អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres កាលពីថ្ងៃចន្ទ ទី២ ខែមិថុនា បានអំពាវនាវឱ្យមានការស៊ើបអង្កេតលើការសម្លាប់និងបង្កឱ្យជនជាតិប៉ាឡេស្ទីនរងរបួស នៅក្បែរទីតាំងចែកជំនួយមនុស្សធម៌ដែលគាំទ្រដោយអាមេរិក នៅក្នុងតំបន់ហ្កាហ្សាកាលពីពេលថ្មីៗនេះ។
ប្រភពពីសារព័ត៌មាន AFP។
លោក Guterres បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយដូច្នេះថាខ្ញុំមានការតក់ស្លុតនៅពេលបានដឹងពីសេចក្ដីរាយការណ៍ថាមានជនជាតិប៉ាឡេស្ទីនជាច្រើននាក់ ត្រូវបានសម្លាប់ និងរងរបួស ខណៈពួកគេកំពុងស្វែងរកជំនួយមនុស្សធម៌ក្នុងតំបន់ហ្កាហ្សា។ នេះជារឿងមិនអាចទទួលបាននោះទេដែលប្រជាជនប៉ាឡេស្ទីនកំពុងប្រថុយជីវិត របស់ពួកគេ ដើម្បីចំណីអាហារ។ ប្រមុខ UN រូបនេះផ្ទាល់ក៏បានអំពាវនាវឱ្យមានការស៊ើបអង្កេតដោយឯករាជ្យមួយផងដែរ ដើម្បីវែកមុខជនល្មើសមកទទួលខុសត្រូវតាមច្បាប់៕