(ភ្នំពេញ)៖ កាលពីព្រឹកទី៩ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភាគឦសាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមការងារអន្តរក្រសួង, រដ្ឋបាលខេត្តទាំងបួននៅភូមិភាគឦសាន និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់។
ដែលបានចូលរួមសហការគ្នាយ៉ាងសស្រាក់សស្រី ជាមួយស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរការនៃការរៀបចំកម្មវិធីពិសេសនេះ រហូតទទួលបាននូវឯកសារ កម្មវិធីមួយដែលមានភាពគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡា ប្រាកដនិយម និងចំគោលដៅឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ ជាក់ស្តែងរបស់តំបន់ភូមិភាគឦសានផង និងទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាលជារួមផង។
សម្តេចធិបតី បានថ្លែងថា សម្រាប់រដ្ឋាភិបាលនៃប្រទេសកំពុងអភិវឌ្ឍ ការខិតខំពង្រាយរបាយនៃការអភិវឌ្ឍ ដើម្បីឱ្យប្រជាជនទូទាំងប្រទេស អាចទទួលបាននូវឱកាស និងផ្លែផ្កាពីសន្តិភាព និងការអភិវឌ្ឍ គឺជាកាតព្វកិច្ចមូលដ្ឋានដ៏សំខាន់បំផុត ហើយក៏ជាចំណោទដ៏លំបាកបំផុតមួយដែរ ព្រោះថាជាទូទៅប្រទេសកំពុងអភិវឌ្ឍ តែងតែមានបញ្ហាកង្វះខាតធនធាន ហើយការជំរុញឱ្យមានការអភិវឌ្ឍ ព្រមៗគ្នា និងស្មើៗគ្នា នៅទូទាំងប្រទេស ពិតជាមិនអាចធ្វើទៅបានតាមការប្រាថ្នាចង់បានភ្លាមៗ។
សម្តេចធិបតី បានថ្លែងថា នៅពេលដែលធនធានមានកំណត់, រាជរដ្ឋាភិបាលត្រូវការគិតគូរលើអាទិភាវូបនីយកម្ម។
ប៉ុន្តែក៏មិនមានន័យថា ព្រងើយកន្តើយ មិនយកចិត្តទុកដាក់ចំពោះតំបន់ណាមួយនោះដែរ។
សម្តេចធិបតី ព្រោះស្ថានភាពលំបាកនៅខេត្តភាគឦសាននោះហើយ បានជាកាលពីឆ្នាំ១៩៩៩ ។
សម្តេចតេជោ ហ៊ុន សែន កាលដែល សម្តេចកាន់តំណែងជានាយករដ្ឋមន្តី ផ្តួចផ្ដើមគំនិតឱ្យមានក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា- ឡាវ-វៀតណាម (CLV-DTA)។
សម្តេចធិបតី បានថ្លែងថា ការបង្កើត CLV-DTA គឺដើម្បីចង្អុលទិសឱ្យដៃគូ ជួយជំរុញការអភិវឌ្ឍ និងភាពតភ្ជាប់នៅក្នុងតំបន់នោះឯង។
ម្យ៉ាងទៀត នៅពេលដែលកម្ពុជា ទើបសម្រេចបានសន្តិភាពពេញលេញ ក្រោយជោគជ័យនៃ នយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ កម្ពុជា នៅពេលនោះពិតជាមានភាពខ្វះមុខ ខ្វះក្រោយ ហើយត្រូវការដៃគូសហប្រតិបត្តិការគ្រប់ទម្រង់តាមដែលអាចធ្វើទៅបាន។
សម្តេចធិបតី បានថ្លែងថា នៅពេលនេះគឺជាពេលដែលត្រូវគិតគូរថា តើត្រូវធ្វើដូចម្ដេច ដើម្បីជំរុញការអភិវឌ្ឍតំបន់ភូមិភាគឦសាន ឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចឯករាជ្យមួយ មានសមត្ថភាពមិនឆ្ងាយដាច់ខ្លាំងពេកពីតំបន់ដទៃ។
