(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជីមហ៊ុយ ទីប្រឹក្សាប្រធានព្រឹទ្ធសភា និងជាអតីតសមាជិករាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា ដែលបានទទួលមរណភាពកាលពីថ្ងៃ ទី៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២:៥០នាទីទៀបភ្លឺ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ។
សម្តេចតេជោ បានចាត់ទុកថា៖ មរណភាពរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត គឺជាការបាត់បង់ស្វាមី បិតា ជីតា ជាទីគោរព ស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់ឥស្សរជនស្នេហាជាតិដ៏ឧត្តុង្គឧត្តម ដែលបានបូជា កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី រហូតដល់បច្ឆិមវ័យ រួមចំណែកយ៉ាងសកម្មបំផុតក្នុងការស្តារ និងអភិវឌ្ឍ ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្តម បានបន្សល់ទុកនូវស្នាដៃជាច្រើននៃស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិប្បញ្ញត្តិ ដ៏ច្រើននីតិកាល នៃរដ្ឋសភា និងព្រឹទ្ធសភា ក្នុងវិស័យអប់រំ សិក្សាធិការ បណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស ព្រមទាំងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ និងលើកកម្ពស់សិទ្ធិ មនុស្សនៅកម្ពុជា។
សម្តេច សូមចងចាំនូវគំរូវីរភាព មនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តម និងសូមចូលរួមរំលែក ទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ក្នុងលោក តេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជីមហ៊ុយ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