កាលពីថ្ងៃអាទិត្យ(ទី១៦ ខែមីនា) ប្រជាជនហ្វីលីពីនដែលជាអ្នកគាំទ្រលោក Rodrigo Duterte ប្រហែលជា ២០.០០០នាក់ បានចូលរួមនៅក្នុងក្បួនដង្ហែរមួយនៅក្នុងទីក្រុង Davao នៃប្រទេសហ្វីលីពីន ដើម្បីបង្ហាញការគាំទ្រ និងទាមទារឱ្យមានការដោះលែង ព្រមទាំងធ្វើមាតុភូមិនិវត្តន៍អតីតប្រធានាធិបតីរូបនេះ ដែលកំពុងប្រឈមមុខនឹងសវនាការ នៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ក្រោមបទចោទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធនឹងសង្រ្គាមប្រឆាំងគ្រឿងញៀនរបស់លោក។
ប្រភពពីសារព័ត៌មាន ហ្វីលីពីន Rappler។
ក្រុមអ្នកគាំទ្រលោក Duterte បានប្រែក្លាយការប្រារព្ធពិធីខួបលើកទី៨៨នៃការបង្កើតទីក្រុង Davao ដែលជាទីក្រុងកំណើតរបស់លោក Duterte ទៅជាការបង្ហាញការគាំទ្រ និងនាំគ្នាស្រែក ច្រៀង ក៏ដូចជាទាមទារឱ្យមានការធ្វើមាតុភូមិនិវត្តន៍អតីតមេដឹកនាំរូបនេះត្រឡប់មកកាន់ហ្វីលីពីនវិញ។
លោក Duterte ត្រូវបានបញ្ជូនទៅកាន់ទីក្រុងឡាអេ ដើម្បីប្រឈមនឹងសវនាការរបស់ ICC កាលពីថ្ងៃពុធ ទី១២ ខែមីនាកន្លងទៅ ពោលតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីរូបលោកត្រូវបានចាប់ខ្លួន នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងម៉ានីល ក្រោយត្រឡប់មកពីធ្វើទស្សនកិច្ចទៅកាន់ទីក្រុងហុងកុង។
លោកត្រូវបានគេចោទប្រកាន់ថាបានសម្លាប់មនុស្សរាប់ពាន់នាក់ក្រៅប្រព័ន្ធតុលាការ អំឡុងសង្រ្គាមប្រឆាំងគ្រឿងញៀនរបស់លោក៕