ទូរទស្សន៍រដ្ឋប៉ាឡេស្ទីន បានរាយការណ៍ថាយ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៧០នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យនៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើជំរុំជនភៀសខ្លួន al-Maghazi នៅកណ្តាលហ្គាហ្សាស្ទ្រីប.!។
អ្នកនាំពាក្យក្រសួងសុខាភិបាលហ្កាហ្សា លោក Ashraf al-Qudra ក៏បានបង្ហាញការព្រួយបារម្ភផងដែរថាចំនួនអ្នកស្លាប់អាចនឹងកើនឡើង ។
ដោយសារតែមានជនជាតិប៉ាឡេស្ទីនច្រើនគ្រួសាររស់នៅក្នុងជំរំជនភៀសខ្លួននេះ។
តាមក្រសួងសុខាភិបាលហ្កាហ្សា ការវាយប្រហារខាងលើបានបំផ្លាញផ្ទះជាច្រើនខ្នង នៅក្នុងជំរំជនភៀសខ្លួន Al-Maghazi ស្ថិតនៅភាគខាងកណ្ដាល នៃដែនដីប៉ាឡេស្ទីន។
ដោយឡែក ក្នុងហេតុការណ៍ដាច់ដោយឡែកមួយទៀត ក្រសួងសុខាភិបាលហ្កាហ្សា បានបញ្ជាក់ថាមនុស្ស១០នាក់ ជាសមាជិកក្នុងគ្រួសារតែមួយ ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់ អ៊ីស្រាអែលត្រូវចំផ្ទះរបស់ពួកគេ នៅឯជំរំជនភៀសខ្លួន Jabalia ស្ថិតនៅភាគខាងជើងនៃតំបន់ហ្កាហ្សា។
យ៉ាងណាមិញ ជុំវិញហេតុការណ៍ខាងលើនេះ ខាងយោធាអ៊ីស្រាអែល មិនបានធ្វើអត្ថាធិប្បាយអ្វីឆ្លើយតបទៅនឹងការអះអាងរបស់ក្រសួងសុខាភិបាលហ្កាហ្សានោះទេ ដោយគ្រាន់តែ និយាយយ៉ាងខ្លីថាកងទ័ពអ៉ីស្រាអែលកំពុងពិនិត្យលើសេចក្ដីរាយការណ៍។
តួលេខចុងក្រោយបំផុតដោយក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅហ្គាហ្សា បានបង្ហាញកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអែលបានកើនឡើងដល់ ២០,៤២៤ នាក់ និង ៥៤,០៣៦ នាក់ផ្សេងទៀតបានរងរបួសចាប់តាំងពីជម្លោះបានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា។
ទន្ទឹមនឹងនេះដែរ ទាហានអ៊ីស្រាអែលសរុបចំនួន ១៥ នាក់ត្រូវបានបញ្ជាក់ថាត្រូវបានសម្លាប់នៅក្នុងតំបន់ហ្គាហ្សាកាលពីចុងសប្តាហ៍កន្លងទៅនេះ ដោយបាននាំទៅដល់ចំនួនសរុបនៃទាហានអ៊ីស្រាអែលចំនួន ១៥៤ នាក់ ។
ក្នុងអំឡុងពេលការវាយលុកដីរបស់ខ្លួននៅតំបន់ហ្គាហ្សា ដែលត្រូវបានចាប់ផ្តើមនៅក្នុងការសងសឹកចំពោះការវាយលុករបស់ពួកហាម៉ាស់។
កាលពីថ្ងៃទី៧ ខែតុលា ដែលបានធ្វើឲ្យជនជាតិអ៊ីស្រាអែលប្រហែល ១ ២០០ នាក់ត្រូវបានសម្លាប់ និងជាង ២០០ នាក់ត្រូវបានចាប់ខ្លួន៕