សម្តេចតេជោ អញ្ជើញចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតីឥណ្ឌូណេស៊ី!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានអញ្ជើញចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅវិមានប្រធានាធិបតី នាទីក្រុង Jakarta នៅក្នុងអំឡុងពេលទស្សនកិច្ចការងាររបស់សម្តេចនៅប្រទេសឥណ្ឌូនេស៊ី។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានាឥណ្ឌូណេស៊ី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានសម្តែងការស្វាគមន៍ចំពោះសម្តេចតេជោ ដោយឯកឧត្តមលើកឡើងថា ជាកិត្តិយដែលបានទទួលវត្តមានរបស់សម្តេចតេជោនៅឥណ្ឌូណេស៊ី បន្ទាប់ពីឯកឧត្តមបានជួបសម្តេចនៅភ្នំពេញ នៅខែកញ្ញា ឆ្នាំ២០២៤ មុនឯកឧត្តម ស្បថចូលកាន់ដំណែង។ ឯកឧត្តមប្រធានាធិបតីបន្តថា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍សម្តេចជាបុរសរដ្ឋ ដែលមានបទពិសោធន៍ដឹកនាំប្រទេសយូរឆ្នាំ។ ឯកឧត្តម ដឹងថា ទស្សនកិច្ចនៅពេលនេះ សម្តេចតេជោ គ្រោងធ្វើបាថកថាពិសេស នៅវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា។ ឯកឧត្តម បន្តថា ឥណ្ឌូណេស៊ី តែងតែប្តេជ្ញាលើកកម្ពស់កិច្ចសន្ទនា ការផ្សះផ្សាជាតិ និងដោះស្រាយទំនាស់ដោយសន្តិវិធីនៅកម្ពុជា តាំងពីអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ និង១៩៩០ ដែលកាលប្រវត្តិនេះ ជាគ្រឹះសម្រាប់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ឥណ្ឌូណេស៊ី លើគ្រប់វិស័យ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងក្របខណ្ឌអាស៊ាន។

នៅក្នុងជំនួបនោះ សម្តេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ឯកឧត្តមប្រធានាធិបតី ដែលជាមិត្តចាស់ ដោយសម្តេចនិងឯកឧត្តមបានស្គាល់គ្នាជាង ៣០ ឆ្នាំមកហើយ។ សម្តេចបន្តថា កម្ពុជាមានចំណងមិត្តភាពជាមួយឥណ្ឌូណេស៊ីជាង ៣៧ ឆ្នាំ ចាប់តាំងពីចរចាស្វែងរកសន្តិភាពមក។ ដូច្នេះ សមិទ្ធផលកម្ពុជានៅពេលនេះ មិនអាចកាត់ផ្តាច់ពីការជួយរបស់ឥណ្ឌូណេស៊ីឡើយ ដោយសម្តេចសូមគោរពចំពោះការចូលរួមរបស់ឥណ្ឌូណេស៊ី ក្នុងការជួយដល់កម្ពុជា។ សម្តេចតេជោ បន្តថា កម្ពុជានិងឥណ្ឌូណេស៊ី ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតទាំងនៅក្របខណ្ឌទ្វេភាគី និងអាស៊ាន។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានអបអរសាទរចំពោះជោគជ័យនៃការបោះឆ្នោតកន្លងទៅ ដែលឯកឧត្តមប្រធានាធិបតី ដែលទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី។ សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា លើកឡើងទៀតថា ថ្មីៗនេះ ឥណ្ឌូណេស៊ី បានក្លាយជាអធិរាជផ្នែកស្បៀង ហើយក៏ជាអធិរាជផ្នែកសន្តិសុខឋាមពលផងដែរ តែកម្ពុជាវិញ មានសន្តិសុខស្បៀង តែខ្វះសន្តិសុខឋាមពល ។ សម្តេចតេជោ បន្តថា ប្រទេសយើងទាំងពីរមានសហប្រតិបត្តិការល្អ ហើយសម្តេចសង្ឃឹមថា ភាគីទាំងពីរនឹងអាចជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត នូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការហោះហើរ ឱ្យខ្លាំងក្លាថែមទៀត ។
នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ក៏បានជម្រាបទៅលើប្រធានាធិបតីឥណ្ឌូណេស៊ី ពីការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជាចំពោះឯកឧត្តមក្នុងការបំពេញទស្សនកិច្ចនៅកម្ពុជានៅពេលសមស្រប។ សម្តេចតេជោ បញ្ជាក់ថា កន្លងទៅ មានប្រធានាធិបតីឥណ្ឌូណេស៊ីជាច្រើនបានទៅទស្សនកិច្ចនៅកម្ពុជា។

