ឯកសារប្រកាសទ្រព្យសម្បត្តិ ចំនួន៧.៦៥៤រូប បានទៅដល់អង្គភាពប្រឆាំងអំពើពុករលួយ!

(ភ្នំពេញ)៖ ឯកសារប្រកាសទ្រព្យសម្បត្តិមានចំនួន៧.៦៥៤រូប បានទៅដល់អង្គភាពប្រឆាំងអំពើពុករលួយហើយ កាលពីថ្ងៃដំបូងថ្ងៃទី០១ ខែមករាឆ្នាំ២០២៤។

មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា ACU បានឱ្យដឹងថា ជាថ្ងៃដំបូងនៃការប្រកាសទ្រព្យសម្បត្តិ តាមរបប២ឆ្នាំ ឆ្នាំ២០២៤នេះ ACU បានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសចំនួន៧.៦៥៤រូបហើយ និងមានក្រសួងស្ថាប័នមួយចំនួនបានបញ្ចប់ការប្រកាស១០០ភាគរយ។

អង្គភាពACU បានឱ្យដឹងទៀតថា គិតពីម៉ោង៨ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃនេះគឺជាថ្ងៃដំបូងនៃការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប២ឆ្នាំ ឆ្នាំ២០២៤នេះនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុលបានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលចំនួន៧.៦៥៤រូប ។
ធ្វើឱ្យឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ស្មើនឹង៤១,៨៧ភាគរយ នៃចំនួនត្រូវប្រកាសសរុប១៨.២៧៩រូប។

ACU បានបញ្ជាក់ជូនថា ក្រសួង ស្ថាប័ន និងរាជធានី ខេត្ត ដែលបានបញ្ចប់ការប្រកាសរបស់ខ្លួន១០០ភាគរយនោះ រួមមានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ ខេត្តប៉ៃលិន ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តព្រះវិហារ និងខេត្តកំពង់ចាម។
ការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប០២ឆ្នាំ ឆ្នាំ២០២៤នេះ ដំណើរការមួយខែពេញនៃខែមករានេះ គឺចាប់ពីវេលាម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤៕

Leave a Reply

Your email address will not be published. Required fields are marked *