ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានចេញមុខនិយាយរិៈគន់ចំពោះការអសមត្ថភាព នៃបណ្តាស្ថាប័នអន្តរជាតិ ក្នុងការបញ្ឈប់ ការប្រយុទ្ធគ្នាដ៏បង្ហូរឈាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស ។
ដែលបានបំផ្លិចបំផ្លាញតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) យ៉ាងហិនហោច និងធ្វើឱ្យប្រជាជននៅទីនោះរងទុក្ខវេទនាជាខ្លាំង។
ការអត្ថាធិប្បាយដូចខាងលើរបស់លោក Raisi នៅទីក្រុងតេហេរ៉ង់ ក្នុងន័យគាំទ្រប៉ាឡេស្ទីន គឺធ្វើឡើង ។
បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ (UN) បានអនុម័តចំពោះសេចក្តីសម្រេចមួយ ដែលត្រូវបានពន្យារពេលម្តងហើយម្តងទៀត។
ក្រុមផ្តល់ជំនួយព្រមទាំងអង្គការអន្តរជាតិ បានត្រឹមតែព្រមានម្តងហើយម្តងទៀត អំពីស្ថានភាពដ៏អន្តរាយនៅតំបន់ Gaza និងអំពាវនាវឱ្យមានបទឈប់បាញ់ មនុស្សធម៌ ក្នុងសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស ដែលបានអូសបន្លាយប្រមាណ១១សប្តាហ៍មកហើយ។
លោកប្រធានាធិបតីអ៊ីរ៉ង់ បានលើកឡើងដូច្នេះថា «អសមត្ថភាពនិងអប្រសិទ្ធភាពនៃស្ថាប័នអន្តរជាតិ បានបង្ហាញចេញមកយ៉ាងច្បាស់ ឱ្យមនុស្សគ្រប់គ្នានៅជុំវិញពិភពលោកបានឃើញ។
ក្រុមប្រឹក្សាសន្តិសុខ UN បានប្រកាសជាផ្លូវការ អំពីភាពសង្ឃឹមរបស់ខ្លួន ហើយនិយាយថា គ្មានអ្វីដែលយើងអាចធ្វើបានទេ។
ចំណែកឯអង្គការអន្តរជាតិទាំងឡាយ ដែលបានប្រកាសដូចគ្នាដែរថា ពុំមានអ្វីដែលពួកគេបានធ្វើបាន ដើម្បីបញ្ចប់សង្រ្គាមនេះឡើយ»។
ជាមួយគ្នានោះ អ៊ីរ៉ង់បានហៅ ការអនុម័តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ UN ថា ជាសញ្ញវិជ្ជមានមួយ ប៉ុន្តែមិនគ្រប់គ្រាន់។
មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ក៏បានលើកឡើងដែរថា សង្រ្គាមនៅ Gaza បានបកស្បែកមុខពិតរបស់សហរដ្ឋអាមេរិក និងក្រុមលោកខាងលិច ពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្ស។
គួរជម្រាបថា សង្រ្គាមនៅ Gaza បានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា នៅពេលក្រុមហាម៉ាស ឆ្មក់វាយលុកទ្រង់ទ្រាយធំលើភាគខាងត្បូងអ៉ីស្រាអែល ហើយសម្លាប់មនុស្ស១,១៤០នាក់ ភាគច្រើនជាជនស៉ីវិល។
អ៊ីស្រាអែលក្នុងថ្ងៃដដែល ក៏បានចាប់ផ្តើមបើកប្រតិបត្តិការយោធាក្តៅគគុក ដើម្បីសងសឹកវិញ ហើយបានផ្តាច់ជីវិតមនុស្សយ៉ាងហោច ២០,២៥៨នាក់ ភាគច្រើនជាស្រ្តីនិងកុមារ នៅតំបន់ Gaza គិតមកទល់ពេលនេះ៕