(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា គូសបញ្ជាក់ថា អ្នកមិនអាចគូសផែនទីតាមតែចិត្តអ្នកចង់បាននោះទេ កិច្ចព្រមព្រៀងបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ គឺជាមូលដ្ឋាននៃឯកសារ ដែលត្រូវពង្រីកផែនទី អ្នកមិនអាចគូសផែនទីដោយចិត្តចង់របស់អ្នក អ្នកមិនអាចប្រើប្រាស់ខ្នាតផែនទី ១/៥០,០០០ របស់អ្នក ហើយបំពានលើអធិបធិបតេយ្យភាពកម្ពុជាបានោះទេ។
នៅក្នុងពិធីសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នៅវិមានរដ្ឋសភា នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានទទួលព័ត៌មានជាបន្តបន្ទាប់ ហើយរំលឹកទៅដល់អ្នកទាំងឡាយណាដែលមានបំណងអាក្រក់ប្រឆាំងជាមួយឯករាជ្យ អធិបតេយ្យភាពកម្ពុជា អំពី ការប្រើប្រាស់ផែនទីខ្នាត១/៥០,០០០។ យើងយល់អំពីផែនទី ទោះបីជាអ្នកប្រើផែនទី ១/១០០,០០០ ១/២០០,០០០ ១/៥០,០០០ ឬ១/២៥,០០០ អាស្រ័យទៅលើអ្នក ប៉ុន្តែត្រូវតែច្បាស់អំពី ប្រភពចេញដំណើរនៃផែនទី។ អ្នកមិនអាចគូសផែនទីខ្នាត ១/៥០,០០០ ម្នាក់ឯងតាមចិត្តរបស់អ្នក ចង់បាននោះទេ។ កិច្ចព្រមព្រៀងបារាំង-សៀម ឆ្នាំ១៩០៤ ឆ្នាំ១៩០៧ គឺជាមូលដ្ឋាននៃឯកសារដែល ត្រូវពង្រីកផែនទី អ្នកមិនអាចគូសផែនទីដោយចិត្តចង់របស់អ្នក អ្នកមិនអាចប្រើប្រាស់ខ្នាតផែនទី ១/៥០,០០០ របស់អ្នក ហើយបំពានលើអធិបតេយ្យជាតិរបស់កម្ពុជាបានទេ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាមិនមែនជាក្មេងបៀមដៃសម្រាប់អ្នកប្រមាថ និងបោកបញ្ឆោតឈ្លានពានតាមអំពើចិត្តទេ។ ព្រះបរមរតនកោដ្ឋ ព្រះបិតាជាតិរបស់យើង ព្រះអង្គបានយកឈ្នះក្តីតាមរយៈផែនទីនេះឯង ហើយ យើងក៏នៅបន្តរក្សានូវការប្រើប្រាស់ខ្នាតផែនទីដើមដែលភ្ជាប់ទៅនឹងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា សូម្បីតែព្រំដែនកម្ពុជា-វៀតណាម ព្រំដែនកម្ពុជា-ឡាវ ត្រូវផ្ទេរពីផែនទីបោនខ្នាត១/១០០,០០០ មកផែនទី UTM ខ្នាត ១/៥០,០០០ ក៏នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីវៀតណាម ធ្វើលិខិតផ្ញើជូនទៅប្រធានាធិបតីបារាំង នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីឡាវ បានធ្វើលិខិតទៅប្រធានាធិបតីបារាំង ដើម្បីសុំឱ្យអ្នកបច្ចេកទេសបារាំង ផ្ទេរផែនទីពីផែនទីខ្នាត១/១០០,០០០ មកផែនទីខ្នាត ១/៥០,០០០។ ដូច្នេះ អ្នកមិនអាចនឹងគូសផែនទីផ្តេសផ្តាសហើយបំពានលើអធិបតេយ្យរបស់យើងបានទេ។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា កម្ពុជាមានតម្លាភាពចំពោះការប្រើប្រាស់ផែនទី។ ផែនទីចោរដែលឈ្លានពានយើងកាលពីឆ្នាំ២០០៨ គឺមិនគប្បីត្រូវបានប្រើប្រាស់ទៀតទេ យើងសូមប្រាប់អ្នកឱ្យបានដឹង៕