ជាការឆ្លើយតបលោកប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានអរព្រះគុណព្រះករុណា ព្រះមហាក្សត្រកម្ពុជា ចំពោះការអញ្ជើញ រូបឯកឧត្តម ហើយឯកឧត្តមប្រធានាធិបតី បានជម្រាបសម្តេចតេជោថា ឯកឧត្តម សូមទទួលយក និងទៅបំពេញទស្សនកិច្ចនៅកម្ពុជា នៅពេលខាងមុខ។ ឯកឧត្តមប្រធានាធិបតី ក៏បានផ្តាំតាមសម្តេចតេជោ ឲ្យនាំនូវសេចក្តីនឹករលឹកពីឯកឧត្តម ថ្វាយព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ បន្ថែមពីលើនេះ ឯកឧត្តម ប្រាបូវ៉ូ បានជម្រាបសម្តេចតេជោទៀតថា ក្នុងរយៈពេល ៦ ខែ ដែលឯកឧត្តម ធ្វើជាប្រធានាធិបតីឥណ្ឌូណេស៊ី ប្រទេសឥណ្ឌូនេស៊ី បានទទួលសមិទ្ធផល ខាងផ្នែកសន្តិសុខស្បៀង ជាមួយនឹងការយកចិត្តទុកដាក់សន្តិសុខឋាមពល ជាពិសេសជំរុញវិនិយោគផ្នែកសន្តិសុខឋាមពល។
ឯកឧត្តមបន្តថា ឥណ្ឌូណេស៊ី ចង់ឲ្យកម្ពុជាចុះអនុស្សារណៈនៃការយោគយល់គ្នា លើផ្នែកនេសាទ ហើយឥណ្ឌូណេស៊ី ត្រៀមឲ្យមានកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនឯកជនផ្នែកនេសាទនិងឋាមពលនៃប្រទេសទាំងពីរ។ ចំណែកពាក់ព័ន្ធនឹងការហោះហើររវាងប្រទេសទាំងពីរឯកឧត្តម ប្រាបូវ៉ូ លើកឡើងថា បច្ចុប្បន្ននេះ ជើងហោះហើររបស់ក្រុមហ៊ុន AirAsia Cambodia មានជើងហោះហើរទៅកោះបាលី របស់ឥណ្ឌូណេស៊ី ឯក្រុមហ៊ុនឥណ្ឌូណេស៊ី ក៏កំពុងសិក្សាដើម្បីបើកជើងហោះហើរទៅខេត្តសៀមរាបផងដែរ។

នៅចុងក្រោយនៃជំនួប សម្តេចតេជោ និងឯកឧត្តម ប្រាបូវ៉ូ ពេញចិត្តនឹងកិច្ចសហប្រតិបត្តិការរវាងយោធានិងយោធានៃប្រទេសទាំងពីរដែលមានសន្ទុះល្អ ហើយមេដឹកនាំទាំងពីរបន្តជំរុញឲ្យពង្រីកបន្ថែម។លើសពីនេះ ភាគីទាំងពីរជជែកពីការសហការគ្នាដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន លើបទឆបោកតាមអនឡាញនិងបញ្ហាគ្រឿងញៀនជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *