ក្រុមឧទ្ទាម Houthi បាននិយាយថា យន្តហោះចម្បាំងអាមេរិក បានបើកការវាយប្រហារតាមផ្លូវអាកាសថ្មីចំនួនពីរ នៅភាគខាងជើងប្រទេសយេម៉ែន កាលពីថ្ងៃអាទិត្យ(ទី៤ខែឧសភា)។
ប្រភពពីសារព័ត៌មានAljazeera។
ទូរទស្សន៍ Al-Masirah TV ដែលគ្រប់គ្រងដោយ Houthi បាននិយាយថា ការវាយប្រហារទាំងពីរបានកំណត់គោលដៅលើស្រុក Khab wa Ash Sha’af ក្នុងខេត្ត Al-Jawf ។យ៉ាងណាមិញមិនទាន់មានព័ត៌មានលម្អិតអំពីការស្លាប់និងរបួសពីការវាយប្រហារនៅឡើយទេ។
ជាមួយគ្នានោះ ក៏មិនមានការអត្ថាធិប្បាយភ្លាមៗពីសហរដ្ឋអាមេរិកលើរបាយការណ៍របស់ Houthi នោះដែរ។
សហរដ្ឋអាមេរិកបានបន្តការវាយប្រហារតាមអាកាសរបស់ខ្លួនលើប្រទេសយេម៉ែននៅថ្ងៃទី 15 ខែមីនា បន្ទាប់ពីប្រធានាធិបតី Donald Trump បានបញ្ជាឱ្យយោធាចាប់ផ្តើម “ការវាយលុកដ៏ធំ” លើកងកម្លាំង Houthi ដោយគំរាមកំហែងថានឹង “លុបបំបាត់ពួកគេទាំងស្រុង” ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុម Houthi បានប្រឆាំងនឹងការគំរាមកំហែង និងបន្តបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក ទៅកាន់គោលដៅ និងកប៉ាល់របស់អ៊ីស្រាអែល ដែលភ្ជាប់ទៅនឹងប្រទេសអ៊ីស្រាអែល ក្នុងសមុទ្រក្រហម ដើម្បីជាការសងសឹកចំពោះការវាយលុកបន្តរបស់អ៊ីស្រាអែល លើប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលមនុស្សជាង 52,500 នាក់ ភាគច្រើនជាស្ត្រី និងកុមារត្រូវបានសម្លាប់ចាប់តាំងពីខែតុលា ឆ្នាំ 2023៕