សម្តេចធិបតី បានថ្លែងថា ការអភិវឌ្ឍនៅភាគឦសាន មានទិដ្ឋភាព៣ ដែលត្រូវគិតគូរ ព្រមគ្នា ពោលគឺ មនុស្ស, ចរន្តសេដ្ឋកិច្ច និង ភាពតភ្ជាប់ ដែលពិបាកនឹងខ្វះខាតចំណុចណាមួយបាន។
សម្តេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលចង់ឱ្យ មនុស្ស ទៅរស់នៅ។
ប៉ុន្តែប្រជាជនដែលទៅនៅមិនអាចនៅយូរអង្វែង បានដោយសារគ្មាន ចរន្តសេដ្ឋកិច្ច ហើយនៅពេលដែលចង់ជំរុញឱ្យមាន ចរន្តសេដ្ឋកិច្ច វិនិយោគិន ក៏នឹងត្អូញថា លំបាកលើ ភាពតភ្ជាប់ ទៅនឹងទីផ្សារជាដើម ដែលជាភាពប្រទាក់ក្រឡានៃទិដ្ឋភាពទាំង៣ ភាពតភ្ជាប់គឺជាចំណោទនៃកត្តាភូមិសាស្ត្រដ៏លំបាកមួយ។
សម្តេចធិបតី បានថ្លែងថា ការគិតគូរពីការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត គឺជាការងារដែលធ្វើឡើងឥតដាច់បន្តពីមួយអាណត្តិ ទៅមួយអាណត្តិ ដោយប្រើប្រាស់គ្រប់មធ្យោបាយ និងធនធានទាំងថវិកាជាតិ ហិរញ្ញប្បទានគាំទ្រពីដៃគូអភិវឌ្ឍ និងការចូលរួមចំណែកពីប្រជាជន និងវិស័យឯកជន។
សម្តេចធិបតី បានថ្លែងថា នៅពេលដែលនិយាយពីការស្រឡាញ់ជាតិ ស្រឡាញ់ទឹកដី យើងត្រូវសួរដែរថា តើយើងការពារជាតិដូចម្តេច នៅពេលដែលយើងគ្មានទាំងផ្លូវទៅតំបន់ដែល នៅក្រោមដែនអធិបតេយ្យរបស់យើងផងនោះ។
តើយើងអាចការពារទឹកដីរបស់យើង ដោយនាំគ្ន ស្រែកតាម Facebook ពីក្រៅប្រទេសបានដែរ ឬយ៉ាងណា ប្រសិនបើគ្មានកងទ័ព ឬប្រជាជន រស់ នៅការពារ តាមព្រំដែនដោយផ្ទាល់នោះ? ពិតជាមិនអាចទៅរួចទេ ។
កិច្ចការការពារព្រំដែនដែល មានប្រសិទ្ធភាព និងចីរភាព មិនមែនត្រឹមផ្តោត លើការកសាងលេណដ្ឋានរឹងមាំនោះទេ។
ប៉ុន្តែគឺការជំរុញការកសាងខឿនការពារជាតិរបស់ប្រជាជន តាមរយៈការកសាង និងអភិវឌ្ឍន៍ តាមបណ្ដោយ ព្រំដែន ដោយរួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជា ផ្លូវក្រវ៉ាត់ព្រំដែន ដែលបង្កលក្ខណៈសម្រាប់ការរីកចម្រើននៅតំបន់នោះផងដែរ។
សម្តេចធិបតី គូសរំលេចលក្ខណៈពិសេស សម្រាប់កម្មវិធីពិសេសនៅភូមិភាគឦសាន ដូចខាងក្រោម។
ទី១ ការផ្ដល់ការលើកទឹកចិត្តលើសលុប៖ យើងផ្តល់ការលើកទឹកចិត្ត លើសពីច្បាប់វិនិយោគ ហើយបើកវិសាលភាពធំទូលាយលើសពី គ.ល.គ. ក្នុងវិស័យអាទិភាព ដោយរួមបញ្ចូល ទាំងវិស័យទូទៅ និងគម្រោងពង្រីកនៃ គ.ល.គ. ផងដែរ។
លើសពីនេះទៀត, សម្រាប់សកម្មភាព ធុរកិច្ច ដែលកំពុងដំណើរការក្នុងខេត្តទាំងបួន តែមិនទាន់បានចុះបញ្ជីពន្ធដារ អាចចុះបញ្ជីពន្ធដារ ដោយស្ម័គ្រចិត្ត ក្នុងឆ្នាំ ២០២៥ ហើយទទួលបានការលើកលែងនូវពិន័យទោសទណ្ឌ, បំណុលពន្ធនិងការផាកពិន័យជាប្រាក់ ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមកផងដែរ។
