កាលពីថ្ងៃអាទិត្យ(ទី១៦ខែមីនា)ព្រះអង្គម្ចាស់ Emir Sheikh Tamim bin Hamad Al Thani របស់ប្រទេសកាតា បានជួបពិភាក្សាគ្នានៅទីក្រុង Doha ជាមួយឧបនាយករដ្ឋមន្ត្រីទីមួយរបស់រុស្ស៊ី លោក Denis Manturov ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងសង្រ្គាមអ៊ុយក្រែន។
ប្រភពពីសារព័ត៌មានAljazeera។
សេចក្តីថ្លែងការណ៍មួយរបស់ការិយាល័យរបស់ Emir គឺ Emiri Diwan បាននិយាយថា ការពិភាក្សាបានកើតឡើងលើទំនាក់ទំនងទ្វេភាគី និងបញ្ហាមួយចំនួនដែលមានផលប្រយោជន៍រួម។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបាននិយាយថា នាយករដ្ឋមន្ត្រី Sheikh Mohammed bin Abdulrahman ក៏បានជួបជាមួយ Manturov ដើម្បីពិភាក្សាអំពីវិធីជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី និងការវិវត្តចុងក្រោយនៃវិបត្តិរុស្ស៊ី-អ៊ុយក្រែន ក៏ដូចជាបញ្ហាក្នុងតំបន់និងអន្តរជាតិដែលមានការព្រួយបារម្ភទៅវិញទៅមក។
ក្រសួងបាននិយាយថា Sheikh Mohammed បានរំលឹកឡើងវិញនូវការគាំទ្ររបស់ប្រទេសកាតាសម្រាប់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិទាំងអស់ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិរុស្ស៊ី-អ៊ុយក្រែនតាមរយៈការសន្ទនានិងមធ្យោបាយការទូត។
យ៉ាងណាមិញមិនមានព័ត៌មានលម្អិតត្រូវ បានផ្តល់ជូនអំពីរយៈពេលនៃដំណើរទស្សនកិច្ចរបស់Manturovទេ៕