កាលពីយប់ថ្ងៃសុក្រសប្តាហ៍នេះ ក្រសួងសុខាភិបាល នៃតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) ។
ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានអះអាងថា មនុស្សកើនដល់ចំនួនយ៉ាងហោច ២១,៥០៧នាក់ហើយ បានបាត់បង់ជីវិត នៅក្នុងដែនដីប៉ាឡេស្ទីនមួយនេះ ។
គិតចាប់តាំងតែពីសង្រ្គាមជាមួយអ៊ីស្រាអែល បានផ្ទុះឡើងកាលពី១២សប្តាហ៍កន្លងមក។
ក្រសួងសុខាភិបាល ហ្កាហ្សាបាននិយាយថា តួលេខខាងលើ រួមបញ្ចូលទាំងអ្នកស្លាប់ចំនួន១៨៧នាក់ថ្មី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ។
ហើយមនុស្សប្រមាណជិត ៥៦,០០០នាក់ផ្សេងទៀត នៅក្នុងតំបន់នេះ ក៏បានរងរបួសផងដែរអំលុងការប្រយុទ្ធគ្នា។
យោងតាមអង្គការសហប្រជាជាតិ (UN) ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលាមក ប្រហែលជាង៨០ភាគរយ នៃចំនួនប្រជាជនសរុប២.៤លាននាក់នៅ Gaza ត្រូវបានបង្ខំឱ្យរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានប្តេជ្ញាយ៉ាងមុតមាំ ក្នុងការកម្ទេចពួកហាម៉ាសនៅតំបន់ Gaza ដើម្បីសងសឹកសម្រាប់ការឆ្មក់វាយប្រហារ របស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ លើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ។
ដែលបានសម្លាប់មនុស្ស១,១៤០នាក់ ភាគច្រើនជាជនស៉ីវិល។
យោងតាមអ៊ីស្រាអែល អំលុងការវាយប្រហារនោះ មនុស្សប្រមាណជា២៥០នាក់ ត្រូវបានចាប់យកធ្វើជាចំណាប់ខ្មាំង ។
ខណៈជាងពាក់កណ្តាលក្នុងចំណោមពួកគេ កំពុងស្ថិតក្រោមកណ្តាប់ដៃរបស់ហាម៉ាស នៅឡើយ ហើយក៏មានចំណាប់ខ្មាំងមួយចំនួន ស្លាប់ផងដែរ៕