(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបសំណេះសំណាលមួយមន្ត្រីរាជការ បុគ្គលិកកម្មករ និយោជិត ដែលកំពុងបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ពិធីសំណេះ សំណាលនាព្រឹកថ្ងៃនេះធ្វើឡើងជាការអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩នៃទិវាពលកម្មអន្តរជាតិ១ ឧសភា ឆ្នាំ២០២៥។
ទិវាពលកម្មអន្តរ ជាតិ១ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្មករនិយោជិតដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធឡើងជារៀង រាល់ឆ្នាំ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩។ ឆ្នាំនេះក៏ ដូចឆ្នាំមុនៗដែរគឺរាជរដ្ឋាភិបាលបានចេញសារាចរដើម្បីបំផុស លើកទឹកចិត្តគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធរដ្ឋបាលរាជធានីខេត្ត រោងចក្រ សហគ្រាសនានា ក្នុងការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៩ទិវាពលកម្មអន្ដរជាតិ ១ឧសភា និងកម្មវិធីកម្សាន្តផ្សេងៗដើម្បីបង្កបរិយាកាសរីករាយនិងសាមគ្គីភាពរវាងកម្មករនិយោជិតនិងនិយោជកក្រោមឈ្មោះសហគមន៍សុខសាន្ត។
ទិវាពលកម្មអន្តរជាតិឆ្នាំនេះ រៀបចំឡើងក្រោមប្រធានបទ រួមគ្នាដើម្បីការងារសមរម្យនិងកំណើនប្រកបដោយចីរភាពនិងភាពធន់។
ក្នុងសារលិខិតអបអរសាទរទិវាពលកម្មអន្តរជាតិ សម្តេចមហាបវរធិប តី ហ៊ុន ម៉ាណែត បានគូសរំលេចថា ការជ្រើសរើសប្រធានបទនេះជាការបង្ហាញឱ្យឃើញកាន់តែច្បាស់នូវ ការប្ដេជ្ញា ចិត្ត និងការយកចិត្តទុកដាក់ ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ អត្ថ ប្រយោជន៍ នៃរបបសន្តិសុខ សង្គម អត្ថប្រយោជន៍នានារបស់ កម្មករនិយោជិតនិងពង្រឹងយន្តការ ដោះស្រាយវិវាទការងារដែលធ្វើឱ្យទំនាក់ ទំនងវិជ្ជាជីវៈកាន់តែល្អ ប្រសើរឡើងព្រមទាំងចូលរួមសម្រេចឱ្យបាន នូវ គោលដៅសូចនាករគន្លឹះ ដែលបានកំណត់ក្នុងកម្មវិធីនយោបាយ របស់ រាជរដ្ឋាភិបាលនីតិ កាល ទី៧ នៃរដ្ឋសភាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារសមធម៌ប្រសិទ្ធភាពនិងចីរភាពនិងក្របខ័ណ្ឌគោល ដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ សំដៅកសាងមូលដ្ឋានគ្រឹះប្រែក្លាយ កម្ពុជាទៅជា ប្រទេស មានចំណូលខ្ពស់នៅឆ្នាំ២០៥០ ព្រមទាំងអាចឆ្លើយតបបាន ទៅនឹងភាពមិនប្រាកដ ប្រជា ជាសកល ដែលបណ្ដាលមកពីការប្រកួត ប្រជែងភូមិសាស្ត្រ នយោ បាយ បម្រែបម្រួលអាកាសធាតុ ភាពតានតឹង នៃស្ថានភាពនយោបាយ និងពាណិជ្ជកម្មអន្ដរជាតិផងដែរ។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាច្រកនៃការធ្វើពាណិជ្ជកម្មអន្តរជាតិដ៏សំខាន់មួយរបស់កម្ពុជា។ មន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិតដែលបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាប្រតិបត្តិ ករដ៏សំខាន់លើការងារកំពង់ផែនេះ។ សម្តេចតេជោ ហ៊ុន សែន ពេលនៅកាន់ការងារជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់បំផុតលើសកម្ម ភាពរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រោះជាដង្ហើមសេដ្ឋកិច្ចនិងការធ្វើពាណិជ្ជ កម្មរបស់កម្ពុជា។
ផ្តើមចេញពីការយកចិត្តទុកដាក់នេះសម្តេចតេជោ ហ៊ុន សែនបានសម្រេចជ្រើសរើសយកថ្ងៃទី១ ខែឧសភា ថ្ងៃទិវាពលកម្មអន្តរជាតិជាថ្ងៃ សំណេះសំណាលជាមួយមន្ត្រីរាជការបុគ្គលិកកម្មករ និយោជិតនៅកំពង់ផែដើម្បីជាការលើកទឹកចិត្តដល់កិច្ចប្រឹងប្រែងបំពេញការងារ របស់ ពួកគេ។
ស្មារតីនៃការយកចិត្តទុកដាក់ដល់អ្នកបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុមិនត្រូវបានទម្លាក់ចោលនោះឡើយ បើទោះបីសម្តេចតេជោហ៊ុន សែន ដាក់ចុះការងារជានាយករដ្ឋមន្ត្រី ហើយក៏ត្រូវបាន បន្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ឆ្នាំ២០២៥នេះ ជាលើកទី២ហើយ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខណៈលើកទី១ធ្វើឡើងកាលពីឆ្នាំ២០២៤៕