(កណ្តាល)៖ ពាក់ព័ន្ធទំនាស់ដីធ្លីរ៉ាំរ៉ៃ១កន្លែង នៅស្រុកកៀនស្វាយ ធ្វើឱ្យអតីតផ្កាយ២យោធាម្នាក់ កំពុងស្រែកដង្ហើយរកយុត្តិធម៌ ដោយថាដីដែលខ្លួនខំចំណាយលុយទិញ បែរជាត្រូវគេក្លែងឯកសារ”កោសលុប បំបាត់ឈ្មោះគាត់ចេញពីក្នុងលិខិតដើម”រួចរត់ការធ្វើ(ប្លង់រឹង)បានសម្រេច លុះគាត់ប្ដឹងតវ៉ាសុំរំលាយប្លង់ រយៈពេល៧ឆ្នាំហើយមិនបានផល..!!។
ទន្ទឹមនិងនោះ ក៏មានការប្ដឹងចោទប្រកាន់គ្នាទៅវិញទៅមក និងច្រើនលើកច្រើនសារ.បណ្ដាលឱ្យភាគីអតីតឧត្ដមសេនីយ៍ទោ ត្រូវចាញ់ក្ដីជាប់ពន្ធនាគារ.អស់ក្របខ័ណ្ឌ និងសងសំណងទៅភាគីម្ខាងទៀត ធ្វើឱ្យអតីតផ្កាយ២រូបនេះ កាន់តែឈឺចាប់ខ្លាំងថែម១កម្រិតទៀត និងសុំឱ្យតុលាការចាប់ខ្លួន ភាគីទំនាស់ពីបទ៖ ក្លែងឯកសារនិងប្រើប្រាស់លិខិតក្លែង..!!។សូមជម្រាបថា ដីដែលកំពុងមានទំនាស់នោះទំហំ.៣៧.៦១៧ម៉ែត្រការ៉េ ស្ថិតនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
-ភាគីអ្នកប្ដឹងតវ៉ានិងកំពុងដង្ហើយរកយុត្តិធម៌ឈ្មោះ សូយ ចាន់សឿន(ហៅវ៉ា) ភេទប្រុសអាយុ៤៩ឆ្នាំ នៅផ្ទះលេខ៣១០Eo ផ្លូវព្រះមុនីវង្ស ភូមិទី៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អតីតនាយទាហានផ្កាយ២នៃក្រសួងការពារជាតិ។
-ចំណែកភាគីម្ខាងទៀត ដែលមានប្លង់រឹង.ឈ្មោះ កើត ខេង ភេទប្រុសអាយុ៥៤ឆ្នាំ នៅផ្ទះលេខ១៥៥A ផ្លូវលេខ៤៣០ កែងផ្លូវលេខ១៩៩ ភូមិទី៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
-ជុំវិញរឿងនេះលោក សូយ ចាន់សឿន បានប្រាប់”ដើមរាំង”ថា ខ្លួនពិតជារងនូវភាពអយុត្តិធម៌ខ្លាំងណាស់.ដីក៏ត្រូវគេយក.ខ្លួនក៏រងការផ្ដន្ទាទោសពីតុលាការជាបន្តបន្ទាប់.!។
ទាំងដែលដើមហេតុដំបូង ដីរបស់គាត់ ត្រូវគេខ្ចីយកទៅដាក់បញ្ចាំ ជាង៣០.០០០$..!។
លុះកូនបំណុល បង់ការប្រាក់មិនទៀងទាត់.ស្រាប់តែម្ចាស់បំណុលឈ្មោះ(កើត ខេង)និងកូនបំណុល រួមដៃគ្នាក្លែងឯកសារ កោសលុបត្រង់ចំណុចឈ្មោះខ្លួន និងថ្ងៃ.ខែ.ឆ្នាំ.កំណើតចេញ ដែលមានក្នុងលិខិតទិញលក់ច្បាប់ដើម ជាមួយឈ្មោះ សូ បិនឡា។
បើតាមលោក សូយ ចាន់សឿន ក្រោយគេកោសលុប ឈ្មោះលោកចេញហើយ លិខិតនោះនៅសល់តែឈ្មោះ សូ បិនឡា.តែម្នាក់គត់..!។
រួចពួកគេក្លែងពីលិខិតដាក់បញ្ចាំ-ទៅជាលិខិតទិញលក់ដីផ្ដាច់ ក្នុងតម្លៃជាង១៥ម៉ឺនដុល្លារ ទាំងដែលរូបលោក ពុំបានដឹងរឿងអ្វីសោះ នៅពេលនោះ…!!។
-ផ្អែកលើលិខិតផ្ទេរកម្មសិទ្ធ មិនប្រក្រតីនេះហើយ ដែលម្ចាស់បំណុលឈ្មោះ(កើត ខេង)យកធ្វើជាមូលដ្ឋាន ទៅលួចរត់ការធ្វើ(ប្លង់រឹង)យកដីតែម្ដង.លុះខ្លួនប្ដឹងតវ៉ាសុំរំលាយប្លង់៧ឆ្នាំហើយ គ្មានប្រសិទ្ធភាពទាល់តែសោះ!។
លោក សូយ ចាន់សឿន បន្តថាដំបូងឡើយ នៅឆ្នាំ២០០៧ រូបលោករួមនិងឈ្មោះ សូ បិនឡា ភេទប្រុសអាយុ៤៦ឆ្នាំ នៅផ្ទះលេខ១០A ផ្លូវលេខ២៣២ ភូមិមួយ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ(ស្លាប់) បានទិញដីត្រង់ចំណុចខាងលើចូលគ្នានិងមានឈ្មោះទាំង២នាក់.ហើយឯកសារទិញលក់នោះគឺឈ្មោះ សូ បិនឡា ជាអ្នកទុកដាក់និងថែរក្សា។