ក្រោយពីបានចុះបញ្ជីពន្ធដាររួចរាល់ សកម្មភាពធុរកិច្ចទាំងនេះក៏អាចស្នើសុំការលើកទឹកចិត្ត ដោយត្រូវចុះបញ្ជីជា គ.ល.គ. ក្នុងឆ្នាំ២០២៥ ។
ទី២ យន្តការច្រកចេញចូលតែមួយ ដោះស្រាយបញ្ហានៅនឹងកន្លែង៖ យន្តការនេះ គឺជាយន្តការសំខាន់ ដែលយើងអនុវត្តកន្លងមកបានទទួលជោគជ័យ តាមរយៈក្រុមការងារជំរុញការ វិនិយោគក្នុងខេត្តព្រះសីហនុ ដែលជាក្រុមការងារចំពោះកិច្ចអន្តរក្រសួង។
ក្រុមការងារនេះ ដើរតួនាទីជាច្រកចេញចូលតែមួយ ដែលមានតួនាទីពិនិត្យវាយតម្លៃ និងផ្ដល់ការអនុម័តគម្រោង, ផ្តល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណនានា ជាកញ្ចប់ទៅលើគម្រោងវិនិយោគនៃកម្មវិធីពិសេស និង តាមដានត្រួតពិនិត្យលើការអនុវត្តគម្រោងទាំងនេះ។
ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលបានបង្កើត ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) ដែលវិនិយោគិន អាចដាក់ ពាក្យស្នើសុំការអនុម័តគម្រោង និងលិខិតស្នាមពាក់ព័ន្ធផ្សេងៗទៀត ជាមួយនឹងក្រុមការងារត ម្ដង ដោយពុំចាំបាច់ឆ្លងនីតិវិធីដោយឡែកៗ តាមក្រសួង ស្ថាប័ននីមួយៗ ហើយនៅពេលដែលជួបបញ្ហា ក៏អាចស្នើសុំការសម្របសម្រួលដោះស្រាយ ពីក្រុមការងារដោយផ្ទាល់តែម្តង ដែលមាន ការិយាល័យនៅ អគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (នៅ OCIC ជ្រោយចង្វារ) ឬ នៅតាមរដ្ឋបាលខេត្តទាំងបួន។
ទី៣ ការជំរុញវិនិយោគិនក្នុងស្រុក និងសហគ្រាសធុនតូច និងមធ្យម៖ យើងចង់ផ្ដោតលើ ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ដូច្នេះហើយរាជរដ្ឋាភិបាល បានបន្ធូរបន្ថយលក្ខខណ្ឌន ទំហំទុនវិនិយោគអប្បបរមាចាប់ពី ១០ម៉ឺនដុល្លារ ឡើងទៅគឺអាចស្នើសុំគោលការណ៍វិនិយោគពី ក.វ.ឦសាន ដើម្បីចុះបញ្ជីជា គ.ល.គ.នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត តាមនីតិវិធីជាធរមាន។
ការដាក់ទំហំទុនបែបនេះក៏ដោយសារថា យើងចង់លើកទឹកចិត្តវិនិយោគិនក្នុងស្រុក ឱ្យចូលរួមបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន។
ទី៤ ការផ្តល់ហិរញ្ញប្បទានគាំទ្រ៖ បញ្ហាហិរញ្ញប្បទាន គឺជាបញ្ហាប្រឈមដែលក្រុមការងារ បានទទួលមតិត្រឡប់ជាច្រើន ដូច្នេះហើយរាជរដ្ឋាភិបាលបានត្រៀមថវិកា ដើម្បីដាក់ចេញនូវកម្មវិធីហិរញ្ញប្បទានក្រោមអត្រាការប្រាក់សមរម្យ ដោយផ្តោតជាពិសេសលើសហ- គ្រាសធុនតូច និងមធ្យម, សហគមន៍កសិកម្មទំនើប និងសហគមន៍ទេសចរណ៍ តាមរយៈធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា SME
