នៅថ្ងៃសុក្រ(ទី១៣ខែមិថុនា) មន្ត្រីអ៊ីស្រាអែលម្នាក់ បាននិយាយថាការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ ទំនងជាបានសម្លាប់លោក Mohammad Bagheri ដែលជានាយសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់។
ប្រភពពីសារព័ត៌មាន AFP។
មន្ត្រីអ៊ីស្រាអែលខាងលើ បាននិយាយថាទំនងជានាយសេនាធិការកងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់ និងអ្នកវិទ្យាសាស្ត្រជាន់ខ្ពស់មួយចំនួនត្រូវបានសម្លាប់នៅក្នុង ការវាយប្រហារតាមផ្លូវអាកាស។ ប៉ុន្តែ ខាងអ៊ីរ៉ង់មិនទាន់ធ្វើអត្ថាធិប្បាយអ្វីឡើយទេ ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថាមានជនស៊ីវិលមួយចំនួននាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារ របស់អ៊ីស្រាអែលលើអគារក្នុងទីក្រុងតេហេរ៉ង់។
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu វិញបានទទួលស្គាល់ថាអ៉ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយថាប្រតិបត្តិការយោធាប្រឆាំងអ៊ីរ៉ង់នឹងបន្តធ្វើឡើងជាច្រើនថ្ងៃ ឬរហូតទាល់តែអ៊ីស្រាអែលមានអារម្មណ៍ថាការគំរាមកំហែងត្រូវបានលុបបំបាត់៕