លុះដល់អំឡុងឆ្នាំ២០១៦ ស្រាប់តែឈ្មោះ ជា ឡង់ឌី ភេទប្រុសអាយុ៤៣ឆ្នាំ នៅភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលត្រូវជាមិត្តភ័ក្ដ របស់ឈ្មោះ សូ បិនឡា បានមកនិយាយបញ្ចុះបញ្ចូលឈ្មោះ សូ បិនឡា ថាខ្លួនត្រូវការលុយចាំបាច់! និងលួងលោមឈ្មោះ សូ បិនឡា ឱ្យយកដីត្រង់ចំណុចខាងលើ ទៅដាក់បញ្ចាំឱ្យឈ្មោះ កើត ខេង ក្នុងតម្លៃ៣៥.០០០$(បីម៉ឺនប្រាំពាន់ដុល្លារ)។
ដោយពេលនោះឈ្មោះ កើត ខេងម្ចាស់បំណុល តម្រូវឱ្យម្ចាស់ដីផ្ដិតមេដៃផ្ទេរកម្មសិទ្ធ ទៅឱ្យខ្លួនជាបណ្ដោះអាសន្ន សម្រាប់តម្កល់ទុក និងធានាបំណុល!!។
ប៉ុន្តែដោយឯកសារនោះមានឈ្មោះ២នាក់ គឺលោក សូយ ចាន់សឿន និងឈ្មោះ សូ បិនឡា ទើបពួកគេ កោសលុបឈ្មោះ សូយ ចាន់សឿនចេញពីក្នុងលិខិត ដើម្បីងាយស្រួលផ្ដិតមេដៃ តាមការបង្គាប់បញ្ជាពីម្ចាស់បំណុលឈ្មោះ កើត ខេង និងផ្ទេរកម្មសិទ្ធិ..!។
-លោក សូយ ចាន់សឿន បន្ថែមថា នៅមុនស្លាប់ឈ្មោះ សូ បិនឡា បានប្រាប់មកលោកថាខ្លួន ពិតជាបានផ្ដិតមេដៃឱ្យឈ្មោះ ជា ឡង់ឌី និងឈ្មោះ កើត ខេង ជាបន្តបន្ទាប់ប្រាកដមែន!។
ប៉ុន្តែការផ្ដិតមេដៃនោះ គឺជាការបញ្ចាំដីនិងខ្ចីប្រាក់បន្ថែមប៉ុណ្ណោះ ដោយមិននឹកស្មានថា ជាលិខិតទទួលប្រាក់កក់.ប្រាក់បង្គ្រប់ ឬប្រាក់លក់ដីផ្ដាច់ក្នុងតម្លៃជាង១៥ម៉ឺនដុល្លារ នោះឡើយ…!។
លោក សូយ ចាន់សឿន លើកឡើងយ៉ាងដូច្នេះថា ខ្ញុំបានជាប់គុក និងអស់ក្របខ័ណ្ឌ ដោយសាររូបលោក ប្ដឹងតវ៉ាក្នុងទំនាស់ដីខ្លួនឯង ត្រង់ចំណុចខាងលើ.និយាយជារួម ដីក៏អស់.ខ្លួនក៏ជាប់គុក ក្របខ័ណ្ឌរដ្ឋក៏អស់ទៀត.លុះចេញពីគុក លោកបន្តប្ដឹងទៀត.!!។
-ទោះជាយ៉ាងណាក្ដីនៅថ្ងៃទី១៧.០៤.២០២៥ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌
បានចេញអធិបញ្ជាឱ្យចោទប្រកាន់ឈ្មោះ កើត ខេង និងឈ្មោះ សូ បិនឡា ពីបទ៖ ក្លែងឯកសារ និងប្រើប្រាស់លិខិតក្លែង ជាបន្ទាន់!។
បន្ទាប់មកនៅថ្ងៃទី៣០.០៤.២០២៥ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ
ក៏បានធ្វើការចោទប្រកាន់ឈ្មោះ កើត ខេង និងឈ្មោះ សូ បិនឡា ដើម្បីចាត់ការតាមនីតិវិធី ប៉ុន្តែរហូតមកទល់និងពេលនេះ ពុំទាន់មានការចាប់ខ្លួននៅឡើយ.!!។
-ដើម្បីឱ្យមានចម្លើយទាំងសងខាងនៅថ្ងៃទី០៩.០៥.២០២៥”ដើមរាំង”បានសុំការបំភ្លឺពីលោក កើត ខេង ក្នុងនោះគ្រាន់តែឮប្រាប់ថា”ដើមរាំង”លោកចុចបិទទូរស័ព្ទមិនបកស្រាយ!!។
លុះដល់រសៀលទី១១.០៥.២០២៥”ដើមរាំង”បានព្យាយាមសុំការអត្ថាធិប្បាយពីលោក កើត ខេង ម្ដងទៀត ដោយទូរស័ព្ទរបស់លោក ខលលែងចូលតែម្ដង.!។
ទោះយ៉ាងណាក៏ដោយលោក សូយ ចាន់សឿន សូមស្នើយ៉ាងទទូចដល់តុលាការខេត្តកណ្ដាល មេត្តារំលាយ(ប្លង់រឹង)ដីត្រង់ចំណុចខាងលើដោយក្ដីអនុគ្រោះ និងសុំឱ្យតុលាការរាជធានីភ្នំពេញ ចេញដីកាចាប់ខ្លួនឈ្មោះ កើត ខេង ដើម្បីយកមកអនុវត្តទោស កុំឱ្យជនត្រូវចោទរូបនេះ មានឱកាស ប្រព្រឹត្តបទល្មើស បង្កភាពឈឺចាប់ដល់ខ្លួនតទៅទៀត៕