ឃុំខ្លួនជនត្រូវចោទម្នាក់ ករណីប្រើឧបករណ៍ ឆក់ត្រីក្នុងតំបន់អភិរក្សត្រីមេពូជ!

(ស្ទឹងត្រែង)៖ តុលាការខេត្តស្ទឹងត្រែង បានសម្រេចឃុំខ្លួន ជនត្រូវចោទម្នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្នពីបទ ប្រើឧបករណ៍ឆក់ត្រី ក្នុងតំបន់អភិរក្សត្រីមេពូជរាមសារ បន្ទាប់ពីក្រុមការពារតំបន់អភិរក្សដេញចាប់បាន! ។

ករណីនេះ កាលពីថ្ងៃទី២៨ ខែធ្នូនៅម្តុំបន្ទាយកោះកាង ក្នុងភូមិថ្មី សង្កាត់សាមគ្គី ក្រុង/ខេត្តស្ទឹងត្រែង កម្លាំងជំនាញការពារតំបន់អភិរក្សត្រីមេពូជរាមសារ សហការជាមួយប្រជាសហគមន៍នេសាទភូមិថ្មី បានដេញចាប់ជនប្រព្រឹត្តល្មើសនេសាទ ជាមួយឧបករណ៍ឆក់ត្រី។

មន្ត្រីដដែលបានបន្តថា ជនត្រូវចោទឈ្មោះ អាន សំផន អាយុ៣៥ឆ្នាំ នៅភូមិវាលខ្សាច់ ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
កន្លងមកជនសង្ស័យតែងបានធ្វើសកម្មបទល្មើស ឆក់ត្រីដែលសមត្ថកិច្ច និងអាជ្ញាធរពិបាកក្នុងការតាមចាប់ណាស់ ដោយជនល្មើសបានគេចខ្លួនយ៉ាងរហ័ស។ទើបពេលនេះកម្លាំងបានពួនស្ទាក់ចាប់បានតែម្តង។

ពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូត ឧបករណ៍ឆក់ត្រីខ្នាតធំមូយគ្រឿង អាគុយចំនួន២ និងទូកមានម៉ាស៊ីនមួយគ្រឿង ហើយបានបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមច្បាប់។
នៅថ្ងៃទី២៩ ខែធ្នូឆ្នាំ២០២៣ តុលាការបានបញ្ជាឱ្យសមត្ថកិច្ចនាំខ្លួនជនត្រូវចោទទៅដាក់ពន្ធនាគារ ដើម្បីរង់ចាំបើកសវនាការពេលក្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *