ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍នៅអង្គារនេះថា មេដឹកនាំគណបក្សប្រឆាំងរបស់កូរ៉េខាងត្បូង។
លោក Lee Jae-myung ត្រូវជនមិនស្គាល់អត្តសញ្ញាណម្នាក់លួចចាក់ចំ ក អំឡុងពេលចុះទៅកាន់ទីក្រុងកំពង់ផែ Busan ភាគអាគ្នេយ៍ ។
ការវាយប្រហារលើលោក Lee ប្រធានគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងដ៏ធំរបស់កូរ៉េខាងត្បូងកើតមានឡើងនៅវេលាម៉ោង១០ និង ២៧ នាទីព្រឹកថ្ងៃអង្គារនេះ ។
អំឡុងពេលដែលលោកកំពុងផ្ដល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន ក្រោយលោកបចុះទៅពិនិត្យ មើលការដ្ឋានសាងសង់ព្រលានយន្តហោះថ្មីនៅលើកោះ Gadeok របស់ទីក្រុង Busan ។
លោក Lee ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យប្រមាណជា ២០ នាទីក្រោយការវាយប្រហារ ហើយលោកក៏មិនបានសន្លប់ ឬបាត់បង់ស្មារតីនោះដែរ ។
ប៉ុន្តែឈាមនៅតែបន្តហូរចេញពីកញ្ចឹងករបស់លោក ខណៈជនសង្ស័យត្រូវបានចាប់ខ្លួនឃាត់ខ្លួននៅនឹងកន្លែងដូចគ្នា ។
ទន្ទឹមនោះ សារព័ត៌មាន CNA ក៏បានផ្សាយដែរថា ក្រោយហេតុការណ៍ចាក់ ក នេះហើយ លោក Lee ដែលមានវ័យ ៥៩ ឆ្នាំត្រូវបានគេដាក់ដេកនៅលើដី ខណៈអ្នកផ្សេងទៀតដែលនៅជុំវិញលោកបានយកកន្សែងបិទឈាមដែលកំពុងហូរច្រាលចេញពីករបស់លោកផងដែរ ។
គួរបញ្ជាក់ថា លោក Lee គឺជាបេក្ខភាពប្រកួតប្រជែងដ៏ស្វិតស្វាញជាមួយលោកប្រធានាធិបតី Yoon Suk Yeol ក្នុងការបោះឆ្នោតកាលពីឆ្នាំ ២០២២ ។
ខណៈមេដឹកនាំបក្សប្រឆាំងរូបនេះក៏ធ្លាប់មានរឿងក្ដីក្ដាំពាក់ព័ន្ធនឹងអំពើពុករលួយផងដែរ ប៉ុន្តែបានគេចផុតពីការចាប់ខ្លួនកាលពីខែកញ្ញាក្នុងការចោទប្រកាន់ពីបទស៊ីសំណូកក្នុងការផ្ទេរប្រាក់ ៨ លានដុល្លារទៅឲ្យកូរ៉េខាងជើងដោយខុសច្បាប់ ៕