បុរសម្នាក់បានដាច់ខ្យល់ស្លា.ប់តាមផ្លូវ ក្រោយបញ្ជូនចេញពីគ្លីនិក ខៀង សុគន្ធា ស្វាយអន្ទរ បានប្រហែល៤ម៉ោង!

(ព្រៃវែង)៖ គួរឱ្យរន្ធត់ស្រស់ៗតែម្ដង បុរសវ័យចំណាស់ម្នាក់ បានដាច់ខ្យល់ស្លាប់ពាក់កណ្ដាលផ្លូវ..!។
បន្ទាប់ពីរូបគាត់ មានអាការៈ មិនស្រួលខ្លួនធម្មតា ហើយចូលសំរាកព្យាបាលនៅ”មន្ទីរសម្រាកព្យាបាល និងសម្ពព ខៀង សុគន្ធា”ស្ថិតនៅខាងកើត រង្វង់មូលស្វាយអន្ទរ ក្នុងឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានរយៈពេល០២យប់។

លុះអាការៈប្រែក្លាយទៅជាធ្ងន់ធ្ងរទំនងមិនរស់ គ្រូពេទ្យនៅគ្លីនិក ខៀង សុគន្ធា ក៏សម្រេចបញ្ជូនអ្នកជំងឺ ចេញពីគ្លីនិករបស់ខ្លួន.!។
ដោយដឹកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ពេលមកដល់គ្រូពេទ្យនៅទីនោះ ក៏បានពិនិត្យភ្លាមៗ ដើម្បីសង្គ្រោះបឋមផងដែរ។

ប៉ុន្តែដោយឃើញអាការៈ អ្នកជំងឺធ្ងន់ធ្ងរពេកមិនអាចជួយបាន គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង សម្រេចបញ្ជូនបន្ត ទៅរាជធានីភ្នំពេញទៀត ។

តែជាអកុសលជនរងគ្រោះ បានដាច់ខ្យល់ស្លាប់តាមផ្លូវ នៅម្ដុំឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៥.១២.២០២៣ ហើយក្រុមគ្រួសារ ក៏បានដឹកសាកសពមកផ្ទះវិញ ដើម្បីធ្វើបុណ្យតាមប្រពៃណី។

ជនរងគ្រោះឈ្មោះ ជិន សុផាត ភេទប្រុស អាយុ៦១ឆ្នាំ នៅភូមិតាឡើក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ជុំវិញការស្លាប់អ្នកជំងឺតាមផ្លូវនេះដែរ ក្រុមគ្រួសារសព បានបញ្ជាក់ប្រាប់«ដើមរាំង»ថា ដំបូងឡើយជនរងគ្រោះឈ្មោះ ជិន សុផាត គ្រាន់តែមានអាការៈមិនស្រួលខ្លួនធម្មតាប៉ុណ្ណោះ។
ដោយជំងឺបេះដូងត្បៀត និងលើសឈាម ប៉ុន្តែរូបគាត់អាចដើរបាន ជិៈម៉ូតូឬធ្វើការងារបានជាធម្មតា ក្នុងស្ថានភាពថប់តិចៗ។

លុះដល់ថ្ងៃទី២៣.១២.២០២៣ រូបគាត់ បានចូលសំរាកព្យាបាលនៅ”មន្ទីរសម្រាកព្យាបាល និងសម្ពព ខៀង សុគន្ធា”ត្រង់ចំណុចខាងលើ។

ក្នុងនោះ គ្រូពេទ្យបានឱ្យសំរាកនៅក្នុងគ្លីនិក ដើម្បីពិនិត្យវិនិច្ឆ័យរោគ និងវ៉ៃថ្នាំ បញ្ចុះឈាមជាបន្តបន្ទាប់! ជាហេតុនាំឱ្យអ្នកជំងឺ ចុះខ្សោយគ្មានកម្លាំង ក្លេតតែម្ដងសឹងតែត្រដរខ្យល់…!។
បើតាមគ្រួសាររងគ្រោះ ខណៈពេលកំពុងព្យាបាលនៅគ្លីនិក ខៀង សុគន្ធា គឺអាការៈរបស់អ្នកជំងឺម្ដងតឹងម្ដងធូរ។

ក្រោយទទួលការព្យាបាល រយៈពេល២ថ្ងៃ នៅថ្ងៃទី២៥.១២.២០២៣ អាការៈអ្នកជំងឺឈ្មោះ ជិន សុផាត បានប្រែក្លាយទៅជាធ្ងន់ធ្ងរធ្វើទុក្ខខ្លាំង កាន់តែក្លេតទៅៗនិងត្រដរខ្យល់ គ្មានសង្ឃឹមថារស់..!។
ដោយមើលទៅមិនស្រួល ណាខ្លាចអ្នកជំងឺស្លាប់ក្នុងគ្លីនិកមានបញ្ហាដល់ខ្លួន គ្រូពេទ្យ នៅគ្លីនិក ខៀង សុគន្ធា បានទាមទារឱ្យបញ្ជូនអ្នកជំងឺឈ្មោះ ជិន សុផាត ចេញពី”មន្ទីរសម្រាកព្យាបាល និងសម្ពព ខៀង សុគន្ធា”យ៉ាងតក់ក្រហល់…!។

ប្រភពដដែលបន្តថា បន្ទាប់ពីគ្រូពេទ្យ ស្នើបញ្ជូនចេញពីគ្លីនិកបែបនេះ នៅព្រលប់ទី២៥.១២.២០២៣។
អ្នកជំងឺត្រូវបានដឹកទៅសង្គ្រោះបន្ត នៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ពេលមកដល់គ្រូពេទ្យនៅទីនោះ ប្រាប់ថា អ្នកជំងឺធ្ងន់ហើយគ្មានសង្ឃឹមទេ។
ទោះយ៉ាងណាគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង បានពិនិត្យនិងជួយសង្គ្រោះបឋម ប៉ុន្តែពុំបានព្យាបាលនោះឡើយ ដោយគ្រូពេទ្យសម្រេច ឱ្យបញ្ជូនបន្តទៅភ្នំពេញភ្លាមៗតែម្ដង ។

លុះបញ្ជូនដល់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅម៉ោង១១យប់ថ្ងៃដដែល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ រួចក៏ដឹកសព មកផ្ទះវិញដើម្បីធ្វើបុណ្យ។

ឆ្លើយតបនិងការអះអាងខាងលើតំណាង”មន្ទីរសម្រាកព្យាបាល និងសម្ពព ខៀង សុគន្ធា”បានថ្លែងបកស្រាយប្រាប់«ដើមរាំង»នៅព្រលប់ទី២៦.១២.២០២៣ថា ខ្ញុំបានសួរទាក់ទងទៅគ្រួសារសពដែរ គឺពេលបញ្ជូនចេញពីគ្លីនិកខ្ញុំ អាការៈរបស់អ្នកជំងឺមិនធ្ងន់នោះទេ។
លុះដល់មន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ស្រាប់តែអាការៈ របស់គាត់ វិវត្តទៅជាធ្ងន់ធ្ងរតែម្ដង។តំណាងគ្លីនិក ខៀង សុគន្ធា អះអាងទៀតថា ខ្លួនបានព្យាបាលអ្នកជំងឺ តាំងពីអាការៈធ្ងន់រហូតស្រាល ដោយរោគវិនិច្ឆ័យ”សួតនិងបេះដូង”ហើយពេលបញ្ជូនចេញពីគ្លីនិកខ្លួន។
គឺអាការៈអ្នកជំងឺឈ្មោះ ជិន សុផាត បានធូស្បើយ ជាក់ស្ដែង ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តព្រៃវែង អ្នកជំងឺអាចអង្គុយបាន ឈរនិងដើរបាន ធម្មតា មិនមែនដេកដួលនោះឡើយ។

តំណាងគ្លីនិក ខៀង សុគន្ធា បញ្ជាក់ទៀតថា ដំបូងរូបលោក មិនចង់ព្យាបាលឱ្យផង ប៉ុន្តែក្រុមគ្រួសារសព ស្នើឱ្យព្យាបាលនិងផ្ដិតមេដៃ ទើបគ្លីនិកខ្លួនព្រមទទួលព្យាបាល។

-ទោះយ៉ាងណាក្ដី តំណាងគ្លីនិក ខៀង សុគន្ធា បានពន្លយពាក្យថា ខាងគ្រួសាររងគ្រោះមិនចង់ឱ្យបញ្ជូនអ្នកជំងឺចេញពីគ្លីនិករបស់លោកទេ ប៉ុន្តែលោកមើលទៅមិនស្រួល មិនហ៊ានទុកព្យាបាល ទើបរូបលោកទាមទារឱ្យបញ្ជូនចេញ។លោក ហេង ទ្រី ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្វាយអន្ទរ បានថ្លែងប្រាប់«ដើមរាំង»នៅព្រលប់ទី២៦.១២.២០២៣ថា រូបលោកពុំបានដឹងទេ រឿងស្លាប់អ្នកជំងឺខាងលើ ចាំមើលលោកសួរនាំសិន!។
រីឯលោក ញឹក​ ឌឹមនរ៉ា អនុប្រធានមន្ទីរសុខាភិបាលព្រៃវែង ទទួលបន្ទុកសេវាឯកជន ក៏បានថ្លែងស្រដៀងគ្នា និងលោក ហេង ទ្រី ដែរថា លោកពុំទាន់ដឹងទេចំពោះករណីមួយនេះ។ចំពោះការលើកឡើងផ្ទុយគ្នា រវាងក្រុមគ្រួសារសព និងម្ចាស់គ្លីនិក ខៀង សុគន្ធា នេះដែរ«ដើមរាំង»មិនធ្វើការសន្និដ្ឋានឬវិនិច្ឆ័យនោះឡើយ ថាការស្លាប់របស់អ្នកជំងឺ មកពីកំហុសបច្ចេកទេសពេទ្យ ឬមកពីជំងឺ វិវត្តឆាប់រហ័ស។

ជាក់ស្ដែង មុនចូលព្យាបាលនៅគ្លីនិក ខៀង សុគន្ធា ជនរងគ្រោះមានអាការៈមិនធ្ងន់ធ្ងរឡើយ។
អញ្ចឹងមជ្ឈដ្ឋានខាងក្រៅ រួមនិងគ្រួសារសព ស្នើឱ្យមន្ត្រីជំនាញស្រាវជ្រាវ រកការពិត ថាតើឈ្មោះ ជិន សុផាត ស្លាប់ដោយសារអ្វី ហើយជំងឺគាត់វិវត្តធ្ងន់ត្រឹមណាឱ្យប្រាកដ..? ។
ខណៈតំណាងគ្លីនិក ខៀង សុគន្ធា ឆ្លើយថាអាការៈអ្នកជំងឺធ្ងន់ នៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង៕

Leave a Reply

Your email address will not be published. Required fields are marked *