Bank។
ទី៥ ការខិតខំជំរុញធនធានមនុស្សគាំទ្រ៖ កង្វះខាតធនធានមនុស្ស ជាពិសេស សម្រាប់ កសិកម្ម និងកសិ-ឧស្សាហកម្ម គឺជាចំណោទមួយ ហើយកម្មករយើងភាគច្រើន ចង់ទៅធ្វើការនៅ ទីប្រជុំជន ដូច្នេះ រាជរដ្ឋាភិបាលបានសម្រេចផ្ដល់ការលើកទឹកចិត្ត ដោយកំណត់លក្ខខណ្ឌលើក លែងពន្ធលើប្រាក់បៀវត្សសម្រាប់កម្មករនិយោជិតជាជនជាតិខ្មែរ ដែលទទួលបានប្រាក់បៀវត្ស ប្រចាំខែ ស្មើនឹង ឬតិចជាង ២០០០.០០០ រៀល និងបម្រើការងារនៅក្នុង គ.ល.គ. ដែលមាន ប្រតិបត្តិការក្នុងខេត្តណាមួយនៃខេត្តទាំងបួន នៅភូមិភាគឦសាន។
សម្តេចធិបតី បានថ្លែងថា សម្តេចពិតជាចង់ឃើញថា កម្មវិធីពិសេសនេះ ពិតជាជួយបង្កើត ចរន្តសេដ្ឋកិច្ច បានជាក់ស្តែង ដល់ភូមិភាគឦសានរបស់យើង ហើយជោគជ័យនេះ អាចកើតឡើងបានទាល់តែមានការចូលរួមសហការ ពីភាគីពាក់ព័ន្ធទាំងអស់ ទាំងផ្នែករដ្ឋ និងវិស័យឯកជន។
សម្តេចធិបតី ណែនាំផ្នែករដ្ឋដែលត្រូវការពារថ្នាក់ថ្នមថែទាំ និងថែរក្សាវិនិយោគ, ចៀសវាងរាល់អំពើអសកម្មទាំងឡាយ ដែលបង្កការរំខានដល់ការប្រកបអាជីវកម្មរបស់ធុរជន អភិក្រម រក្សាចាស់ បង្កើនថ្មី គឺមានភាពចាំបាច់។
សម្តេចធិបតី ណែនាំការពារវិនិយោគដែលមានស្រាប់បង្កើនទំនុកចិត្ត ក្នុងនាមជា តួអង្គចូលរួមដោះស្រាយបញ្ហា មិនមែនជាអ្នកបង្កបញ្ហា (troubleshooters not troublemakers) ហើយទំនុកចិត្តនេះ នឹងក្លាយជាការផ្សាយពាណិជ្ជកម្ម ពីមាត់មួយទៅមាត់ មួយ ដោយឯកឯងក្នុងចំណោមសហគមន៍ធុរកិច្ច។
សម្តេចធិបតី ណែនាំដល់ក្រុមការងារ ត្រូវបំពេញភារកិច្ចរបស់ខ្លួន ក្នុងស្មារតីជាក្រុម ដោយប្រកាន់ខ្ជាប់នូវអភិក្រម ជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដើម្បីជំរុញការអនុវត្តនូវវិធានការនានា ក្នុងកម្មវិធីពិសេសជំរុញការវិនិយោគនេះឱ្យសម្រេចបានជោគជ័យ និងលទ្ធផលជាក់ស្ដែងតាមការរំពឹងទុក។
សម្តេចធិបតី ណែនាំក្រុមការងារត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈនូវកម្មវិធីពិសេសជំរុញការវិនិយោគនេះ ឱ្យបានទូលំទូលាយ។
ធ្វើការពន្យល់ឱ្យបានច្បាស់លាស់ និងត្រឹមត្រូវនិងផ្ដល់សេវាបដិសណ្ឋារកិច្ច និងកិច្ចសហការល្អជាមួយវិនិយោគិន និងធុរជនទាំងក្នុង និងក្រៅប្រទេស ដើម្បីលើកកម្ពស់ការយល់ដឹង និងទាក់ទាញការចូលរួមអនុវត្តពីកម្លាំងចលករសំខាន់ៗ ។
ព្រមទាំងខិតខំស្វែងរកគំនិតនវានុវត្តន៍ ដើម្បីបង្កើនភាពទាក់ទាញសម្រាប់វិនិយោគិនទាំងលើទិដ្ឋភាពសមិទ្ធិលទ្ធភាពនៃពាណិជ្ជកម្ម commercial viability និងគុណតម្លៃនៃខ្សែច្រវាក់ផលិតកម្ម ដែលផ្សារភ្ជាប់ជាមួយនឹងទីផ្សារ៕