញុំបានធ្វើអ្វីគ្រប់យ៉ាងអំឡុងពេលកាន់អំណាច គឺដើម្បីតែសន្តិភាពនិងជីវិតរស់នៅដោយសុខសាន្ត សម្រាប់ប្រជាជនហ្វីលីពីន។

ការិយាល័យរបស់លោក Ferdinand Marcos Jr ដែលជាប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្ន បានច្រានចោលការសង្ស័យថា លោក Duterte អាចនឹងគេចវេះពីច្បាប់ តាមរយៈការធ្វើទស្សនកិច្ច មកកាន់ទីក្រុងហុងកុងរបស់ចិន ដែលមិនមែនជាសមាជិកនៃសន្ធិសញ្ញារបស់​តុលាការ ICC។

សង្រ្គាមប្រឆាំងគ្រឿងញៀន គឺជាគោលនយោបាយដ៏សំខាន់បំផុត ដែលបានជួយឱ្យលោក Duterte ឡើង​កាន់អំណាចជាប្រធានាធិបតីហ្វីលីពីន កាលពីឆ្នាំ២០១៦។
លោក Duterte បានដកហ្វីលីពីនដោយឯកតោភាគី ចេញពីសន្ធិសញ្ញារបស់ ICC កាលពីឆ្នាំ២០១៩ នៅពេលដែលតុលាការអន្តរជាតិនេះ ចាប់ផ្តើមពិនិត្យមើលជាលើកដំបូងលើ​ការចោទប្រកាន់ អំពីការសម្លាប់មនុស្សជាប្រព័ន្ធនៅក្រៅច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *