Update៖ អាមេរិក នឹងពិភាក្សាជាមួយអឺរ៉ុប ដើម្បីចរចារបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន!

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubioជាមួយបេសកជនសេតវិមាន លោក Steve Witkoff នឹងធ្វើដំណើរទៅកាន់អឺរ៉ុបក្នុងសប្តាហ៍នេះ សម្រាប់កិច្ចពិភាក្សាដោយផ្តោតលើការបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងការត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់។
ប្រភពពីសារព័ត៌មាន Reuters កាលពីថ្ងៃពុធ ទី១៦ ខែមេសា ឆ្នាំ២០២៥។

ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា លោក Rubio និងលោក Witkoff គ្រោងនឹងជួបសមភាគីអឺរ៉ុបនៅទីក្រុងប៉ារីស នៅថ្ងៃពុធនិងព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីសង្គ្រាមអ៊ុយក្រែន។ ប្រភពការទូតបារាំងបានបញ្ជាក់ថា អ្នកការទូតកំពូលរបស់អាមេរិកនឹងជួបសមភាគីបារាំងលោក លោក Jean-Noel Barrot នៅថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាបញ្ហាអ៊ុយក្រែន មជ្ឈិមបូព៌ា និងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ បន្ទាប់មក លោក Witkoff នឹងបន្តដំណើរទៅចូលរួមកិច្ចប្រជុំនៅទីក្រុងរ៉ូម ដោយមានវត្តមានសមភាគីអ៊ីរ៉ង់។
កិច្ចប្រឹងប្រែងការទូតនេះ កើតឡើងខណៈរដ្ឋបាលលោក ត្រាំ កាន់តែបង្ហាញការខកចិត្តចំពោះកង្វះវឌ្ឍនភាពឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន ដោយបានស្តីបន្ទោសទាំងភាពរឹងចចេសរបស់រុស្ស៊ី និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ចំពោះការបន្ត និងការរីករាលដាលនៃសង្គ្រាម៕

Leave a Reply

Your email address will not be published. Required fields are marked *