ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃចន្ទ ទី២៥ ខែធ្នូនេះ បានចោទប្រកាន់ហ្វីលីពីនថា បានបំពានចូលទឹកដីរបស់ចិន ។
ក្នុងតំបន់សមុទ្រចិនខាងត្បូង ម្ដងហើយម្ដងទៀត ព្រមទាំងបំប៉ោងបំផ្លើសព័ត៌មានមិនពិត និងបានសមគំនិត ជាមួយកម្លាំងខាងក្រៅ ដើម្បីបង្កចលាចល។
ក្នុងបទអត្ថាធិប្បាយមួយ សារព័ត៌មានរដ្ឋចិន People’s Daily បានគូសបញ្ជាក់ដូច្នេះថា «ហ្វីលីពីនបានពឹងផ្អែកលើការគាំទ្រពីសហរដ្ឋអាមេរិក ។
ដើម្បីបន្តរករឿងចិន ជាមួយការធ្វើសកម្មភាពប្រកបដោយគ្រោះថ្នាក់ និងកំពុងបំផ្លាញដល់សន្តិភាព រួមទាំងស្ថិរភាពក្នុងតំបន់»។
ភ្លាមៗ ក្រសួងការបរទេសហ្វីលីពីន មិនបានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានទេ ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ ដោយសារតែចំថ្ងៃ សម្រាកបុណ្យណូអែល។
គួរបញ្ជាក់ថា ភាពតានតឹងរវាងចិន និងហ្វីលីពីន បាននិងកំពុងឡើងកម្ដៅខ្លាំង ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយភាគីទាំង២បានទម្លាក់កំហុស ដាក់គ្នាទៅវិញទៅមក ជុំវិញការប្រឈមមុខដាក់គ្នា ក្នុងនោះរួមមានទាំងការបុកគ្នារវាងនាវានៃប្រទេស២ ក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង។
សូមរំលឹកដែរថា កាលពី សប្ដាហ៍មុន រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ក៏បានធ្វើការព្រមានដោយផ្ទាល់ដ៏កម្រមួយផងដែរថាទំនាក់ទំនងរវាងចិន និងហ្វីលីពីន កំពុងស្ថិត នៅលើផ្លូវបំបែក តែលោកបានអំពាវនាវឱ្យមានការដោះស្រាយបញ្ហាតាមរយៈកិច្ចសន្ទនា៕