(ភ្នំពេញ)៖ មន្ត្រីជំនាញនគរបាលរាជធានីភ្នំពេញ កំពុងបន្តនីតិវិធី ក្រោយអ្នកបើករថយន្ត ម៉ាកHummer ។
ដែលបុកម៉ូតូបណ្តាលឱ្យម្តាយកូនស្លាប់ និងប្តីរងរបួសធ្ងន់ បានចូលសារភាពកំហុស នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែធ្នូ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ជនបង្កដែលជាអ្នកបើករថយន្ដ Hummer ឈ្មោះ យ៉េត ច័ន្ទគ្រិះស្នា អាយុ២៧ឆ្នាំ ស្នាក់នៅភូមិ/សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
ក្រោយចូលមកសារភាពកំហុស នៅពេលនេះមន្ត្រីនគរបាលជំនាញ កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។
គួររំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៥ ខែធ្នូនៅផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ហើយរថយន្ដបានបើកគេចបាត់។
ម៉ូតូជនរងគ្រោះម៉ាក NEX ផ្លាកលេខព្រៃវែង1Q-7635 ជិះគ្នា៣នាក់ ដោយមានប្ដីប្រពន្ធ និងកូនអាយុ២ឆ្នាំ។ចំណែករថយន្តបង្កសាក្សីស្គាល់ម៉ាកHummer បានបុកម៉ូតូចំពីខាងក្រោយពេញទំហឹង។
គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលស្ត្រីម្នាក់ស្លាប់ឈ្មោះ គ្រួចសាមិត្ត អាយុ២០ឆ្នាំ កូនអាយុ២ឆ្នាំស្លាប់ជាមួយម្តាយ។
រីឯប្តីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះបន្ទាន់។ជនរងគ្រោះនៅភូមិដីថុយ ឃុំដីថុយ ស្រុកបាភ្នំ ខេត្តព្រៃវែង៕