ប្រសាសន៍សំខាន់ៗ របស់សម្តេចធិបតី ក្នុងពេល អញ្ជើញប្រកាសផ្សព្វផ្សាយ ស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២!

(ភ្នំពេញ)៖ នៅព្រឹកទី២៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ​ស្តីពីលទ្ធផល​ចុង​ក្រោយ ​នៃជំរឿនសេដ្ឋកិច្ច នៅកម្ពុជាឆ្នាំ២០២២។

គួរម្លឹកថាៈ ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ត្រូវបានធ្វើឡើងគោលបំណង ចងក្រងស្ថិតិមូលដ្ឋានគ្រឹះ​ស្តីពី​អង្គ​ភាពសេដ្ឋកិច្ច និងបង្កើតបញ្ជីមេនៃអង្គភាពសេដ្ឋកិច្ចនៅកម្ពុជា ដែលផ្តល់នូវព័ត៌មាន​សំខាន់ៗ​ស្តីពីស្ថានភាពនៃសកម្មភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ច ។
ដល់អ្នករៀបចំគោលន​យោ​បាយ អ្នករៀបចំផែនការ អ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធដទៃទៀត។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខំប្រឹងប្រែងរបស់វិទ្យាស្ថានជាតិ​ស្ថិតិនៃក្រសួងផែនការ។ គណៈកម្មាធិការជាតិជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា, គណៈកម្មការបច្ចេកទេសជំរឿនសេដ្ឋកិច្ច គណៈកម្មការឃោសនាជំរឿនសេដ្ឋកិច្ច, គណៈកម្មាធិការជំរឿនសេដ្ឋកិច្ចនៅរាជធានី ខេត្ត, និងក្រុមការងារស្នូលបច្ចេកទេសទាំងអស់ ក្នុងការធ្វើឱ្យសម្រេចបានដោយជោគជ័យ នៅក្នុងការធ្វើជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២។

សម្តេចធិបតី បានថ្លែងអំណរគុណធនាគារពិភពលោក ដែលបានផ្តល់ជំនួយបច្ចេកទេសដល់ការងារជំរឿនសេដ្ឋកិច្ចនេះ។

សម្តេចធិបតី បានថ្លែងថា ទិន្នន័យស្ថិតិប្រកបដោយគុណភាព និងដែលអាចជឿទុកចិត្តបាន គឺជាភស្តុតាងមួយដែលអ្នកធ្វើគោលនយោបាយត្រូវការ ដោយ​មិនអាចខ្វះបាន សម្រាប់ការរៀបចំគោលនយោបាយ, យុទ្ធសាស្ត្រ, និងផែនការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច រយៈពេលខ្លី មធ្យម និងវែង។

សម្តេចធិបតី បានថ្លែងថា ទិន្នន័យជំរឿនសេដ្ឋកិច្ចពិតជាមានសារៈសំខាន់​យ៉ាងខ្លាំង ដោយជួយឱ្យអ្នកធ្វើគោលនយោបាយអាចមើលឃើញ ធ្លុះស៊ីជម្រៅទៅក្នុង រចនាសម្ព័ន្ធ, ជីវភាព, និងសមិទ្ធកម្ម នៃសេដ្ឋកិច្ចមួយ។

សម្តេចធិបតី បានថ្លែងថា ទិន្នន័យជំរឿនសេដ្ឋកិច្ចដើរតួនាទីគន្លឹះក្នុងការ​ជួយ​រាជរដ្ឋាភិបាល នៅក្នុងដំណើរការរៀបចំគោលនយោបាយ ដោយផ្តល់នូវការឆ្លុះ​បញ្ចាំងឱ្យ​ឃើញ​ស៊ីជម្រៅទៅក្នុងសុខភាពសេដ្ឋកិច្ច, ការកំណត់កាលានុវត្តភាពសម្រាប់កំណើន និង​ការរៀបចំតាក់តែងគោលនយោបាយនានា ។

ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព​សម្រាប់​ការអភិវឌ្ឍ ព្រមទាំងជួយរាជរដ្ឋាភិបាលឱ្យយល់ដឹង ពីតម្រូវការជាក់លាក់តាមវិស័យ, បែងចែកធនធានប្រកបដោយប្រសិទ្ធភាព, កំណត់វិធានការអន្តរាគមន៍​នានាតាមមុខ​សញ្ញា និងតាមដានត្រួតពិនិត្យវឌ្ឍនភាពឆ្ពោះទៅរកគោលដៅ អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ដែលជាចុងក្រោយ ទិន្នន័យជំរឿនសេដ្ឋកិច្ចនឹងរួមចំណែក​ដល់ការធ្វើឱ្យមានកំណើន​សេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។

សម្តេចធិបតី បានថ្លែងថា ទិន្នន័យជួយឱ្យការវិភាគការងារទាំងឡាយបានច្បាស់លាស់ និងមិនប្រថុយប្រថាន។

សម្តេចធិបតី បានថ្លែងថា ជាមោទនភាពមួយ ដែលកម្ពុជាអាចធ្វើជំរឿនសេដ្ឋកិច្ចជាតិឆ្នាំ២០២២ ដោយខ្លួនឯង ដែលជាការបង្ហាញឱ្យឃើញនូវសមត្ថភាពរបស់មន្ត្រី។

សម្តេចធិបតី បានថ្លែងថា ជំរឿនសេដ្ឋកិច្ចជាតិឆ្នាំ២០២២ ជាមូលដ្ឋានសំខាន់ណាស់ សម្រាប់ឱ្យកម្ពុជាដើរទៅមុខ និងសម្រេចផែនការជាតិទាំងឡាយ។

សម្តេចធិបតី បានថ្លែងថា ជំរឿនសេដ្ឋកិច្ចជាតិឆ្នាំ២០២២ បានបង្ហាញថា រាជរដ្ឋាភិបាលធ្វើអ្វីឈរលើភាពច្បាស់លាស់ មិនមែនធ្វើដោយស្រមើស្រមៃនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យក្រសួងផែនការ ប្រែក្លាយទិន្នន័យជំរឿនសេដ្ឋកិច្ចនេះឱ្យទៅជាព័ត៌មាន គ្រប់ជ្រុងជ្រោយ និងច្បាស់លាស់តាមបែបវិទ្យាសាស្ត្រ តាមរយៈការប្រើប្រាស់វិធីសាស្ត្រសមស្រប នៃវិទ្យាសាស្ត្រស្ថិតិ ដើម្បីជាធាតុចូលរឹងមាំសម្រាប់គ្រប់ក្រសួង-ស្ថាប័ន ប្រើប្រាស់ក្នុងការងាររៀងៗខ្លួន ជាពិសេស សម្រាប់ការរៀបចំគោលនយោបាយដោយផ្អែកលើភស្តុតាង និងព័ត៌មាននេះ សម្តេចសូមលើកទឹកចិត្តឱ្យផ្សព្វផ្សាយលទ្ធផលទាំងនេះឱ្យបានទូលំទូលាយដល់គ្រប់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ។

សម្តេចធិបតី ណែនាំក្រសួងផែនការដែលមានវិទ្យាស្ថានជាតិស្ថិតិជាសេនាធិការ ត្រូវបន្តលើកកម្ពស់ ការងារជំរឿនសេដ្ឋកិច្ច និង ការអង្កេតសំខាន់ៗពាក់ព័ន្ធនានា ដោយធានាឱ្យបាននូវការប្រមូល ទិន្នន័យដែលមានលក្ខណៈជាតំណាងពិតប្រាកដ (Representation) នៃបញ្ហាដែលចង់សិក្សា ស្វែងយល់ ដើម្បីជាប្រយោជន៍ និង ធាតុចូល សម្រាប់ការងារអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។
ដើម្បីធានាបាននូវភាពតំណាងល្អ, សំណាកគំរូ (Sample) ត្រូវរៀបចំឱ្យបានល្អតាមលក្ខណៈ វិទ្យាសាស្ត្រស្ថិតិ ដោយប្រើប្រាស់វិធីសាស្ត្រសំណាកគំរូសមស្រប (Sampling Method)។

សម្តេចធិបតី ណែនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួមសហការជាមួយនឹង​ក្រសួងផែនការក្នុងការធ្វើជំរឿន និងការអង្កេតចាំបាច់នានា ដោយហេតុថា ក្រសួងផែន​ការ គឺជាស្ថាប័នរដ្ឋដែលមានជំនាញបច្ចេកទេសខ្ពស់ ទទួលបន្ទុកលើការងារប្រមូលទិន្នន័យ ដើម្បីលើកកម្ពស់ការងារជំរឿនសង្គម-សេដ្ឋកិច្ចជារួម, និងម្យ៉ាងទៀត ដើម្បីជាធាតុចូលសម្រាប់គ្រប់ ក្រសួង-ស្ថាប័ន យកទៅអនុវត្តការងាររៀងៗខ្លួន។

សម្តេចធិបតី ណែនាំឱ្យក្រសួងផែនការ ត្រូវបន្តបង្កើនសមត្ថភាពមន្ត្រីរបស់ខ្លួនជាប្រចាំជាប់មិនដាច់សម្រាប់ ការងារអង្កេត និងជំរឿនចាំបាច់នានា ព្រមទាំងការងារប្រែក្លាយទិន្នន័យឱ្យទៅជាព័ត៌មានគ្រប់គ្រាន់ សម្រាប់រាជរដ្ឋាភិបាលប្រើប្រាស់ទាន់ពេល។

