Update៖ អ៊ីស្រាអែល ប្រកាសពង្រីកប្រតិបត្តិការយោធាជើងគោកនៅក្នុងតំបន់ហ្គាហ្សា!

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសកាលពីថ្ងៃចន្ទ(ទី២ខែមិថុនា)ថា កងទ័ពរបស់ខ្លួនបានពង្រីកប្រតិបត្តិការយោធាថ្មើរជើងនៅក្នុងតំបន់ហ្គាហ្សា ក្នុងរយៈពេលមួយថ្ងៃចុងក្រោយនេះ។

ប្រភពពីសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី០២ ខែមិថុនា ឆ្នាំ២០២៥។

ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីមានបទបញ្ជាមួយដែលចេញកាលពីថ្ងៃអាទិត្យ ដោយអគ្គមេបញ្ជាការកងទ័ពអ៊ីស្រាអែល លោក អ៊ីយ៉ាល់ ហ្សាមៀ (Eyal Zamir) ដើម្បីពង្រីកការវាយលុកតាមផ្លូវគោកទៅកាន់តំបន់បន្ថែមទៀត ទាំងនៅភាគខាងជើង និងភាគខាងត្បូងនៃតំបន់ហ្គាហ្សា។
យោងតាម IDF កងទ័ពរបស់ខ្លួនបានសម្លាប់ក្រុមសកម្មប្រយុទ្ធ និងបានរុះរើឃ្លាំងស្តុកអាវុធ ព្រមទាំងទីតាំងហេដ្ឋារចនាសម្ព័ន្ធទាំងនៅលើដី និងក្រោមដី។
លើសពីនេះទៀត កងទ័ពអាកាសអ៊ីស្រាអែលបានវាយប្រហារលើគោលដៅរាប់សិបកន្លែងនៅទូទាំងតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃអាទិត្យមក ដោយរួមមានក្រុមភេរវករ រចនាសម្ព័ន្ធយោធាដែលជាកម្មសិទ្ធិរបស់អង្គការភេរវកម្មក្នុងតំបន់ហ្គាហ្សា ផ្លូវរូងក្រោមដី ឃ្លាំងស្តុកអាវុធ និងទីតាំងហេដ្ឋារចនាសម្ព័ន្ធភេរវកម្មបន្ថែមទៀត។
ការកើនឡើងនៃការប្រយុទ្ធគ្នានេះ កើតមានឡើងបន្ទាប់ពីមានការខ្វែងគំនិតគ្នានៅក្នុងការចរចាដោយប្រយោលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ជុំវិញសំណើរបស់សហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់៕

Leave a Reply

Your email address will not be published. Required fields are marked *