សម្តេចធិបតី សម័យនេះត្រូវការវិទ្យាសាស្ត្រ អត់ត្រូវការគ្រូទាយទេ។

សម្តេចធិបតី ណែនាំ​ក្រសួងផែនការ ត្រូវរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ទាក់ទាញ និងកៀរគរ ធនធានមនុស្សដែលមានទេពកោសល្យខ្ពស់ខាងផ្នែកស្ថិតិ និងការវិភាគស្ថិតិ ទាំងក្នុងស្រុក និងពីបរទេស សម្រាប់ការងារដ៏សំខាន់របស់ក្រសួង។ ជាមួយគ្នានេះ ការធ្វើវិភាជន៍ឡើងវិញ នៃធនធានមនុស្សដែលមានស្រាប់ឱ្យចំជំនាញ ឬ ក្បែរជំនាញឯកទេស នឹងជួយបង្កើនប្រសិទ្ធភាព និង ផលិតភាពការងារ។

សម្តេចធិបតី ស្នើឱ្យគ្រប់ក្រសួង-ស្ថាប័ន, ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បណ្តុះបណ្តាលមន្ត្រីរបស់ខ្លួននូវចំណេះដឹងផ្នែកការប្រើប្រាស់ស្ថិតិ ដើម្បីធ្វើយ៉ាងណា ឱ្យមន្ត្រី​មានសមត្ថភាពសមរម្យក្នុងការប្រើប្រាស់ស្ថិតិ និងរបកគំហើញ (Findings) ពីការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រនានា សម្រាប់ការងាររៀងៗខ្លួន។ សម្តេចធិបតី បញ្ជាក់ថា ការយល់ដឹងពីស្ថិតិមានសារៈសំខាន់ ប៉ុន្តែការចេះប្រើប្រាស់ស្ថិតិឱ្យបានត្រឹមត្រូវ សម្រាប់ការងារប្រចាំថ្ងៃ គឺពិតជាមានសារៈសំខាន់ មិនអាចខ្វះបាន។

សម្តេចធិបតី ស្នើឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យលទ្ធភាព​បែង​ចែក​ធនធានថវិកាសម្រាប់វិនិយោគលើការបណ្តុះបណ្តាលធនធានមនុស្ស និងបង្កើនមូល​ធន​មនុស្ស ដែលបានចង្អុលបង្ហាញនៅក្នុង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និង សម្រាប់ការយោគលើឧបករណ៍បរិក្ខារបច្ចេកវិទ្យាសម​ស្រប​សម្រាប់​ក្រសួងផែនការ ដើម្បី​បង្កើនប្រសិទ្ធភាពនៃការអនុវត្តការងារ ក្នុងវិស័យស្ថិតិឱ្យមានប្រសិទ្ធភាពខ្ពស់, មានគុណភាពល្អ និងរហ័សទាន់ពេល។

សម្តេចធិបតី បានផ្ដល់អនុសាសន៍ចំនួន៧ចំណុច ដើម្បីជួយតម្រង់ទិសដៅការងាររបស់ក្រសួងផែនការ ដូចខាងក្រោម
ទី១ សូមស្នើឱ្យក្រសួងផែនការ ប្រែក្លាយទិន្នន័យជំរឿនសេដ្ឋកិច្ចនេះឱ្យទៅជាព័ត៌មានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់តាមបែបវិទ្យាសាស្ត្រ តាមរយៈការប្រើប្រាស់វិធីសាស្ត្រសមស្រប នៃវិទ្យាសាស្ត្រស្ថិតិ ដើម្បីជាធាតុចូលរឹងមាំសម្រាប់គ្រប់ក្រសួង-ស្ថាប័ន ប្រើប្រាស់ក្នុងការងាររៀងៗខ្លួន ជាពិសេស សម្រាប់ការរៀបចំគោលនយោបាយដោយផ្អែកលើភស្តុតាង និងព័ត៌មាននេះ សម្តេចសូមលើកទឹកចិត្តឱ្យផ្សព្វផ្សាយលទ្ធផលទាំងនេះ ឱ្យបានទូលំទូលាយដល់គ្រប់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ។

២ ក្រសួងផែនការដែលមានវិទ្យាស្ថានជាតិស្ថិតិជាសេនាធិការ ត្រូវបន្តលើកកម្ពស់ ការងារជំរឿនសេដ្ឋកិច្ច និងការអង្កេតសំខាន់ៗពាក់ព័ន្ធនានា ដោយធានាឱ្យបាននូវការប្រមូល ទិន្នន័យដែលមានលក្ខណៈជាតំណាងពិតប្រាកដ នៃបញ្ហាដែលចង់សិក្សាស្វែងយល់ ដើម្បីជាប្រយោជន៍ និង ធាតុចូល សម្រាប់ការងារអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ដើម្បីធានាបាននូវភាពតំណាងល្អ, សំណាកគំរូត្រូវរៀបចំឱ្យបានល្អតាមលក្ខណៈវិទ្យាសាស្ត្រស្ថិតិ ដោយប្រើប្រាស់វិធីសាស្ត្រសំណាកគំរូសមស្រប។

៣ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួមសហការជាមួយនឹងក្រសួងផែនការក្នុងការធ្វើជំរឿន និងការអង្កេតចាំបាច់នានា ដោយហេតុថា ក្រសួងផែនការ គឺជាស្ថាប័នរដ្ឋដែលមានជំនាញបច្ចេកទេសខ្ពស់ ទទួលបន្ទុកលើការងារប្រមូលទិន្នន័យ, ម្យ៉ាងដើម្បីលើកកម្ពស់ ការងារជំរឿនសង្គម-សេដ្ឋកិច្ចជារួម និង ម្យ៉ាងទៀត ដើម្បីជាធាតុចូលសម្រាប់គ្រប់ ក្រសួង-ស្ថាប័ន យកទៅអនុវត្តការងាររៀងៗខ្លួន ។

៤ ក្រសួងផែនការ ត្រូវបន្តបង្កើនសមត្ថភាពមន្ត្រីរបស់ខ្លួនជាប្រចាំជាប់មិនដាច់សម្រាប់ ការងារអង្កេត និង ជំរឿនចាំបាច់នានា ព្រមទាំងការងារប្រែក្លាយទិន្នន័យឱ្យទៅជាព័ត៌មាន គ្រប់គ្រាន់សម្រាប់រាជរដ្ឋាភិបាលប្រើប្រាស់ទាន់ពេល ។

៥ ក្រសួងផែនការ ត្រូវរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ទាក់ទាញ និងកៀរគរ ធនធានមនុស្សដែលមានទេពកោសល្យខ្ពស់ខាងផ្នែកស្ថិតិ និង ការវិភាគស្ថិតិ ទាំងក្នុងស្រុក និង ពីបរទេស សម្រាប់ការងារដ៏សំខាន់របស់ក្រសួង។ ជាមួយគ្នានេះ, ការធ្វើវិភាជន៍ឡើងវិញ នៃធនធានមនុស្សដែលមានស្រាប់ ឱ្យចំជំនាញ ឬ ក្បែរជំនាញឯកទេស នឹងជួយបង្កើនប្រសិទ្ធភាព និង ផលិតភាពការងារ។

៦ ដោយការប្រើប្រាស់ទិន្នន័យមានសារៈសំខាន់ចំពោះគ្រប់ការងារ និងគ្រប់វិស័យទាំងអស់, សម្តេចស្នើឱ្យគ្រប់ក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បណ្តុះបណ្តាលមន្ត្រីរបស់ខ្លួននូវចំណេះដឹងផ្នែកការប្រើប្រាស់ស្ថិតិ ដើម្បីធ្វើយ៉ាងណាឱ្យមន្ត្រីមានសមត្ថភាពសមរម្យក្នុង ការប្រើប្រាស់ស្ថិតិ និងរបកគំហើញ ពីការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រនានា សម្រាប់ការងាររៀងៗខ្លួន។
សម្តេចបានបញ្ជាក់ថា ការយល់ដឹងពីស្ថិតិមានសារៈសំខាន់, ប៉ុន្តែការចេះប្រើប្រាស់ស្ថិតិឱ្យបានត្រឹមត្រូវ សម្រាប់ការងារប្រចាំថ្ងៃគឺពិតជាមានសារៈសំខាន់មិនអាចខ្វះបាន។

៧ សូមស្នើឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យលទ្ធភាពបែងចែកធនធានថវិកាសម្រាប់វិនិយោគលើការបណ្តុះបណ្តាលធនធានមនុស្ស និង បង្កើនមូលធនមនុស្ស ដែលបានចង្អុលបង្ហាញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងសម្រាប់ការយោគលើឧបករណ៍បរិក្ខារបច្ចេកវិទ្យា សមស្របសម្រាប់ក្រសួងផែនការដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តការងារ ក្នុងវិស័យស្ថិតិឱ្យមានប្រសិទ្ធភាពខ្ពស់, មានគុណភាពល្អ និង រហ័សទាន់ពេល៕

Leave a Reply

Your email address will not be published. Required fields are marked *